ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបកំពូលអន្តរកូរ៉េ… រញ្ជួយពិភព​លោក​

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម​ទីភ្នាក់ងារ​កូរ៉េ​ព័ត៌មាន​ខាងត្បូង YONHAP បាន​ហៅ​ការ​ជួប​គ្នា​ជា​ប្រវត្តិ​សាស្ត្រ​ រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN…

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម​ទីភ្នាក់ងារ​កូរ៉េ​ព័ត៌មាន​ខាងត្បូង YONHAP បាន​ហៅ​ការ​ជួប​គ្នា​ជា​ប្រវត្តិ​សាស្ត្រ​ រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​​អ៊ុ​ន ដែល​បាន​ចាប់ផ្តើម ​នា​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ជាមួយ​ការចាប់ដៃ​គ្នា​រវាង​មេដឹកនាំ​ទាំង​២ នៅ​លើ​ខ្សែ​បន្ទាត់ព្រំដែន​ដែល​បែងចែក​កូរ៉េ​ទាំង​២ បាន​ក្លាយជា​របត់​ថ្មី​មួយ ​ក្រោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តាន​តឹង​អង្រួន​ឱ្យ​កក្រើក​ឧបទ្វីប​កូរ៉េ ដោយសារ​ក្រុម​មហាអំណាច​បាន​កំញើញ​ដាក់​គ្នាធ្វើ​ឱ្យ​និន្នាការ​ពី​សង្គ្រាម​លោក​លើក​ទី​៣ បាន​គំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក ដោយសារ​តែ​នយោបាយ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។

មានការ​កត់សម្គាល់​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ថា លោក MOON មក​ដល់​តំបន់​សន្តិសុខ​រួម​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម​មុន​លោកគី​ម ជុង​អ៊ុ​ន ដោយសារ​ភាគី​កូរ៉េ​ខាងត្បូង​គឺជា​ម្ចាស់ផ្ទះ​សម្រាប់​ជំនួប​កំពូល​នេះ ។ បន្ទាប់​ពី​នេះ​បន្តិច លោក​គី​ម ជុង​អ៊ុ​ន បាន​មក​ដល់​ផ្នែក​កូរ៉េ​ខាងជើង​នៃ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ។ លោក​គី​ម ជុង
អ៊ុ​ន ក៏​បាន​ដើរ​ឆ្លងកាត់​ព្រំដែន​ដែល​ធ្វើ​ឱ្យ​រូបលោក​ក្លាយជា​មេដឹកនាំ​កូរ៉េ​ខាងជើង​ដំបូង​គេ​ដែល​ជាន់​ទឹកដី​កូរ៉េ​ខាងត្បូង​ចាប់តាំងពី​បញ្ចប់សង្គ្រាម​កូរ៉េ​១៩៥០-១៩៥៣​មក និង​និយាយ​បាន​ថា​តាំងពី​ជីតា លោក​គី​ម អុ​ី​ល​ស៊ុ​ង ឪពុក​លោកគី​ម ជុង​អុ​ី​ល និង​លោក​គី​ម ជុង​អ៊ុ​ន ជា​កូន​។ជំនួប​កំពូល​អន្តរ​កូរ៉េ​នេះ​ជា​ការ​ជួប​គ្នា​កំពូល
លើក​ទី​៣ រវាង​មេដឹកនាំ​កូរ៉េ​ទាំង​២ តែ​ពេលនេះ​ជា​លើក​ដំបូង​ដែល​ធ្វើ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង ។

តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់​គ្រប់​បណ្តាញ​ទូរទស្សន៍​នានា​ដែល​តាមដាន​ពី​ជំនួប​កំពូល​នេះ​បាន​បង្ហាញ​ថា ខណៈ​ពេល​មេដឹកនាំ​ទាំង​២ បាន​ឈរ​ចាប់ដៃ​គ្នា​ម្ខាង​ព្រំដែន​ម្នាក់ ដែល​ខណ្ឌ​ចែក​ដោយ​គំនូស​បេតុង ហើយ​លោក​គី​ម ជុង​អ៊ុ​ន ក៏​បាន​កន្លង​បន្ទាត់​ព្រំដែន​ចូល​ដី​កូរ៉េ​ខាងត្បូង ហើយ​ក៏​បាន​ស្នើ​ឱ្យ​លោក MOON ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​កន្លង​បន្ទាត់​ព្រំដែន​ចូល​ដី​កូរ៉េ​ខាងជើង​វិញ ។ កាយវិការ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ទះដៃ​អបអរ​សា​ទរ​​ផង​ដែរ ។ មេដឹកនាំ​កូរ៉េ​ទាំង​២​សន្យា​ធ្វើការ​ខិតខំប្រឹងប្រែង​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អមុន​ពេល​ជួប​គ្នា​កំពូល​​ជាមួយ​លោក MOON JAE IN លោក​គី​ម ជុង​អ៊ុ​ន បាន​ចារ​លើ​ក្រាំងមាស​មួយ ដោយ​លោក​សរ​សេរ​ថា ចាប់ពី​ពេល​នេះ​ទៅ​ជា​ប្រវត្តិសាស្ត្រ ថ្មី​មួយ ។ ជា​ចំណុច​ចេញដំណើរ​នៃ​សករាជ​សន្តិភាព នៃ​ប្រវត្តិ​សាស្ត្រ ។ មេដឹកនាំ​ទាំង​២​បាន​សន្យា​ខិតខំ​ប្រឹងប្រែង ដើម្បី​ឱ្យ​សម្រេច​បានការ​រីក​ចម្រើន​នៃ​ការ​ជួប​គ្នា
កំពូល​​ទ្វេភាគី​នៅ​តំបន់​សន្តិសុខ​រួម​នៃ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ។ លោក MOON ថា ការ​ជួបគ្នា​ថ្នាក់​កំពូល​នេះ​ចាប់ពី​ពេល​នេះ​តទៅ​ជា​និមិត្តរូប​នៃ​សន្តិភាព ហើយ​ពុំ​មែន​ជា​ការ​បែកបាក់​គ្នា​ដោយសារ​ទស្សនកិច្ច​របស់​លោក​គី​ម ជុង​អ៊ុ​ន ។

លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​ទៅ​កាន់​លោក MOON ថា ពិតជា​ល្អ​ណាស់​ដែល​បាន​ជួបលោក ។ ខ្ញុំ​ពុំ​អាច​ទប់​ក្តី​សប្បាយ​របស់ខ្ញុំ​បាន​ទេ ពេល​យើង​ជួប​គ្នា​នៅ​ទី​នេះ​នៅ​កន្លែង​ប្រវត្តិសាស្ត្រ​មួយ ។ លោក MOON ក៏​សម្តែង​ក្តី​រីករាយ​របស់​លោក​ដែរ ដោយ​ថ្លែង​ថា យើង​ប្រឈម​មុខ​នឹង​កាលៈទេសៈ​ប្រវត្តិសាស្ត្រ​មួយ ។
ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​ផ្សាយ​បន្ត​ផ្ទាល់​មេដឹកនាំ​កូរ៉េ​ខាងជើង​ថ្លែង​ថា ខ្ញុំ​និយាយ​បែប​នេះ​នៅ​មុខ លោក​ប្រធានាធិបតី MOON ព្រមទាំង​អ្នកកាសែត​ជា​ច្រើន​នាក់ ។ ខ្ញុំ​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អជា​មួយ​លោក​ប្រធានាធិបតី MOON ដោយ​ត្រង់​ៗ​ស្មោះស្ម័គ្រ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​មួយ ។លោក MOON សម្តែង​ការ​អរគុណ​ចំពោះ​លោក​គី​ម ដែល​យល់ព្រម​ចូលរួម​ក្នុង​ការ​ជួប​គ្នា​នេះ ។ លោក​បន្ត​ថា ពេល​លោក​គី​ម ជុង​អ៊ុ​ន ដើរ​ឆ្លងកាត់​ខ្សែបន្ទាត់​យោធា​ប៉ាន​មុន​ហ្សូ​ម ក្លាយជា​និមិត្តរូប​មួយ​នៃ​សន្តិភាព និង​ពុំ​មែន​ជា​ការ​បែកបាក់​គ្នា​ទេ ។លោក​គី​ម ជុង​អ៊ុ​ន គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ពុំ​រលំរលាយ
ឡើយ ។ ខ្ញុំ​យល់​ថា នេះ​ជា​ភ័ព្វវាសនា​មួយ​សម្រាប់​យើង​កាន់​ដៃ​គ្នា​ដើរទៅ​មុខ ដោយ​សម្លឹង​ដល់​អនាគត​ជាមួយ​ការ​តាំងចិត្ត​ពុំ​មែន​ត្រឹម​ទទួលបាន​លទ្ធផល​ដូច​កាលពី​គ្រា​កន្លង​ទៅ ដែល​ពុំ​អាចអនុវត្ត​បាន ។

កូរ៉េ​ទាំង​២​ធ្លាប់​បាន​ព្រមព្រៀង​គ្នា​រំសាយ​នុយក្លេអ៊ែរ ហើយ​បង្កើត​សន្តិភាព​ជា​អចិន្ត្រៃយ៍​មួយ​នៅ​ឧបទ្វីប​កូរ៉េ​នា​ឱកាស​នៃ​ជំនួប​កំពូល​២លើក​មុន​កាលពី​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០៧ ។លោក MOON ថ្លែង​ថា ភ្នែក និង​ត្រចៀក​របស់​ពិភពលោក​ផ្តោត​មក​កាន់​ទី​នេះ​ភូមិ​ប៉ាន​មុនហ្សូ​ម ហើយ​ក៏​ជា​ការ​ទន្ទឹម​រង់ចាំ​របស់​ប្រជា​ជន​ខាងត្បូង និង​ខាងជើង ព្រមទាំង​ពលរដ្ឋ​យើង​រស់នៅ​ឯ​បរទេស ។ ខ្ញុំ​សង្ឃឹមថា ការ​ចរចា​របស់​យើង​ប្រព្រឹត្ត​ទៅ​ដោយ​ត្រង់​ៗ​ដើម្បី​យើង​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ ហើយ​ផ្តល់​កាដូ​ធំ​មួយ​ដល់​ប្រជាជន​យើង ព្រមទាំង​ប្រជាជន​ឯទៀត​ៗ​នៃ​ពិភពលោក​ដែល​ចង់បាន​សន្តិភាព ។ ការ​ពិភាក្សា​គ្នា​នា​ពេល​ព្រឹក​បាន​បញ្ចប់​មុនពេល​ថ្ងៃត្រង់​បន្តិច ដោយ​លោក​គី​ម ជុង​អ៊ុ​ន ចូល​ទៅ​កូរ៉េ​ខាងជើង​វិញ​តាម​រថយន្ត​លី​ម៉ូ​ហ្ស៊ី​នមួយ​អម​ដោយ​អង្គរក្ស​ជា​ច្រើន​នាក់​រត់​តាមរថយន្ត ។ លោក​គី​ម នឹង​ត្រូវ​មក​កាន់​ដែនដី​កូរ៉េ
ខាងត្បូង​វិញ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជា​ច្រើន ក្នុង​នោះ​មានការ​ដើរ​កម្សាន្ត​មិត្តភាព​ជាមួយ​លោក MOON ។ មេដឹកនាំ​ទាំង​២​ដាំ​ដើមឈើ​មួយ​ដើម​ដែល​កំណត់​ពី​ការ​ជួប​គ្នា​ដំបូង​នេះ ។ក្រោយ​កិច្ចប្រជុំ​នា​វេលា​រសៀល លោក MOON រៀបចំ​ពិធីជប់លៀង​មួយ​ជូន​លោកគី​ម ។

មេដឹកនាំ​កូរ៉េ​ទាំង​២​នឹង​កំណត់​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​លើ​បញ្ហា​សំខាន់​៣ គឺ​ការ​រំសាយ​នុយក្លេអ៊ែរ សន្តិភាព និង​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​អន្តរ​កូរ៉េ ។ គេ​រង់ចាំ​មើល​សេចក្តីប្រកាស​រួម​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​នឹង​បើកទំព័រ​ថ្មី​មួយ​ក្នុង​សភាពការណ៍​សន្តិសុខ​តំបន់ ។ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​២​លើក​មុន​បើកផ្លូវ​រក​សន្តិភាព និង​ការ​បង្រួបបង្រួមជំនួប​កំពូល​នា​ថ្ងៃ​ទី​២៧ មេ​សា រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក MOON JAE IN និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ផ្តោត​លើ​ប្រធានបទ​សំខាន់​ការ​រំសាយ​នុយក្លេអ៊ែរ​ដែល​ផ្ទុយ​នឹង​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​២​លើក​មុន គឺ​កាលពី​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០៧ ដែល​ផ្តោត​លើ​ការ​បង្រួបបង្រួម​រវាង​កូរ៉េ​ទាំង​២ ។ការ​ជួប​គ្នា​កំពូល​ឆ្នាំ​២០០០ រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក KIM DAE JUNG និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អុ​ី​ល ជា​ការ​ជួប​គ្នា​ដ៏​មាន​អត្ថន័យ ព្រោះ​នោះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​រវាង​ប្រមុខ​ដឹកនាំ​កូរ៉េ​ទាំង​២​ចាប់តាំងពី​បញ្ចប់សង្គ្រាម​កូរ៉េ​មក ។ ការ​ជួប​គ្នា​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ពី​ថ្ងៃ​ទី​១៣ ទៅ​១៥ មិថុនា គឺ​ពោរពេញ​ដោយ​ក្តី​រំភើប​បំផុត​ដោយ​ចាប់ផ្តើម​តាម​រយៈ​ការ​ចាប់ដៃ​គ្នា​យ៉ាង​ណែន​រវាង​មេដឹកនាំ​ទាំង​២ ។ មេដឹកនាំ​ទាំង​២​ចាប់ដៃ​គ្នា​លើក​ទៅ​លើ​ម្តងម្នាក់ ក្រោយ​ការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម ហើយ​ច្រៀង​រួម​គ្នា​នូវ​បទ​ចម្រៀង​មួយ​មាន​ចំណងជើង​ថា «​បំណង​របស់​យើង​គឺ​ការ​បង្រួបបង្រួម​» ។

ការ​ជួប​គ្នា​កំពូល​នេះ​បាន​បញ្ចប់​តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នា​ថ្ងៃ​ទី​១៥ មិថុនា ដែល​អំពាវនាវ​ឱ្យធ្វើ​ការ​រួម​គ្នា​ដើម្បី​ការ​បង្រួម​បង្រួម​ឧបទ្វីប​កូរ៉េ ដោះស្រាយ​បណ្តា​បញ្ហា​មនុស្សធម៌​ដូច​ជា​បញ្ហា​នៃ​សាច់ញាតិ​គ្រួសារ​ដែល​ព្រាត់​គ្នា ដោយ​សង្គ្រាម​កូរ៉េ ហើយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្តូរ​គ្នា​លើ​គ្រប់​វិស័យ ។ក្រោយ​ការ​ជួប​គ្នា​កំពូល​នេះ​ការ​ផ្លាស់​ប្តូរ​គ្នា​អន្តរ​កូរ៉េ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ដោយ​ឈាន​ទៅ​សម្រេច​បង្កើត​តំបន់ឧស្សាហកម្ម​រួម​នៅ​ទីក្រុង​កា​អឺ​សុង​កូរ៉េ​ខាងជើង ហើយ​ពង្រីក​កម្មវិធី​ទេសចរណ៍​នៅ​ភ្នំ MONT KUMGANG កូរ៉េ​ខាងជើង ។ កូរ៉េ​ទាំង​២​បាន​ជួប​គ្នា​កំពូល​លើក​ទី​២ នៅ​ក្រុង​ព្យុ​ង​យ៉ាង​ពី​ថ្ងៃ​ទី​២ ទៅ​ទី​៤ តុលា ឆ្នាំ​២០០៧ រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក ROH MOO HYUN និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អុ​ី​ល ។ លោក ROH ទៅ​កាន់​កូរ៉េ​ខាងជើង​តាម​ផ្លូវគោក​ក្លាយជា​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ដំបូង​គេ​ដើរ​ឆ្លងកាត់​ព្រំដែន​រួម ។ រយៈពេល​៣​ថ្ងៃ​នៃ​ការ​ជួប​គ្នា​កំពូល​ឈាន​ទៅ​សម្រេច​បាន​សេចក្តី​ប្រកាស​រួម​មួយ​ដែល​អំពាវនាវ​ឱ្យ​ពង្រឹង​កាន់តែ​ខ្លាំង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី កាត់​បន្ថយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន ហើយ​បង្កើត​សន្តិភាព​ជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ។

មេដឹកនាំ​កូរ៉េ​ទាំង​២ ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមសេចក្តីថ្លែងការណ៍​រួម​ត្រូវ​បាន​ចុះហត្ថលេខា​នា​រសៀល​ថ្ងៃ​ទី​២៧ មេ​សា រវាង​មេដឹកនាំ​កូរ៉េ​ទាំង​២ ។ក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះ ប្រទេស​ទាំង​២​បាន​ព្រមព្រៀង​គ្នា​បញ្ឈប់​រាល់​សកម្មភាពប្រទូស្ត​រ៉ា​យ ក្នុង​សមុទ្រ លើ​ដី និង​លើ​អាកាស ។ លើស​ពី​នេះ​កូរ៉េ​ទាំង​២​នឹង​ប្រកាស​យក​ឆ្នាំ​២០១៨​នេះ​ជា​ឆ្នាំ​បញ្ចប់សង្គ្រាម​កូរ៉េ ហើយ​ប្រែក្លាយ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ទៅ​ជា
កិច្ចព្រមព្រៀង​សន្តិភាព ។មេដឹកនាំ​ទាំង​២​សម្តែង​ពី​ឆន្ទៈ​ប្រែក្លាយ​តំបន់​ហាម​មិន​ឱ្យ​មាន​កងទ័ព​ដែល​បែងចែក​ប្រទេស​ទាំង​២ ទៅ​ជា​តំបន់​សន្តិភាព​រួម​នឹង​ពុំ​មាន​សង្គ្រាម​ឡើយ រវាង​កូរ៉េ​ទាំង​២ ។ លើស​ពី​នេះ​ទៀត មេដឹកនាំ​ទាំង​២​សន្យា​ធ្វើ​ប្រតិបត្តិការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ ។ ភាគី​ទាំង​២ ព្រមព្រៀង​គ្នា​ថា បណ្តា​វិធានការ​ចាត់​ដោយ​កូរ៉េ​ខាងជើង ដើម្បី​រំសាយ​នុយក្លេអ៊ែរ​មាន​សារសំខាន់​បំផុត ហើយ​សម្រេច​ថា​នា​ពេល​អនាគត​កូរ៉េ​ទាំង​២ នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ប្រកាន់​ពាក្យ​សន្យា​ទាំងឡាយ ។ សេចក្តីថ្លែងការណ៍​បន្ត​ថា លោក​ប្រ​ធានាធិ​បតី MOON នឹង​ទៅ​កាន់​ក្រុង​ព្យុ​ង​យ៉ាង​នា​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ ។ ចំណែក​លោក​គី​ម ជុង​អ៊ុ​ន សន្យា​ថា នឹង​មិន​ឱ្យ​មានការ​ខុសឆ្គង​នានា​ដូច​កាល​គ្រា​កន្លង​ទៅ​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ