ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ស្នើ​មន្ត្រី​ជំនាញ​ចុះ​ណែនាំ​សិប្បករ មុន​ចាត់វិធានការ​តាម​ផ្លូវច្បាប់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ទូ​ទាំង​ប្រទេស មាន​សហគ្រាស​ខ្នា​តូច ខ្នាត​មធ្យម និង​ធំ ជាង​៥០​ម៉ឺន​កន្លែង​ដែល​បាន​និង​កំពុង​ប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន ក្នុង​នោះ​មាន​តែ​ជាង​៥%​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ហើយ​សិប្បកម្ម​ភាគច្រើន​បង្កើត​ឡើង​ដោយ​ខ្លួនឯង និង​ពុំ​មានការ​ណែនាំ…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ទូ​ទាំង​ប្រទេស មាន​សហគ្រាស​ខ្នា​តូច ខ្នាត​មធ្យម និង​ធំ ជាង​៥០​ម៉ឺន​កន្លែង​ដែល​បាន​និង​កំពុង​ប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន ក្នុង​នោះ​មាន​តែ​ជាង​៥%​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ហើយ​សិប្បកម្ម​ភាគច្រើន​បង្កើត​ឡើង​ដោយ​ខ្លួនឯង និង​ពុំ​មានការ​ណែនាំ ឬ​រៀបចំ​ពី​មន្ត្រី​ជំនាញ​ឡើយ ដូច្នេះ ក្រសួង​បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ណែនាំ​ឲ្យ​បាន​ច្រើន​ដង មុន​នឹង​ឈាន​ដល់​ចំណាត់ការ​តាម​ផ្លូវច្បាប់ ។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើក​ឡើង ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម សិប្បកម្ម នៅ​សាលាខេត្ត​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា កន្លង​មក លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សង្កត់ធ្ងន់​ថា បច្ចុប្បន្ន កម្ពុជា​កំពុង​ធ្វើ​កំណែទម្រង់​លើ​វិស័យ​សិប្បកម្ម​ជា​បណ្តើរ​ៗ ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្រកួតប្រជែង​ទីផ្សារ ហើយ​នៅ​ពេល​ម្ចាស់​សិប្បកម្ម​ព្រម​ទទួលយក​ការ​អប់រំ​ណែនាំ​របស់​មន្ត្រី​ជំនាញ ដោយ​អនុវត្ត​តាម​បទដ្ឋាន​ត្រឹមត្រូវ​នោះ សិប្បកម្ម​របស់​ពួក​គាត់​នឹង​ឈាន​ដល់​ការ​ប្រកួត​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជា​ពុំខាន ។

លោក​ថ្លែង​ថា ៖« មន្ទីរ​ជំនាញ​ត្រូវ​ធ្វើការ​អប់រំ​ណែនាំ ពន្យល់​អំពី​ច្បាប់ បទដ្ឋាន​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ផ្លូវច្បាប់ ដល់​សិប្បករ​ទាំងអស់​ឲ្យ​បាន​១​ឬ​២​ដង មុន​នឹង​សម្រេច​បញ្ជូន​សំណុំរឿង ទៅ​កាន់​តុលាការ » ។
លោក​បន្ថែម​ថា ៖« យើង​កំពុង​តែ​អនុវត្ត​នូវ​ផ្នែក​មាត្រា​សាស្ត្រ​លើ​មុខទំនិញ​ផ្សេង​ៗ ដែល​ទិញ​ដោយ​ការ​ថ្លឹង​ទម្ងន់ និង​ទិញ​ដោយ​ការ​ប្រើ​រង្វាស់រង្វាល់ ជាដើម ដោយសារ​កន្លង​មក នៅ​តាម​ស្ថានីយ​ប្រេង​នានា​មានការ​លក់​ដោយ​កេង​បន្លំ​ប្រជាពលរដ្ឋ ដូច​ជា ចាក់​១០០​លី​ត្រ បាន​៩៥​លី​ត្រ និង​បន្លំ​គុណភាព ពី​ប្រេង​ធម្មតា​លក់​តម្លៃ​ប្រេង​ស៊ុប​ពែរ ជាដើម » ។

នៅ​ក្នុង​ឱកាស​នោះ លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឱ្យ​មន្ទីរ​ជំនាញ​ខិតខំ​រក​ដៃគូ​វិនិយោគ​លើ​ការ​ផលិត​ទឹក​ស្អាត​ឲ្យ​បាន​ច្រើន​ដល់ទី​ជនបទ​ផង​ដែរ ព្រោះ​ទឹក​ស្អាត​មាន​សារសំខាន់​ខ្លាំង​ណាស់ មិន​ដូច​ទឹក​អណ្ដូង ឬ​ទឹកទន្លេ ដែល​មាន​មេរោគ ឬ​មាន​សារធាតុ​អ្វី​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ប៉ះពាល់​ដល់​សុខភាព​ឡើយ ហើយ​ក៏​ត្រូវ​ធានា​ឲ្យ​បាន​ទាំង​និរន្តរភាព និង​គុណភាព​ផង​ដែរ ។

សហគ្រាស​ខ្នាត​តូច មធ្យម និង​ធំ របស់​កម្ពុជា បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ការងារ និង​ផ្ដល់​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ ហើយ​កំពុង​ដើរតួ​ជា​អ្នក​នាំ​ចេញ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ ។ ទោះជា​យ៉ាងនេះ​ក្ដី វិស័យ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​ពុំ​សូវ​មានការ​រីក​ចម្រើន ដោយសារ​កត្ដា​មួយ​ចំនួន​ដូច​ជា កង្វះខាត​ដើមទុន​, ប្រព័ន្ធ​គ្រប់គ្រង​នៅ​មាន​កម្រិត និង​កត្តា​បច្ចេកវិទ្យា ជាដើម ស្រប​ពេល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ជួយ​ជ្រោមជ្រែង​វិស័យ​នេះ​ផង​ដែរ ។
យោង​តាម​របាយការណ៍​ស្ដី​ពី ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច វិស័យ​ឧស្សាហកម្ម នឹង​បន្ត​រក្សា​កំណើន​រឹង​មាំ​ក្នុង​អត្រា​ប្រចាំឆ្នាំ​រង្វង់​១០%​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់ និង​ការ​បន្ត​កំណើន​នៃ​វិស័យ​កាត់ដេរ ស្រប​នឹង​សន្ទុះ​កំណើន​ខ្ពស់​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ទាំង​សម្រាប់​នាំ​ចេញ និង​បម្រើ​ទីផ្សារ​ក្នុងស្រុក ។

ចំណែក​វិស័យ​ឧស្សាហកម្ម​ផ្សេង​ទៀត​ត្រូវ​បាន​រំពឹង​ថា នៅ​រក្សា​បាន​នូវ​កំណើន​ល្អ​ដដែល​ក្នុង​រង្វង់​១១,៩%​ក្នុង​ឆ្នាំ​២០១៨ និង​១២,២%​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​ការ​ពង្រីក​ការ​វិនិយោគ​ដែល​មាន​ស្រាប់ និង​ការ​វិនិយោគ​ថ្មី ក្នុង​អនុ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ដែល​ជា​ជ​ន្ទ​ល់​កំណើន​មួយ​ដ៏​រឹង​មាំ រួម​មាន ៖ ការ​ផលិត​ម្ហូបអាហារ និង​ភេសជ្ជៈ​, គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​, គ្រឿងបន្លាស់​, គ្រឿងសង្ហារិម​, កង់ និង​ស៊ីម៉ងត៍ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ