រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងភាពជោគជ័យក្នុងអាជីព កីឡាករប្រដាល់មួយចំនួនក៏ត្រូវបានគេទម្លាយឱ្យដឹងពីការបរាជ័យរាប់មិនអស់នៅក្នុងជីវិត គ្រាន់តែពួកគេមិនចង់ឱ្យគេដឹងប៉ុណ្ណោះ ។ កីឡាករខ្លះត្រូវបានគ្រួសារបោះបង់ព្រោះតែចង់ប្រដាល់និងខ្លះទៀតត្រូវបានកន្លែងការងាររើសអើងរហូតឈានដល់បញ្ឈប់តែម្ដង។ ក្នុងនោះជីវិតស្នេហារបស់កីឡាករមួយចំនួន ក៏ត្រូវបានប្រេះឆាក្រោយពេលកីឡាករទាំងនោះជម្នះបន្តការប្រកួតរហូតដល់មានកេរ្តិ៍ឈ្មោះបោះសំឡេងផងដែរ។
ប្រភពពីអ្នកប្រកបអាជីពជាកីឡាករប្រដាល់បានអះអាងថា ដើម្បីក្លាយខ្លួនជាកីឡាករដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងទៅបាន ពួកគេបានទទួលរងសម្ពាធយ៉ាងខ្លាំង ដោយកីឡាករទាំងនោះបញ្ជាក់ថាកើតឡើងពីគ្រួសារ និងអ្នករស់នៅជុំវិញខ្លួនមិនសូវគាំទ្រការប្រដាល់ដែលទទួលបានកម្រៃតិច ហើយប្រើពេលច្រើនតែជាមួយនឹងការហ្វឹកហាត់មិនសូវមានពេលសម្រាប់គ្រួសារ ។ យ៉ាងណាក៏ដោយធៀបនឹងការប្រដាល់ពេលបច្ចុប្បន្ន កីឡាករភាគច្រើននិយាយថា សម័យនេះល្អជាងសម័យមុនដាច់ឆ្ងាយដោយសារតែការប្រដាល់របស់កីឡាករបានតម្លៃខ្លួនថ្លៃ ហើយម្នាក់ៗរកតែកម្លាំងឡើងប្រកួតស្ទើរតែមិនបាន ដែលខុសកាលពី៥ឆ្នាំមុន គឺក្នុងមួយខែសឹងតែគ្មានការផ្គូផ្គង ដោយសារតែមិនសូវសំបូរសង្វៀនប្រដាល់នៅតាមប៉ុស្ដិ៍ ។
អ៊ីចឹងហើយទើបកីឡាករដែលមានឈ្មោះបោះសំឡេងក្នុងអំឡុងពេលប៉ុស្ដិ៍លេខ៥ មានការប្រដាល់តែម្នាក់ឯង ច្រើនមិនសូវធូរធារ ហើយកីឡាករទាំងនោះបានហៅស្ថានភាពរបស់ខ្លួនថាមិនមានសំណាង និងបានត្រឹមតែឈរមើលកីឡាករសម័យបច្ចុប្បន្ន ដែលមានសំណាងល្អជាងប៉ុណ្ណោះ ។ កីឡាករជើងចាស់ស្ទើរទាំងអស់បានអះអាងថា ការប្រកួតនៅក្នុងពេលនោះ កីឡាករម្នាក់ៗបានត្រឹមតែល្បីឈ្មោះប៉ុណ្ណោះ ប៉ុន្តែបើរឿងលុយកាក់ គឺមិនសូវនោះទេ ដោយកីឡាករខ្លះក្រោយពេលល្បីឈ្មោះត្រូវបានគ្រួសារបោះបង់ ហើយក្លាយជាបុរសពោះម៉ាយ ព្រោះតែភរិយាមិនពេញចិត្តឱ្យបន្តប្រឡូកជាមួយនឹងអាជីពមួយនេះនោះផង។
ប៉ុន្តែនាពេលបច្ចុប្បន្នក៏មានស្ថានភាពបែបនេះកើតឡើងចំពោះអ្នកជ្រកក្នុងវិស័យកីឡាផងដែរ ដោយគ្រាន់តែមិនសូវកើតឡើងចំពោះអ្នកប្រដាល់ដែលសំបូរការងារ ប៉ុន្តែច្រើនកើតមានឡើងចំពោះអតីតកីឡាករដែលបានត្រឡប់មកជ្រកក្នុងអាជីពជាគ្រូបង្វឹក ឬគណៈកម្មការផ្ដល់ពិន្ទុ ដែលមិនសូវទទួលបានចំណូលខ្ពស់នោះវិញ។
ប្រភពដែលបានទម្លាយចេញបានអះអាងថា នៅក្នុងវិស័យប្រដាល់មានអ្នកប្រឈមរងគ្រោះបែបនោះ៣ប្រភេទគឺ កីឡាករដែលបានលាឈប់ពីការប្រដាល់ដាច់ប៉ិត អ្នកដែលបានប្រឡូកអាជីពជាគ្រូបង្វឹក និងកីឡាករដែលនៅប្រឡូកប្រដាល់ ។ អតីតកីឡាករ គ្រូបង្វឹក និងកីឡាករដែលត្រូវគេទម្លាយថាក្រោយពីបានល្បីឈ្មោះហើយប្រឈមនឹងការបែកបាក់ស្នេហារួមមាន៖
+ ឡុង សុភី ៖ កីឡាករល្បីឈ្មោះរូបនេះ ត្រូវគេដឹងថាមានភរិយាតាំងពីមុនប្រឡូកការប្រដាល់ ដោយលោក និងអតីតភរិយាត្រូវគេដឹងថាមានកូនមួយជាមួយគ្នា ប៉ុន្តែក្រោយពេលដែលលោកជម្នះតស៊ូនៅក្នុងអាជីពមួយនេះ ក៏ត្រូវជួបព្យុះភ្លៀងហើយទីបំផុតលោកក៏ត្រូវគេដឹងថាបាត់បង់ជីវិតស្នេហាមួយដែលបានរៀបការតាំងពីកំលោះក្រមុំ ។
មានការទម្លាយថា លោក និងភរិយាក្រោយពេលបែកគ្នា គឺអតីតភរិយារបស់លោកបានក្លាយជាអ្នកគ្រប់គ្រងផ្ដាច់មុខ ហើយលោកក៏បន្តប្រឡូកនៅក្នុងអាជីពប្រដាល់រហូតសន្សំបានលុយកាក់ច្រើនក្នុងដៃ ហើយក៏បានស្ដីដណ្ដឹងភរិយាបច្ចុប្បន្នមករៀបការជំនួស។ លោកបានរៀបការជាថ្មីកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០១៦ ជាមួយភរិយាទី២ គឺអ្នកនាង ផន ស្រីនី ដោយមកទល់ពេលនេះ ទំនាក់ទំនងគូស្នេហ៍របស់លោកកាន់តែល្អូកល្អិន ថ្វីដ្បិតតែឡុង សុភី នៅបន្តអាជីពប្រដាល់មិនខុសគ្នាកាលពីពេលដែលលោកមានភរិយាទី១ក្ដី។
+ នួន សូរិយា ៖ អតីតកីឡាកររូបនេះ ដ្បិតថាជោគជ័យក្នុងការកសាងកេរ្តិ៍ឈ្មោះនៅក្នុងអាជីពប្រដាល់ តែលោកក៏ទទួលបរាជ័យក្នុងជីវិតស្នេហាផងដែរ ដោយសារតែក្រោយពេលចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះ ហើយត្រូវបានគេធានាឱ្យទៅបង្វឹកសិស្សនៅអាមេរិក ក៏មានភរិយានៅទីនោះហើយក៏នៅតែបែកគ្នាទៀត ដោយក្នុងពេលនេះលោកស្ថិតនៅលើទឹកដីកម្ពុជា។ លោកត្រូវគេស្គាល់ថាជាគ្រូបង្វឹក និងជាម្ចាស់ក្លិបប្រដាល់មួយកន្លែង តែមិនទាន់ដឹងថាលោកបានបន្តទំនាក់ទំនងជាមួយអតីតភរិយានៅអាមេរិកវិញ ឬមានស្នេហាជាមួយអ្នកថ្មីនោះទេ ក្នុងពេលដែលលោកមិនមានចំណូលចិត្តទម្លាយពីរឿងឯកជនរបស់ខ្លួន។
+ សៅ ប៊ុននឿន ៖ អតីតកីឡាកររូបនេះ ក៏ត្រូវបានគេអះអាងថាបានបែកបាក់ប្ដីប្រពន្ធ ក្រោយពេលល្បីឈ្មោះផងដែរ ។ អតីតភរិយារបស់លោកត្រូវគេដឹងថាជាកូនស្រីរបស់លោក មាស សុខគ្រី តែគេមិនទាន់ដឹងថាអ្វីជាមូលហេតុដែលនាំឱ្យគូស្នេហ៍មួយគូនេះបែកបាក់គ្នានោះទេ ដោយគ្រាន់តែមានការអះអាងថាលោកក៏មានជីវិតបែកបាក់គ្រួសារផងដែរ ថ្វីដ្បិតតែលោកល្បីឈ្មោះមកទល់នឹងពេលឈប់ប្រដាល់នាពេលនេះ។
+ គ្រឿល វុទ្ធី ៖ លោកគណៈកម្មការផ្ដល់ពិន្ទុ និងជាគ្រូបង្វឹកប្រចាំក្លិបមាសសុខគ្រីរូបនេះ ក៏ត្រូវគេទម្លាយថាធ្លាប់ប្រទះនឹងជីវិតបាក់បែកផងដែរ តាំងពីបានល្បីឈ្មោះនៅក្នុងអាជីពប្រដាល់។ ក្នុងពេលដែលលោកមិនទាន់ក្លាយជាគ្រូបង្វឹក និងជាអ្នកផ្ដល់ពិន្ទុ លោកមានភរិយាក្រមុំកំលោះរួចហើយ ដោយមានទាំងកូនស្រីម្នាក់គួរឱ្យស្រឡាញ់ទុកជាចំណងដៃផង ប៉ុន្តែដោយសារតែភាពមិនចុះសម្រុងគ្នាក៏មានជីវិតបែកបាក់ ហើយចុងក្រោយលោកក៏បោះបង់ការប្រដាល់មកធ្វើជាចៅក្រម និងអាជ្ញាកណ្ដាល ដោយទើបតែមានភរិយាថ្មីក្នុងប៉ុន្មានឆ្នាំចុងក្រោយ។
+ ឈិន ក្វាន់ចៃ ៖ អតីតកីឡាករប្រដាល់ល្បីឈ្មោះរូបនេះ ក៏ត្រូវគេដឹងថាបានពើបប្រទះនឹងជីវិតបែកបាក់ភរិយាកម្សត់កម្រផងដែរ ក្រោយពេលល្បីឈ្មោះ ដោយលោក និងម្ដាយរបស់កីឡាករ ឈិន ក្វាន់ង៉ុយ បានផ្ដាច់ចំណងស្នេហ៍ប្តីប្រពន្ធជាយូរមកហើយ តែនៅតែទាក់ទងគ្នាជាប្រក្រតី រហូតលោកផ្ចុងផ្ដើមឈិន
ក្វាន់ង៉ុយ ឱ្យក្លាយជាកីឡាករល្បីឈ្មោះស្នងតំណែងលោកទៀតផង ។ លោករៀបការជាមួយភរិយាក្រោយ គឺទន្ទឹមនឹងជីវិតប្រដាល់ត្រូវបានបញ្ចប់ ប៉ុន្តែលោកថាជីវិតស្នេហ៍បែកបាក់របស់លោកកើតឡើងដោយសារតែអស់និស្ស័យនឹងគ្នាប៉ុណ្ណោះ គឺមិនមែនព្រោះតែអតីតភរិយារបស់លោកជំទាស់រឿងប្រដាល់ទេ៕
ចែករំលែកព័តមាននេះ