ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរថៃចាប់ សម សេរី មេចលនាឧទ្ទាម​ខ្មែរ​នៅបាងកក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ថៃ​ កាលពី​ថ្ងៃ​ទី​២៥ មេ​សា បាន​ឃាត់ខ្លួន​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​លោក សម សេរី ដែល​កំពុង​មាន​វត្ត​មាននៅ​ប្រទេស​ថៃ​ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចោទប្រកាន់​មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​រូប​នេះ​ថា មានបំណង​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​ម្ដុំ​វត្ត​ភ្នំ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ថៃ​ កាលពី​ថ្ងៃ​ទី​២៥ មេ​សា បាន​ឃាត់ខ្លួន​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​លោក សម សេរី ដែល​កំពុង​មាន​វត្ត​មាននៅ​ប្រទេស​ថៃ​ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចោទប្រកាន់​មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ​រូប​នេះ​ថា មានបំណង​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​ម្ដុំ​វត្ត​ភ្នំ និង​ក្នុង​ខេត្តសៀមរាប​កាលពី​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​កន្លង​ទៅ ។ តាម​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​កាលពី​យប់​ថ្ងៃ​ដដែល​នេះ​បានឱ្យ​ដឹង​ថា លោក សម សេរី បាន​ផ្ញើ​អុ​ី​ម៉ែ​លម​ក​កាន់​វិទ្យុ​នេះ​មុន​ការ​ចាប់ខ្លួន​ថា សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​លោក​នៅ​ពេល​លោក​កំពុង​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ។ ប្រភព​ពី​មនុស្ស​ជំនិត​របស់​លោក សម សេរី ម្នាក់​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា លោក សម សេរី ត្រូវ​បាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​បាងកក​ហើយ ។

ទោះជា​យ៉ាងណា​ក៏​ប្រភព​ដដែល​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ថា តើ​ទិដ្ឋាការ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​របស់​លោក សម សេរី អស់​សុពលភាព ឬ​មួយ​នៅ​មាន​សុពលភាព​នោះ​ទេ ។ លោក សម សេរី ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​ដា​ណឺ​ម៉ាក ហើយ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ខាងលើ​ថា ពួក​គេ​កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​ដា​ណឺ​ម៉ាក ក្នុង​ទីក្រុង​បាងកក និង​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត​ដើម្បី​ឱ្យ​ដោះ​លែង​លោក សម សេរី ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​សង្ឃឹមថា​អាជ្ញាធរ​ថៃ​នឹង​មិន​បញ្ជូន​លោក សម សេរី ទៅ​កាន់​ប្រទេស​កម្ពុជា​នោះ​ឡើយ ។

កាលពី​ខែកុម្ភៈ ស្រី្ត​ឈ្មោះ សំ សុខា ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់ខ្លួន​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ ខណៈ​ពេល​ដែល​ស្ត្រី​រូប​នេះ​បាន​យក​ស្បែកជើង​វាយ និង​គប់​លើ​រូប​ប៉ាណូ​ដែល​មាន​រូបថត​សម្តេច​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​២ ដែល​ទ​ង្វើ​នោះ​បាន​បង្ហាញ​នូវ​ការ​ខ្វះ​សីលធម៌ និង​បាន​ទទួល​ការ​ថ្កោលទោស ទីបំផុត​ស្រី្ត​ឈ្មោះ សំ សុខា ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ពី​បទ​ជេរ​ប្រមាថ និង​ញុះញង់​ឱ្យ​មានការ​រើសអើង​ពាក់ព័ន្ធ​នឹង​ការ​យក​ស្បែកជើង​គប់​ទៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ។

ព័ត៌មាន​ពី​ការ​ចាប់ខ្លួន​លោក សម សេរី នេះ​ក៏​ស្របគ្នា​នឹង​ការ​ផ្សព្វផ្សាយ​ឯកសារ​មួយ​ចំនួន​រួម​ជាមួយនឹង​វី​ដេ​អូ ដែល​មាន​រយៈពេល​ជិត​មួយ​ម៉ោង​ស្ដី​ពី​បដិវត្តន៍​ពណ៌​កាលពីដើម​ស​ប្ដា​ហ៍​នេះ​តាម​កញ្ចក់​ទូរទស្សន៍ ។
ការ​ផ្សាយ​វី​ដេ​អូ​នោះ​បាន​បង្ហាញ​ពី​សកម្មភាព​របស់​លោក សម រ​ង្ស៊ី មាន​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ ហើយ​បាន​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​ជា​សម្ងាត់​ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ។ វី​ដេ​អូ​ដែល​ត្រូវ​បាន​ផ្សាយ​លើ​គេហទំព័រ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​យប់​ថ្ងៃ​ចន្ទ និង​ការ​ផ្សាយ​បន្ត​តាម​ទូរទស្សន៍​នានា​ដែល​មាន​ចំណងជើង​ថា​«​ក្រុម​ចលនា​ដែល​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​»​បាន​ហៅ​អតីត​គណបក្សប្រឆាំង​និង​ចលនា​ផ្សេង​ៗ​ទៀត ដែល​រិះគន់​រាជរដ្ឋាភិបាល​ថា ជា​ក្រុម​ភេរវ​ករ​និង​ប្ដេជ្ញា​ទប់ស្កាត់​និង​កម្ទេច​ចលនា​ទាំងនោះ​មិន​ឱ្យ​កើត​មាន​ជា​ដាច់ខាត ។

វី​ដេ​អូ​នេះ​ក៏​បាន​លើក​ឡើង​ពី​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នកដឹកនាំ​ប្រទេស ប៉ុន្តែ​មានការ​ជ្រៀតជ្រែក​របស់​ចលនា​ឧទ្ទាម​មួយ​ចំនួន ដែល​ក្នុង​វី​ដេ​អូ​នោះ​បញ្ជាក់​ថា ជា​ចលនា​សហការ​ជាមួយ​បរទេស ដែល​មាន​ចេតនា​ទុច្ចរិត ផ្ដួលរំលំ​រដ្ឋាភិបាល​ដោយ​ខុសច្បាប់ ។ វី​ដេ​អូ​ដដែល​មាន​បង្ហាញ​ពី​រូបភាព​របស់​លោក សម រ​ង្ស៊ី ដឹកនាំ​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ ដែល​ឈាន​ដល់​មាន​អំពី​ហិង្សា​នៅ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​និង​បណ្ដាល​ឱ្យ​កម្មករ​យ៉ាងតិច​៤​នាក់​ស្លាប់ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស និង​ត្រូវ​បាន​ចាប់ខ្លួន ។ ការ​អត្ថាធិប្បាយ​ក្នុង​វី​ដេ​អូ​បាន​បញ្ជាក់​ថា​«​សុខ​សន្តិភាព​នេះ​តែងតែ​មានការ​រំខាន​ពី​ក្រុម​ចលនា​ឧទ្ទាម​មួយ​ចំនួន​តែង​សហការ​ជាមួយ​បរទេស​បង្កើត​ចលាចល បង្ក​ភាព​វឹកវរ​ម្ដង​ហើយ​ម្ដងទៀត ក្រោម​មហិច្ឆតា​ដណ្ដើម​អំណាច​ផ្លូវ​កាត់ ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ។

តែ​ទោះជា​យ៉ាងណា​ចេតនា​ទុច្ចរិត​ទាំងនោះ​មិន​បាន​សម្រេច​នោះ​ទេ ក្រោម​ការ​ដឹកនាំ​របស់​ស្ថាបនិក​សន្តិភាព សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លោក​មិន​អនុញ្ញាត​ឱ្យ​ជន​ទុច្ចរិត​ទាំងនោះ ឆក់​ប្លន់​សន្តិភាព​ដែល​យកអាយុ​ជីវិត​របស់​វីរជន​ខ្មែរ​ដែល​ប្ដូរ​មក​នោះ​បានជា​ដាច់ខាត​» ។ ការ​ប្រកាស​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​រៀប​គម្រោង​បំផ្ទុះ​គ្រាប់បែក​ចំនួន​២​កន្លែង​ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប គឺជា​គម្រោង​របស់​លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​«​មេ​ភេរវ​ករ​»​ព្រមទាំង​បាន​ចាក់​ផ្សាយ​ខ្សែអាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ ដែល​ថា​ជា​សំឡេង​ទាក់ទង​គ្នា​របស់​ក្រុម​ភេរវ​ករ​ក្នុង​ការ​រៀប​គម្រោង​ដាក់​គ្រាប់បែក​បំផ្ទុះ​ជាដើម ។

ចំពោះ​ទំនាក់ទំនង​រវាង​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម សេរី ត្រូវ​បាន​ចោទ​ថា បាន​រៀបចំ​កម្លាំង​បង្កប់​ដើម្បី​បំផ្លាញ​ការ​បោះ​ឆ្នោត​និង​ថា​លោក សម សេរី មាន​ទំនាក់ទំនង​ជាមួយ​លោក សម រ​ង្ស៊ី យ៉ាង​ស្អិត​ល្មួត និង​បាន​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​ជា​សម្ងាត់ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​រួម​មាន​ទាំង​ការ​ជួប​ជាមួយ​ជនបរទេស​មួយ​ចំនួន​ផង​ដែរ ។
«​ឆាក​វី​ដេ​អូ​នេះ​បាន​ចាត់​ទុក​ថា ភស្តុ​តាង​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្រុម​ចលនា​ឧទ្ទាម​ក្បត់ជាតិ​ដឹកនាំ​ដោយ សម រ​ង្ស៊ី និង សម សេរី និង​បក្ខពួក​ពិតជា​បាន​សហការ​គ្នា​ជា​ប្រព័ន្ធ​ដោយ​មានការ​ជ្រោមជ្រែង​ពី​បរទេស ពិតជា​មាន​ចេតនា​បំផ្លាញ​ភាព​សុខសាន្ត​របស់​កម្ពុជា​ក្នុង​មហិច្ឆតា​ដណ្ដើម​អំណាច​ឱ្យ​ខាង​តែ​បាន បើ​ទោះបីជា​អំពើ​ទាំងនោះ​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ ឬ​នាំ​ឱ្យ​ប្រទេស​ជាតិ​វឹកវរ​ចលាចល​យ៉ាងណា​ក្ដី ។

តាម​វិទ្យុ VOA ក៏​បាន​ដកស្រង់​សារ​អេ​ឡិច​ត្រូ​និក (​អុ​ី​ម៉ែ​ល​) របស់​លោក សម រ​ង្ស៊ី​ថា​«​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ។ វា​គ្មាន​មូលដ្ឋាន​អ្វី​ទាល់តែ​សោះ ហើយ​អ្នក​ដែល​បង្កើត​វី​ដេ​អូ​នេះ​គឺ​ឆ្កួត​លីលា​» ។
វី​ដេ​អូ​ដែល​មាន​និយាយ​ពី​ចលនា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​នោះ រដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ថា លោក សម សេរី ក៏​បាន​សហការ​គ្នា​ជាមួយ​លោក​សួន សេរីរ​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ក្រោយ​រង​ការ​ចោទ​ពី​បទ​បង្ខូច​ទឹកចិត្ត​កងទ័ព​ថា បាន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​បាន​ដុត​ទង់ជាតិ​វៀតណាម​ជាដើម ។

លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨​ថា លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​សរសេរ​លិខិត​ទៅ​កាន់​ភាគី​ថៃ​ផ្លូវការ​ហើយ ដើម្បី​ឲ្យ​បញ្ជូន​ជនជាប់ចោទ​ឈ្មោះ សម សេរី មក​ទទួលទោស​នៅ​កម្ពុជា​ក្រោយ​ការ​អនុវត្ត​ទោស​នៅ​ថៃ ។ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ធ្វើ​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សម សេរី កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ​ក្នុង​ប្រទេស​ថៃ​។ លោក​ថា លោក​សម សេរី ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ចំនួន​៩​ឆ្នាំ​ពី​បទ​ភេរវកម្ម​កាលពី​ឆ្នាំ​២០១៣ តែ​ការ​បញ្ជូន​មក​កម្ពុជា​នៅ​ពេល​ណា​នោះ​សម្រេច​លើ​ភាគីថៃ ៕ ​

អត្ថបទសរសេរ ដោយ