ខេត្តរតនគិរី ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលមកលេងកម្សាន្ដនៅតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីមានកំណើនគួរឲ្យកត់សម្គាល់ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលខិតខំអភិវឌ្ឍន៍ធ្វើឱ្យប្រទេសរីកចម្រើនលើគ្រប់វិស័យ ។ ក្នុងនោះ ខេត្តភាគឦសានមួយនេះបានស្រូបយកភ្ញៀវទេសចរប្រមាណជាង៨ម៉ឺននាក់ និងផ្ដល់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ តាមរយៈម្ហូបអាហារ និងការស្នាក់នៅ ជាដើម ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គិតចាប់ពីអំឡុងថ្ងៃទី១៣, ១៤ និង១៥ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៨០.៣៨១នាក់ បានមកទស្សនាកម្សាន្ដនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត កើនឡើង៦,៧% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៧៩.៦៦៤នាក់ និងអន្តរជាតិមានចំនួន៧១៧នាក់ ។
លោកប្រធានមន្ទីរបានបន្ដថា ៖« ពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ខ្ញុំបានចាត់ឲ្យក្រុមការងារចុះអប់រំណែនាំអំពីអនាម័យ និងជំរុញមិនឲ្យមានការដំឡើងថ្លៃផងដែរ ក៏ប៉ុន្ដែនៅតែមានអ្នកបម្រើសេវាម្ហូបអាហារ សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន បានដំឡើងថ្លៃលើសការកំណត់របស់មន្ទីរបន្ដិចបន្ដួច ដោយសារតែតម្រូវការខ្ពស់ ខុសពីឆ្នាំកន្លងទៅ » ។
លោកបន្ដថា ៖« ការមកដល់នៃភ្ញៀវទេសចរក្នុងរយៈពេលខ្លីនេះ ក៏បានបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ក៏ដូចជាចាក់បញ្ចូលក្នុងចរន្ដសេដ្ឋកិច្ចរបស់ខេត្តផងដែរ » ។
លោកបានឲ្យដឹងទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ អាជ្ញាធរខេត្តបានរៀបចំកម្មវិធីសង្ក្រាន្តយក្សឡោម ដោយមានពិធីលេងល្បែងប្រជាប្រិយដូចជា បោះអង្គុញ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ វាយក្អម ឡើងសសរខ្លាញ់ និងប្រណាំងកង់យឺត ជាដើម ។
ក្រៅពីនេះ ក៏មានទស្សនីយភាពសិល្បៈ ការរាំលេងកម្សាន្ដសប្បាយ និងពេលរាត្រីមានពិធីបាញ់កាំជ្រួចដើម្បីអបអរសាទរបុណ្យចូលឆ្នាំផងដែរ ៕
ចែករំលែកព័តមាននេះ