ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ស្វាយចន្ទី​ធ្លាក់​ចុះ ព្រោះ​សត្វល្អិត​យាយីខណៈ​តម្លៃ​ល្អ​ប្រសើរ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​ឆ្នាំ​២០១៨​នេះ ទីផ្សារ​កសិផល​ខ្មែរ មិន​ថា​ស្រូវ ពោត ស្វាយ ដំឡូង​មី ឬ​ស្វាយចន្ទី​នោះ​ទេ សុទ្ធតែ​មាន​តម្លៃ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន…

ខេត្តកំពង់ចាម ៖ នៅ​ឆ្នាំ​២០១៨​នេះ ទីផ្សារ​កសិផល​ខ្មែរ មិន​ថា​ស្រូវ ពោត ស្វាយ ដំឡូង​មី ឬ​ស្វាយចន្ទី​នោះ​ទេ សុទ្ធតែ​មាន​តម្លៃ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ដោយសារ​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​អន្តរជាតិ ។
ក្នុងអំឡុងពេល​នេះ អ្នក​ដាំ​ស្វាយចន្ទី​ក៏​បាន​និង​កំពុង​ប្រមូល​ផល​ផង​ដែរ ប៉ុន្ដែ​បាន​ជួប​បញ្ហា​ខ្លះ ដោយសារ​តែ​មាន​សត្វល្អិត​មក​យាយី ចំ​ពេល​ស្វាយចន្ទី​ចេញ​ផ្កា ធ្វើ​ឲ្យ​ទិន្នផល​ធ្លាក់​ចុះ ហើយ​អ្នក​ដែល​ខាតបង់​ជាងគេ គឺ​ឈ្នួ​ញ​ដើរ​ម៉ៅ​ចម្ការ​ពី​កសិករ ។

បើ​តាម​អ្នកស្រី ផល សិទ្ធា អ្នកម៉ៅការ​ចម្ការ​ស្វាយចន្ទី នៅ​ភូមិ​ដីក្រហម ឃុំ​សុភា​ស បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ដើរ​ម៉ៅ​ចម្ការ​ស្វាយចន្ទី​ពី​ប្រជាពលរដ្ឋ​ចាប់ពី​៥​ហិ​កតា​ដល់​៣០​ហិ​កតា ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ ។

អ្នកស្រី​បន្ដ​ថា តម្លៃ​គ្រាប់ស្វាយចន្ទី​ឆ្នាំ​នេះ ខ្ពស់​ជាង​ឆ្នាំ​មុន និង​មាន​ទីផ្សារ​ល្អ ប៉ុន្ដែ​ទិន្នផល​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ធ្វើ​ឲ្យ​អ្នកស្រី​ខាត​ចូល​ដើម ។
អ្នកស្រី​ថា ៖« នៅ​ឆ្នាំ​២០១៨​នេះ ខ្ញុំ​បាន​ម៉ៅ​ចម្ការ​របស់​អ្នក​ភូមិ​មួយ​កន្លែង​តាំងពី​មិន​ទាន់​ចេញ​ផ្កា​ម្ល៉េះ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច ខណៈ​ពេល​ស្វាយចន្ទី​កំពុង​ចេញ​ផ្កា ស្រាប់តែ​កើត​មាន «​មូស​តែ​» ហើរ​មក​អុជ​ធ្វើ​ឲ្យ​ផ្កា​ស្វិត​ស្រពោន​ជ្រុះ​ដី​អស់ ។ ចំណែក​ទិន្នផល​ក៏​ត្រូវ​ធ្លាក់​ដែរ ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ខាត​គ្រប់​គ្នា » ។
អ្នកស្រី​បញ្ជាក់​ថា ៖« កាលពី​ដើមរដូវ គ្រាប់ស្វាយចន្ទី​លក់​បាន​ក្នុង​១​គីឡូក្រាម​តម្លៃ​៧.៥០០​រៀល ប៉ុន្ដែ​ខែមេសា​នេះ ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៤.៣០០​រៀល​ក្នុង​១​គីឡូក្រាម ហើយ​ទីផ្សារ​ភាគច្រើន​នាំ​ទៅ​ប្រទេស​វៀតណាម » ។

ដោយសារ​តែ​ដំណាំ​នេះ​មាន​ទីផ្សារ​ល្អ ក៏​បាន​ផ្ដល់​ផល​ចំណេញ​ដល់​អ្នក​បណ្ដុះ​ពូជ​ផង​ដែរ ។
អ្នកស្រី តុង សុខ ដែល​បាន​បណ្តុះ​ពូជ​ស្វាយចន្ទី​ប្រភេទ​M23 នៅ​ភូមិ​ដីក្រហម ឃុំ​សុភា​សបាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​នេះ ការ​លក់​កូន​ស្វាយចន្ទី​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ដោយ​មាន​អ្នក​មក​ពី​ចម្ងាយ​ដូច​ជា ខេត្តស្ទឹងត្រែង​, ក្រចេះ​, មណ្ឌលគិរី​, កំពង់ធំ និង​ពោធិ៍សាត់ ដោយ​ទិញ​ម្តង​ៗ ដាក់​តាម​ប្រភេទ​រថយន្ត​តូច​ធំ ក្នុង​១​ជើង​ដឹក​បាន​ពី​ជាង​២.០០០​ដើម​រហូត​ដល់​ទៅ​៧.០០០​ដើម ដែល​ក្នុង​១​ដើម​លក់​បាន​តម្លៃ​១.៧០០​រៀល ។

អ្នកស្រី​ថា ៖« របរ​បណ្តុះ​កូន​ស្វាយចន្ទី​លក់​នេះ ដ្បិត​មិនសូវ​ចំណេញ​ច្រើន តែ​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​គ្រប់គ្រាន់ និង​ប្រសើរ​ជាង​ចំណាកស្រុក ។ ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​បាន​ដាំ​ស្វាយចន្ទី​ជាង​៦​ហិ​កតា​ដែរ ប៉ុន្ដែ​ឆ្នាំ​នេះ ផ្តល់​ទិន្នផល​មិន​បាន​ច្រើន​ទេ ដោយសារ​តែ​មាន​សត្វ​«​មូស​តែ​» ទិច​ផ្កាស្វាយ​ធ្វើ​ឲ្យ​ផ្កា​ជ្រុះ​ដី​អស់ » ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក គឹ​ម សា​វឿ​ន បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា នៅ​ពេល​អាកាសធាតុ​ក្តៅ និង​មាន​ភ្លៀង​កក់ខែ​បែប​នេះ ធ្វើ​ឲ្យ​ស្វាយចន្ទី​ចាប់ផ្ដើម​ចេញ​ផ្កា ប៉ុន្ដែ​ទន្ទឹម​នោះ ក៏​មាន​សត្វល្អិត​កើតឡើង​ដែរ ។

លោក​បន្ដ​ថា ៖« សត្វល្អិត​ទាំងនោះ​វា​ហើរ​មក​ទិច​ឬ​អុជ ធ្វើ​ឲ្យ​ផ្កាស្វាយ​ចន្ទី​ស្វិត​ស្រពោន ជ្រុះ និង​មិន​កាន់​ផ្លែ​ឡើយ ។ ដោយ​ទទួល​បាន​សេចក្តីរាយការណ៍​ពី​កសិករ​នៅ​ស្រុក​ចំការលើ និង​ស្រុក​ស្ទឹង​ត្រង់នោះ ខ្ញុំ​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​តាម​បណ្តា​ចម្ការ​ស្វាយចន្ទី​របស់​ពលរដ្ឋ ដើម្បី​មាន​វិធានការ​ជួយ​ដោះស្រាយ​ដល់​ពួក​គាត់​ផង​ដែរ » ។

បើ​តាម​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា គ្រាប់ស្វាយចន្ទី​ឆ្នាំ​២០១៨​នេះ កំពុង​មាន​តម្រូវការ​ខ្ពស់ ធ្វើ​ឲ្យ​តម្លៃ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ។ ក្នុង​នោះ​ការ​ដាំ​ដុះ​ស្វាយចន្ទី​ភាគច្រើន​មាននៅ​ខេត្តកំពង់ធំ​, កំពង់ចាម​, ស្ទឹង​ត្រែង​, ក្រចេះ​, មណ្ឌលគិរី និង​រតនគិរី ជាដើម ។ កាលពី​ឆ្នាំ​មុន កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី​បាន​ប្រមាណ​១៤​ម៉ឺន​តោន លើ​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​១៤​ម៉ឺន​ហិ​កតា ។ ចំណែក​ទីផ្សារ​នាំ​ចេញ​ដែល​សំខាន់​ជាងគេ គឺ​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ