ខេត្តក្រចេះ ៖ អ្នកជំងឺប្រុសស្រីក្មេងចាស់ចំនួនជាង១,៥០០នាក់ សុទ្ធសឹងជាពលរដ្ឋរស់នៅស្រុកព្រែកប្រសព្វ ដែលប្រឈមនឹងជំងឺទូទៅ បានទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃពីសម្ព័ន្ធក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមចលនាយុវជន ក១៥៧ ។
ក្រុមគ្រូពេទ្យសុទ្ធសឹងជាវេជ្ជបណ្ឌិតជំនាញៗ ប្រើប្រាស់បរិក្ខារពេទ្យទំនើបៗ និងឱសថល្អៗក្រោមការដឹកនាំដោយ លោកស្រី យឹម ឆៃលីន ប្រធានកិត្តិយស សហការណ៍ជាមួយយុវជន រួមនិងលោក វ៉ា ថន អភិបាល នៃគណអភិបាលខេត្តក្រចេះ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រែកប្រសព្វ មានរយៈពេលពេញមួយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ។ ពលរដ្ឋប្រុសស្រីក្មេងចាស់ដែលបានមកទទួលការព្យាបាល ក្នុងនោះភាគច្រើនប្រឈមនឹងជំងឺផ្សេងៗ រួមមានជំងឺទូទៅ ជំងឺវះកាត់ ជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ជំងឺសន្លាក់ ជំងឺកុមារ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ជំងឺមាត់ធ្មេញ ជំងឺផ្លូវចិត្ត កាមរោគ និងសើរស្បែក ក៏ដូចជាជំងឺផ្លូវចិត្ត គឺត្រូវទទួលបានការពិនិត្យឈាមព្រមទាំងផ្តល់ជូនថ្នាំពេទ្យក្រោយការព្យាបាល ។
ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជន លោកស្រី យឹម ឆៃលីន បានមានប្រសាសន៍ទៅកាន់ពលរដ្ឋសុទ្ធសឹងជាអ្នកជំងឺដែលមកទទួលសេវាព្យបាលទាំងចំនួនជាង១,៥០០នាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ។ ហើយនៅខេត្តក្រចេះ ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋជាលើកទី២ ដោយជាមួយនេះក៏មានពលរដ្ឋចំនួនរាប់ពាន់នាក់បានមកទទួលសេវាការព្យបាលមើលថែយ៉ាងយកចិត្តទុកដាក់ជំងឺពីក្រុមគ្រូពេទ្យ ។
លោកស្រីបានលើកឡើងថា សកម្មភាពការចុះមកពិនិត្យព្យាបាលជំងឺប្រជាជនដោយឥតគិតថ្លៃនេះ គឺក្នុងគោលបំណងជួយលើកកម្ពស់សុខភាពប្រជាជន ពិសេសដើម្បីឲ្យប្រជាពលរដ្ឋ ចំណេញពេលវេលាក្នុងការរកទទួលទាន និងធ្វើឲ្យពួកគាត់មានសុខភាពល្អជាប្រចាំដោយមិនចាំបាច់ចំណាយទៅលើការទិញថ្នាំពេទ្យ និងទៅរកគ្រូពេទ្យ និងសន្សំសំចៃថវិកាបានថែមទៀតផង ។ ហើយការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះដែរ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋនិងផ្តល់ក្តីស្រឡាញ់ជូនដល់កុមារកំព្រាដែលត្រូវឪពុកម្តាយបោះបង់ចោល ៕
ចែករំលែកព័តមាននេះ