ត្រី​បន្ត​ងាប់​ជាង​១២​តោន​កសិករ​ស្នើ​អាជ្ញាធរ​ជួយ​ដោះស្រាយ


ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់​លើ​ផ្ទះ​បណ្ដែត​ទឹក ដែល​មានមុខ​របរ​ចិញ្ចឹម​ត្រី​ចំនួន​៧០​គ្រួសារ បាន​សម្ដែង​នូវ​ទុក្ខ​កង្វល់​របស់​ខ្លួន ដោយសារ​ត្រី​ក្នុង​បែ​របស់​គាត់​បាន​ងាប់​ជា​បន្តបន្ទាប់ សរុប​ជាង​១២​តោន​ហើយ ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយបារម្ភ​ពី​ការ​ខាតបង់​យ៉ាងច្រើន​នេះ ។ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨​នេះ មាន ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​មួយ​ក្រុម​នៅ​ព្រឹក បាន​ចុះ​ប្រជុំ​ដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​ពលរដ្ឋ​ចំនួន​៧០​គ្រួសារ ដែល​រស់នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​ទន្លេ ស្ថិត​នៅ​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ​ជា​អ្នក​ចិញ្ចឹម​ត្រី​តាម​បែ​ក្នុង​ទន្លេ បាន​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ត្រី​ដែល​ចិញ្ចឹម​ក្នុង​បែ​ពុល​ងាប់​ថ្មី​ៗ​នេះ ដោយសារ​តែ​កន្លែង​ពួក​គាត់​រស់នៅ​ទឹកទន្លេ​បាន​រាក់​មាន​ជម្រៅ​សល់​១.៥០​ម៉ែត្រ ទៅ​៣​មែ​ត្រ​តែ​ប៉ុណ្ណោះ គួប​ផ្សំ​ប៉ុន្មាន​ថ្ងៃនេះ​ធាតុអាកាស​ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​ទឹកទន្លេ​ក៏​ក្តៅ​ខ្លាំង​ដែរ បាន​ធ្វើ​ឲ្យ​ត្រី​ក្នុង​បែ​ពុល​ងាប់​ក្នុង​១​បែ​ៗ ពី​២០០​គីឡូ ទៅ​៣០០​គីឡូ ។ ហេតុនេះ​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត អនុញ្ញាត​ឲ្យ​ពួក​គាត់​អូស​បែ​ត្រី​ធំ​ៗ និង​ជ្រៅ​ៗ ទៅ​កាន់​ទឹក​ជ្រៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង​មួយ​រយៈ​ដើម្បី​កុំ​ឲ្យ​ត្រី​ក្នុង​បែ​ងាប់​បន្ត​ទៀត លុះ​ពេល​ចាប់​ត្រី​លក់​អស់ហើយ ពួក​គាត់​នឹង​ត្រលប់​មក​កន្លែង​ដើម​វិញ ។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដែល​បាន​ចូលរួម​ដោះស្រាយ​ករណី​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ធាតុអាកាស​ក្តៅ​ប៉ុន្មាន​ថ្ងៃនេះ​ឡើង​ដល់​៤០​អង្សារ ធ្វើ​ឲ្យ​ត្រី​ក្នុង​បែ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៧០​គ្រួ​សារបាន​ពុល​ងាប់​អស់​ប្រមាណ​១២​តោន ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​បណ្តាល​ឲ្យ​ត្រី​ក្នុង​បែ​ងាប់​គឺ​ដោយសារ​ទឹកទន្លេ​រាក់ គួប​ផ្សំ​នឹង​បែ​ខ្លះ​មាន​ត្រី​ច្រើន​ហួស​បរិមាណ ក្នុង​បែ​ដែល​ត្រូវ​នៅ​ទីតាំង​ទឹក​ជ្រៅ​ទើប​បណ្ដាល​ឲ្យ​ត្រី​ងាប់ ។ មួយ​ផ្នែក​ទៀត គឺ​ទឹក​ក្តៅ​ខ្លាំង​ពេក រួម​ផ្សំ​នឹង​ទឹកល្អក់ ខ្វះ​អុកស៊ីហ្សែន ទើប​បណ្ដាល​ឲ្យ​ត្រី​ងាប់​បែប​នេះ ។ ចំពោះ​ត្រី​ពួក​គាត់​ចិញ្ចឹម​ហើយ បាន​ងាប់​កន្លង​ទៅ​នេះ មាន​ត្រី​ប្រា ត្រី​ខ្យា ត្រី​ព្រលូង និង​ត្រី​កាហែ ជាដើម ។ វិធានការ​ចំពោះ​មុខ លោក​បាន​ណែនាំ​ឲ្យ​ម្ចាស់​បែ​ត្រី​ទាំងអស់​ត្រូវ ធ្វើ​តាម​ការ​ណែនាំ​ដើម្បី​កាត់​បន្ថយ​ត្រី​ងាប់ គឺ​ទី​១.​ត្រូវ​ចាប់​ត្រី​លក់​ចេញ​ខ្លះ ឬ​ចាប់​រំលែក​ដាក់​បែ​ផ្សេង​ទៀត ដើម្បី​កុំ​ឲ្យ​ចង្អៀត​គ្នា​, ទី​២.​ត្រូវ​បង្កើត​អុកស៊ីហ្សែន ដោយ​បង្កើត​ជា​កង្ហារ​បក់​ទឹក​ឲ្យ វិល​ដាក់​ទៅ​លើ​ត្រី និង​ទី​៣.​ត្រូវ​អូស​បែ​ទៅ​រក​ទឹក​ជ្រៅ ។ ចំពោះ​ចំណុច​ទី​៣ ដែល​តម្រូវ​ឲ្យ​អូស​បែ​ទៅ​រក​ទឹក​ជ្រៅ​នេះ​ជា​គោល​ការ​របស់​អា​ជ្ញ​ធរ​ខេត្ត គឺ​មិន​ឲ្យ​អូស​ទៅ​ចំណុច​មុខ​ផ្សារឆ្នាំង ដែល​កំពុង​អភិវឌ្ឍន៍​វិញ​ទេ គឺ​ឲ្យ​អូស​ទៅ​ផ្នែក​ខាងជើង​បន្ត​ទៀត​បាន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ