ខេត្តបាត់ដំបង ៖ ដៃគូសម្ព័ន្ធមេត្រីភាពរបស់បញ្ជាការដ្ឋានរថក្រោះ ស្ថិតនៅភូមិឥន្ធជិត ស្រុកបាណន់ ខេត្តបាត់ដំបង វេលាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ដែលមានអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហេរញ្ញវត្ថុ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយ អគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមកចែកជូនដល់យោធិន និងគ្រួសារនិវត្តជនក្នុងកងរថក្រោះ រថពាសដែក ចំនួន២៩៣នាក់ ។
លោកឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ រថពាសដែកកងទ័ពជើងគោក បានមានមតិស្វាគមន៍ និងរាយការណ៍អំពីការរីកចម្រើនក្នុងអង្គភាព ការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ការងារអប់រំចិត្តសាស្ត្រ ការហ្វឹកហ្វឺនដល់កងកម្លាំងដើម្បីធានាគុណភាព ការថែទាំរថពាសដែក ការបង្កបង្កើនផល ការចិញ្ចឹមសត្វដើម្បីធានាជីវភាពកងទ័ពបន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការណ៍រួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីរួមសហការគ្នារក្សាសណ្ដាប់ធ្នាប់សង្គម រក្សាសុខសន្តិភាព និងបានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានពន្ធដារ តែងតែចុះជួយសួរសុខទុក្ខជាប្រចាំ និងឧបត្ថម្ភអគារទីបញ្ជាការ ផ្លូវថ្នល់ គ្រឿងបរិក្ខាជាច្រើនទៀតជួយដល់អង្គភាពយើងខ្ញុំ ។
លោក គង់ វិបុល អគ្គនាយក នាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ប្រមាណ៦ឆ្នាំកន្លងមកហើយ ក្នុងនាមសមរភូមិក្រោយជួយសមរភូមិមុខ អង្គភាពលោកតែងតែជួយជាប្រចាំរាល់ពេលមានតម្រូវការ ដោយមានសប្បុរសជនលោកស្រី ភាព ហៀក នាយកក្រុមហ៊ុន ជីប ម៉ុង ជួយបន្ថែមទៀតផងដែរ ហើយពេលនេះបានជួយបន្ថែមដល់កងការពារព្រំដែនលេខ៥០១បន្ថែមទៀត ព្រោះកងទ័ពគឺជាអ្នកធានាឲ្យយើងបានសុខសន្តិភាព ទើបយើងអាចមានសេដ្ឋកិច្ចដំណើរការក្រុមហ៊ុនឯកជនរកស៊ីបានចូលចំណូលជាថវិការដ្ឋបានល្អប្រសើររហូតដល់សព្វថ្ងៃដោយគ្មានការភ័យខ្លាចអ្វីឡើយ ហើយប្រាក់បៀវត្សន៍កងកម្លាំងប្រដាប់អាវុធ គ្រប់មន្ត្រីរាជការ កម្មករ កម្មការិនីទាំងអស់ត្រូវបានតម្លើងជារៀងរាល់ឆ្នាំ ។
បន្ទាប់មកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានជំរុញយ៉ាងខ្លាំងប្រព័ន្ធផ្លូវតាមខ្សែក្រវាត់ព្រំដែនជាមួយប្រទេសកម្ពុជា ដែលជាផ្នែកសំខាន់ក្នុងកិច្ចការការពារប្រទេស ដឹកជញ្ជូនកសិផលបានឆាប់រហ័ស សេដ្ឋកិច្ចដើរលឿន មានការអភិវឌ្ឍន៍ខ្ពស់ ដែលពីមុនមកតំបន់ទាំងនោះសុទ្ធតែជាព្រៃគ្មានមនុស្ស គ្មានផ្លូវដែលអាចឲ្យយើងចូលទៅដល់ ។
លោកឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើទៀតថា សូមបងប្អូនដែលបានប្រើគ្រប់ប្រព័ន្ធបច្ចេកវិទ្យា (ហ្វេសប៊ុក) កុំជឿលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានក្លែងបន្លំព័ត៌មានមួលបង្កាច់ភាពវឹកវរនៅក្នុងប្រទេសកម្ពុជាឲ្យសោះ ហើយកងទ័ពពេលនេះមិនដូចកងទ័ពក្នុងឆ្នាំ១៩៧៥ ដែលចាប់បង្ខំឲ្យទៅច្បាំងគ្នានោះឡើយ គឺពេលនេះបងប្អូនយើងមានការទុកចិត្តស្រឡាញ់កងទ័ពបានចូលរួមការពារជាតិដោយស្ម័គ្រចិត្ត ដោយបានបង្ហាញថាគ្រាន់តែតម្រូវការជ្រើសរើសកងទ័ពទៅប្រចាំការនៅភូមិភាគទី១ចំនួនតែ៤ពាន់នាក់សោះ មានអ្នកស្ម័គ្រចិត្តប្រមាណ១ម៉ឺននាក់ បានដាក់ពាក្សសុំដូច្នោះនេះ គឺជាការមានជំនឿទុកចិត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការកសាងការពារប្រទេសជាតិ ហើយគ្រប់កងកម្លាំងទាំងអស់នាំគ្នាថែរក្សាសុខភាពបន្ថែមទៀតដោយបន្ទាប់ពីកិច្ចការពារជាតិ ដែលមាន សម្ដេចនាយករដ្ឋមន្ត្រី តែងតែមានការជឿទុកចិត្តលើបងប្អូនកងទ័ពទាំងអស់ដែលបានបូជាកម្លាំងកាយចិត្តដើម្បីរួមគ្នារក្សាបាននូវសុខសន្តិភាពកន្លងមកដោយការលំបាកនេះបាត់បង់ទៅវិញ ហើយសូមបងប្អូនមានការជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ដែលបានខិតខំពុះពារការពារសុខសន្តិភាព និងកសាងប្រទេសបន្តទៅទៀតនេះគឺមិនចង់ឲ្យសង្គ្រាមកើតមានជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើងទៀតបានឡើយ ព្រោះការលំបាកគឺវាស្ថិតនៅលើបងប្អូនកងទ័ពទាំងអស់ជាអ្នកប្រឈមមុខ ហើយសូមកុំជឿពួកអគតិផ្នែកគណបក្សនយោបាយប្រឆាំងមួយចំនួនល្មោភអំណាចក្បត់ជាតិ ដែលមានបរទេសនៅពីក្រោយខ្នងកំពុងតែរិះរកវិធីញុះញង់ជាច្រើនដងទាំងនៅក្នុងស្រុក និងនៅបរទេសគ្រប់បែបយ៉ាងមិនឲ្យស្រុកទេសយើងរស់នៅបានសុខឡើយ ហើយសូមនាំគ្នាទៅចូលរួមបោះឆ្នោតដើម្បីស្រុកទេសយើងទាំងអស់គ្នានៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំបីខានឡើយ ។
ជាចុងក្រោយអំណោយទាំងអស់ផ្តល់ឲ្យអង្គភាពរថក្រោះមាន មីយើង៤០០កេស ត្រីខកំប៉ុង៥០កេស ទឹកត្រី៨០យួរ ទឹកស៊ីអ៊ីវ៨០យួរ ស្រាបៀរ៤០០កេស ទឹកក្រូច៤០០កេស ទឹកដោះគោ២៥កេស ពិល២៨០ ក្រមា២៨០ ឧបត្ថម្ភកងល្បាត៦កងល្បាត១លានរៀល ជូនអង្គភាព១០លានរៀល ប្រេងសាំង២៥០០លីត្រ ម៉ាស៊ូត២៥០០លីត្រ និងថវិកាជូនកងទ័ពក្នុងម្នាក់៨ម៉ឺនរៀល កសាងឧបត្ថម្ភទីបញ្ជាការដ្ឋានម៉ាស៊ីនចម្រោះទឹក ទុយោទឹក ចំណាយប្រាក់ប្រមាណ៦ម៉ឺនដុល្លារ ថវិកាលោក ហ៊ុន ម៉ាណែត៥លានរៀល ៕
ចែករំលែកព័តមាននេះ