ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដ៏​ភ្ញាក់​ផ្អើល​របស់​ស្តេច​អុក​​វ័យ​ក្មេង​​ឆ្នាំ​នេះ យើង​មិន​នឹក​ស្មាន​​ដល់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​នៅ​ពេល​យុវជន​សុខ លឹ​ម​ហេង ដែល​ទើប​មាន​អាយុ​១៩​ឆ្នាំ បាន​គ្រង​តំណែងស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៨ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​រូប​តាំងពី​វគ្គ​ជម្រុះ​នៅរាជធានី​ភ្នំពេញ​រហូត​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រហើយ​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ​ឈាវ បូ​រ៉ា ដែល​ធ្លាប់​គ្រង​តំណែង​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត២​ឆ្នាំ​ជាប់​គ្នា​គឺ​នៅ​ឆ្នាំ​២០១៤-​២០១៥​ឱ្យ​ចាញ់​ទាំង​មិន​អស់ចិត្ត​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​តំណែង​ស្ដេច​អុក​អង្គរ​​សង្ក្រាន្ត​​នៅ​ក្រុង​អង្គរ ខេត្ត​សៀមរាប​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​ដែល​​ទើបតែ​កន្លង​ផុត​ទៅ​នា​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ ជា​រឿង​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​នៅ​ពេល​យុវជន​សុខ លឹ​ម​ហេង ដែល​ទើប​មាន​អាយុ​១៩​ឆ្នាំ បាន​គ្រង​តំណែងស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៨ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​រូប​តាំងពី​វគ្គ​ជម្រុះ​នៅរាជធានី​ភ្នំពេញ​រហូត​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រហើយ​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ​ឈាវ បូ​រ៉ា ដែល​ធ្លាប់​គ្រង​តំណែង​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត២​ឆ្នាំ​ជាប់​គ្នា​គឺ​នៅ​ឆ្នាំ​២០១៤-​២០១៥​ឱ្យ​ចាញ់​ទាំង​មិន​អស់ចិត្ត​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​តំណែង​ស្ដេច​អុក​អង្គរ​​សង្ក្រាន្ត​​នៅ​ក្រុង​អង្គរ ខេត្ត​សៀមរាប​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​ដែល​​ទើបតែ​កន្លង​ផុត​ទៅ​នា​ពេល​ថ្មី​ៗ​នេះ ។ តាម​រយៈ​ជ័យជម្នះ​មិន​គួរ​ឱ្យ​ជឿ​នេះ ធ្វើ​ឱ្យ​មហាជន​មួយ​ចំនួន​ចោទសួរ​គ្នា​ថា តើ​យុវជន​វ័យក្មេង​រូប​នេះ​ចេះ​លេងអុក​តាំងពី​ពេល​ណា​មក​បានជា​ខ្លាំងពូកែ​ម៉្លេះ?

ដើម្បី​បំបាត់​ច​ម្ង​ល់​មួយ​នេះ កោះសន្តិភាព​បាន​ជួប​យុវជន​សុខ លឹ​ម​ហេង តាម​ទូរស័ព្ទ
កាល​ពី​ម្សិលមិញ​ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​ហើយ​ប្អូន​បាន​ប្រាប់​ថា តាម​ពិត​ទៅ​ប្អូន​មាន​និស្ស័យ​ចូល​ចិត្ត​លេងអុក​តាំងពី​អាយុ​៦​ឆ្នាំ​ម៉្លេះ ជា​ពេល​ដែល​ទើបនឹង​ចូល​រៀន​ថ្នាក់​ទី​១។ ទោះបី​ចូល​ចិត្ត​លេងល្បែង​នេះ​ក៏​ពិតមែនតែ​ប្អូន​មិន​ងប់ងុល​រហូត​ភ្លេច​ការ​រៀនសូត្រ​នោះ​ទេ​ដោយ​បែងចែក​ពេលវេលា​ច្បាស់លាស់ ។

សុខ លឹ​ម​ហេង បន្ត​ថា ការ​លេងអុក ​ទី​១​ជួយ​បង្កើន​ស្មារតី​អ្នកលេង​ឱ្យ​មាន​ភាព​វៃឆ្លាត ចេះ​គិត​គូរ​និង​មានគំនិត​ចាស់ទុំ​ដូច​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ហើយ​ថា ការ​លេងអុក​បើ​ទោះជា​យើង​នៅ​វ័យក្មេង​មែន តែបើ​ចេះ​លេង​ធ្វើ​ឱ្យ​យើង​ក្លាយ​ខ្លួន​ជា​អ្នកមាន​គំនិត​ចាស់ទុំ ។ ដូចដែល​យើង​បានដឹង​ហើយថា ការ​លេងអុក​មុន​នឹង​ដើរ​ត្រូវ​តែ​គិតគូរ​ពី​ចំណុច​ដែល​យើង​ត្រូវ​ដើរ​ឱ្យ​បាន​ច្បាស់ ប្រៀប​ដូច​មេទ័ព​ម្នាក់​កំពុង​ដឹកនាំ​កូនទាហាន​ធ្វើសឹក​សង្គ្រាម​អ៊ីចឹង បើ​មិន​គិតគូរ​ត្រឹមត្រូវ​ទេ​ច្បាស់​ជា​ទទួល​បរាជ័យ​មិន​ខាន​ឡើយ ។ ទី​២ ​ប៉ះពាល់​ពេលវេលា ដូច​ដែល​ប្អូន​បាន​លើក​ឡើង​ពី​ខាង​ដើម​រួច​មក​ហើយ​ថា​ត្រូវ​បែងចែក​ពេល​រៀនសូត្រ​និង​ការ​លេងអុក​ឱ្យ​ដាច់​ពី​គ្នា ។ បើសិនជា​យើង​គិតតែ​ពី​លេង​មិន​គិតមុខគិតក្រោយ​គឺ​ប្រៀប​បាន​នឹង​ការ​ចំណាយ​ពេលវេលា​ឥតប្រយោជន៍ ។

ជាក់ស្ដែង​ប្អូន​បាន​យក​ពេលទំនេរ​ពី​ការ​សិក្សា​បន្តិចបន្តួច​មក​លេងអុក​កម្សាន្ត​ដើម្បី​កុំឱ្យ​ខួរក្បាល​ស្មុគស្មាញ​ពេក ។ ប៉ុន្តែ​ការ​ព្យាយាម​លេង រួម​ផ្សំ​ជាមួយ​ទេព​កោសល្យ​​អំណោយ​ផល​ពី​ធម្មជាតិ​ផង​នោះ​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​អ្នក​លេងអុក​ដ៏​ពូកែ​ម្នាក់​។

ស្តេច​អុក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៨​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​គេ​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​លើក​ទី​១​ឆ្នាំ​២០១៦ គេ​ធ្លាប់​ទទួល​ការ​បង្ហាត់បង្រៀន​លេង​អុក​​ពីគ្រូ​ម្នាក់​គឺ​លោក ងួ​ន ធា​រាម ជា​វិស្វករ​ផ្នែក​សំណង់ ។ ប៉ុន្តែ​ការ​ឈាន​ជើង​ចូល​​ប្រកួត​​លើក​ដំបូង​ទោះបី​រូបគេ​ធ្លាក់​តាំងពី​វគ្គ​ជម្រុះ​ក៏​ពិតមែន​ក៏​គេ​មិន​ព្រម​ដកថយ​ឡើយ ដោយ​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជា​លើក​ទី​២​ម្ដងទៀត​នៅ​ឆ្នាំ​២០១៧​ហើយ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​វគ្គ​ជម្រុះ​២០​នាក់​ចុង​ក្រោយ ។ ប៉ុន្តែ​នៅ​ពេល​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​គេ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។

នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​តំណែង​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ យុវជន​សុខ លឹ​ម​ហេង ប្រាប់​ថា ទម្រាំ​បាន​ឡើង​មក​ដល់​វគ្គ​ជម្រុះ​៨​នាក់​ចុង​ក្រោយ​គេ​បាន​ឆ្លងកាត់​ការ​ប្រកួត​​ជា​ច្រើន​ដំណាក់កាល ដោយ​បាន​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ជា​ច្រើន​រូប​តែ​គេ​បាន​ផ្ដួល​គូប្រកួត​ឱ្យ​ចាញ់​ជា​បន្តបន្ទាប់ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ពិភព​អ្នក​លេងអុក​មានការ​ចាប់​អារម្មណ៍​​បំផុត​នោះ គឺ​ពេល​ដែល​រូបគេ​បាន​ជួប​ប្រកួត​ជាមួយ​ស្ដេច​អុក​ដ៏​ល្បី​គឺ​លោក ឈាវ បូ​រ៉ា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឯ​ខេត្តសៀមរាប គេ​បាន​យកឈ្នះ​ក្នុង​ស្ថានភាព​ដ៏​តឹងតែង​បំផុត ។

តាម​ធម្មតា​នៅ​ពេល​ជួប​ជាមួយ​ជើង​ខ្លាំង​បែប​នេះ អ្នក​លេងអុក​ភាគច្រើន​តែងតែ​មានការ​តក់ស្លុត ប៉ុន្តែ​យុវជន​សុខ លឹ​មហេង ប្រាប់​ថា គេ​មិន​តក់ស្លុត​ឡើយ គឺ​ខិតខំ​ពង្រឹងស្មារតី​លេង​ដោយ​យកចិត្តទុកដាក់បំផុត ។ នៅ​ពេល​នោះ​គេ​បាន​គិត​ថា ការ​ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា សំខាន់​ត្រូវ​មាន​ឆ​ន្ទះតាំងស្មារតី​លេង​ឱ្យ​បាន​ល្អ​ទៅ​បាន​ហើយ​។​ទីបំផុត យុវជន​សុខ លឹ​ម​ហេង បាន​ផ្ដួល​កំពូល​ស្ដេច​អុក​២​សម័យកាល​ឈាវ បូ​រ៉ា ដើម្បី​ក្លាយជា​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៨​ទាល់តែ​បាន​។

គួរ​បញ្ជាក់​ថា យុវជន​សុខ លឹ​ម​ហេង មក​ដល់​ពេល​នេះ​មាន​អាយុ​១៩​ឆ្នាំ ជា​និស្សិត
វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ​ឆ្នាំ​ទី​១ ។ ឪពុកឈ្មោះ​សុខ ផ​ល្លី​ម ម្ដាយ​ឈ្មោះ​តាំង ណៃ​អ៊ីម ជា​អាជីវករ​រស់នៅ​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ