រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវលេខ២៧១ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានទទួលរងការខូចខាតបង្កើតឱ្យមានជាជង្ហុកធំៗ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរពិសេសអ្នកជិះម៉ូតូស្ទើររៀងរាល់យប់ថ្ងៃនោះ មកដល់ពេលនេះបានធ្វើការជួសជុលរួចរាល់ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះថា កំណាត់ផ្លូវលេខ២៧១ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដែលទទួលរងការខូចខាតបង្កើតឱ្យមានជាជង្ហុកធំៗ និងបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរពិសេសអ្នកជិះម៉ូតូស្ទើររៀងរាល់យប់ថ្ងៃនោះ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខាងមន្ទីរបានធ្វើការជួសជុលរួចរាល់ហើយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះកំណាត់ផ្លូវលេខ២៧១ក្នុងសង្កាត់ទំនប់ទឹកនេះ បានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរពិសេសអ្នកជិះម៉ូតូស្ទើររៀងរាល់យប់ រាល់ថ្ងៃ ហើយត្រូវបានបងប្អូនប្រជាជនជាអ្នកដំណើរស្នើរសុំទៅអាជ្ញាធររាជធានីភ្នំពេញ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញអោយធ្វើការជួសជុលឡើងវិញដើម្បីបញ្ច្រៀសគ្រោះថ្នាក់ដល់អ្នកដំណើរ ។ តបតាមរយៈការស្នើសុំពីប្រជាពលរដ្ឋនេះកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់គ្រឿងចក្រធ្វើការជួលជុល និងបញ្ចប់ក្នុងពេលនេះ ៕
ចែករំលែកព័តមាននេះ