ខេត្តរតនគិរី ៖ គោយន្តកែច្នៃ១គ្រឿង ខណៈអ្នកបើកបរងងុយដេកមួយភាំងបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារកង់ទ្រមេឃ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត និងអ្នកដទៃឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចក្បែរសាលារៀនបូរីកម្មករមួយ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
តាមការបញ្ជាក់ពីអ្នកបើកបរគោយន្តកែច្នៃខាងលើបានឲ្យដឹងថា គាត់ឈ្មោះ វី សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មិនមានរងរបួសធ្ងន់ធ្ងរនោះទេ ហើយបច្ចុប្បន្នស្នាក់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ។ លោកបន្តថា មុនពេលកើតហេតុ រូបគាត់បានបើកគោយន្តចេញពីស្រុកលំផាត់ ចូលមកក្រុងបានលុង មិនទាន់ដល់ផ្ទះផង ងងុយដេកមួយភាំងក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តង ។
ក្រោយពេលកើតហេតុ គេឃើញមន្ត្រីនគរបាលប៉ុស្តិ៍កាចាញ ចុះមកសួរនាំហើយត្រលប់ទៅវិញ ទុកឲ្យម្ចាស់គោយន្តខាងលើហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ