ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​មាន​អ្វី​ដែល​ល្អ​អស្ចារ្យ​ទេ?

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង គឺជា​រមណីយដ្ឋាន​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ជា​ច្រើន​ទៀត ក្នុង​ខេត្តពោធិ៍សាត់ ដែល​មាន​ចម្ងាយ​៤១​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ។…

ខេត្តពោធិ៍សាត់ ៖ រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង គឺជា​រមណីយដ្ឋាន​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ជា​ច្រើន​ទៀត ក្នុង​ខេត្តពោធិ៍សាត់ ដែល​មាន​ចម្ងាយ​៤១​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ។ ដែល​ភ្ញៀវ​ទេសចរណ៍​អាច​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ដ​នៅ​ទីនោះ​បាន​ទាំង​រថយន្ដ​តូច និង​រថយន្ដ​ធំ ។

ពេល​ធ្វើ​ដំណើរ​មក​ដល់​ទីរួមស្រុក​ក្រគរ នៅ​ខាងលិច​ស្ពានថ្ម​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​មាន​ផ្លូវបែក​ជា​បួន ហើយ​ផ្លូវ​ដែល​ចូល​ទៅ​រមណីយដ្ឋាន គឺ​ផ្លូវ​ទិស​ខាងត្បូង ។ ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ ពី​មុន​មានការ​លំបាក​ខ្លាំង​ណាស់ ប៉ុន្តែ​ឥឡូវនេះ​បាន​ស្ថាបនា​ជា​ផ្លូវ​គ្រួ​ស​ក្រហម​ហើយ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ​នឹង​ចាប់ផ្ដើម​ក្រាល​កៅស៊ូ​ដែល​ជា​ថវិការ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ។

លោក​ធឹ​ម ង៉ុ​ក មេឃុំ​ឈើ​តុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​នេះ​រៀងរាល់ថ្ងៃ ពិសេស​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ហើយ​បើ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ចូល​ឆ្នាំ​ចិន និង​បុណ្យ​ភ្ជុំបិណ្ឌ​វិញ គឺ​មនុស្ស​ច្រើន​ណាស់​មក​ពី​គ្រប់​ទីកន្លែង​មាន​ទាំង​ភ្ញៀវ​បរទេស​ទៀត​ផង ។ ភ្ញៀវ​ទេសចរណ៍​ទៅ​ទីនោះ​នឹង​បាន​ងូតទឹក​ជ្រោះ​ធ្លាក់​ពីលើ​ភ្នំ​ថ្លាយង់ ត្រជាក់​ដូច​ទឹក​អំ​រិ​ទ្ធិ មាន​ផ្ទាំង​ថ្ម​តូច​ធំ ដូច​ក្បាច់ចំលាក់ មាន​ដើមឈើ​ជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជ្រកកោន ។ មាន​លក់​ម្ហូបអាហារ​ឆ្ងាញ់​ៗ​ដូច​ជា មាន់​ដុត ប្រហុក​អាំង ត្រីអាំង ជាដើម ដោយ​តម្លៃ​សមរម្យ និង​មាន​អនាម័យ ។

លោក​សំ ឃី​ម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ខេត្តពោធិ៍សាត់​មាន​រមណីយដ្ឋាន​ច្រើន​ដែរ ទាំង​រមណីយដ្ឋាន​ធម្មជាតិ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​កែ​ច្នៃ ប៉ុន្តែ​រមណីយដ្ឋាន​ដែល​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កម្សាន្ត​ច្រើន​ជាងគេ​នោះ គឺ​មាន​តែ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង​ជំទាវ​ខាន់​ខៀវ​ទេ ។ មន្ទីរ​បាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ផ្សេង​ៗ ពង្រីក​ចំណតរថយន្ត រៀបចំ​កន្លែង​លក់ដូរ កន្លែង​ភ្ញៀវ​អង្គុយ និង​ពង្រីក​កន្លែង​កម្សាន្ត​បន្ត​មក​ក្រោម​ទៀត តាម​បណ្ដោយ​ស្ទឹង​ដែល​មាន​ល្បាក់ទឹក​ហូរ​លើ​ថ្ម គួរ​ជាទី​គយគន់ ។

លោក​សំ ឃី​ម​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​មាន​០៨​ដំណាក់ គឺ​ដំណាក់​យាយ​ចំអន់​តា ដំណាក់​ទឹកឈូរ ដំណាក់​មនោ​រម្យ ដំណាក់​ថ្ម​សណ្ដូន ដំណាក់​ព្រះ ដំណាក់​ជ្រៃក្រឹម ដំណាក់​សុ​បិ​ន្ត និង​ដំណាក់​ទឹកធ្លាក់ ។ ភ្ញៀវ​ដែល​ទៅ​លេង​កម្សាន្ត​គិត​ត្រឹម​មនុស្ស​ពេញវ័យ​ឡើង​ទៅ​ម្នាក់​១.០០០​រៀល ថ្លៃ​ផ្ញើរ​ម៉ូតូ​២.០០០​រៀល និង​រថយន្ត​ពី​៣.០០០​ទៅ​១០.០០០​រៀល ។ មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​យក​ភេសជ្ជៈ​ប្រភេទ​ដប​ចូល​ទៅ​ទេ និង​បាន​ណែនាំ​ឲ្យ​ទុកដាក់​កាក​សំណល់​នៅ​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​បោះ​ចូល​ក្នុង​ទឹក នាំ​ឲ្យ​ខូច​អនាម័យ និង​ប៉ះពាល់​បរិស្ថាន ។

ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅ​លេង​កម្សាន្ដ​នៅ​ទីនោះ​បាន​វាយតម្លៃ​ថា រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​នេះ​មាន​លក្ខណៈ និង​សក្ដានុពល​ល្អ​ជាង​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា ។ ហើយ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មាន​ទឹកធ្លាក់​ខួបប្រាំងខួបវស្សា មិន​ដែល​ដាច់​សោះឡើយ បង្ក​លក្ខណៈ​ឲ្យ​បងប្អូន​ភ្ញៀវ​ទេសចរណ៍​មក​ងូតទឹក​លេង​កម្សាន្ត​បាន​គ្រប់ពេលវេលា ។

ដោយសារ​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល ដោយ​រយៈពេល​ពីរ​បី​ឆ្នាំ​នេះ គេ​ស​ង្គេ​ត​ឃើញ​ភ្ញៀវ​ទេសចរណ៍​ទាំង​អ្នក​នៅ​ក្នុង​ខេត្ត ក្រៅ​ខេត្ត​មក​ពី​ភ្នំពេញ និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ផង​ដែរ បាន​ទៅ​លេង​កម្សាន្ដ​នៅ​ទីនោះ​ច្រើន​មែនទែន ដែល​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ