ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ជិត​៦​ពាន់​នាក់​ហើយ​បាន​ធ្វើ​ដំណើរ​តាម​កាណូត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បើក​ឲ្យ​ដំណើរការ​គម្រោង​កាណូត​ដឹក​អ្នកដំណើរ ព្រែក​ព្នៅ​-​ភ្នំពេញ​-​តា​ខ្មៅ ដឹក​ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​៣​ខែ ដោយ​មិន​គិតថ្លៃ គឺ​គិត​ចាប់ពី​ខេ​មេ​សា ដល់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​នៅ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ជាក់ស្តែង​ក្នុង​រយៈពេល​១៣​ថ្ងៃ​កន្លង​មកនេះ កាណូត​ដឹក​ជញ្ជូន​អ្នកដំណើរ​បាន​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៥,៩៣៦​នាក់ ដោយ​មិន​គិតថ្លៃ​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង​នេះ​តែ​ម្តង ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាណូត​ដឹក​ជញ្ជូន​អ្នកដំណើរ​បាន​ចាប់ផ្តើម​បើក​ឲ្យ​ដំណើរការ​ដោយ​មិន​យក​ប្រាក់ គឺ​ចេញដំណើរ​ពី​ចំណត​ឫស្សី​កែវ ទៅ​ចំណត​ក្រុង​តា​ខ្មៅ ចាប់ពី​ថ្ងៃ​ទី​៦ ខែមេសា រហូត​ដល់ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នេះ មាន​អ្នក​ជិះ​ចំនួន​៥,៩៣៦​នាក់ ដោយ​ប្រើប្រាស់​កាណូត​ចំនួន​៣​គ្រឿង ក្នុង​មួយ​ថ្ងៃ​២០​ជើង ដោយ​ឆ្លងកាត់​ចំណត​ចំនួន​៤​រួម​មាន ចំណត​ឫស្សី​កែវ ផ្សារ​ចាស់ ចតុមុខ និង​ចំណត​ស្ថានីយ​ក្រុង​តា​ខ្មៅ ។

លោក​បន្ត​ថា ក្នុង​រយៈពេល​ជាង​១៣​ថ្ងៃ​កន្លង​មកនេះ ចំនួន​អ្នក​មក​ទទួល​សេវាកម្ម​ជិះ​កាណូត​នេះ​ច្រើន​ជាងគេ គឺ​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យចូលឆ្នាំ​ថ្មី ដោយ​មាន​ចំនួន​រហូត​ដល់​៨៩១​នាក់ ។ លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា កាណូត​ដឹក​ជញ្ជូន​អ្នកដំណើរ​មិន​យក​ប្រាក់​នេះ​បាន​ចាប់ផ្តើម​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​០៦ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ គឺ​មិន​យក​លុយ​នោះ​ទេ ក្នុង​បំណង​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ តាម​ផ្លូវគោក និង​បង្កើន​សុវត្ថិភាព​ចរាចរ​ដល់​អ្នក​ធ្វើ​ដំណើរ​ចូល​-​ចេញ និង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​ធ្វើ​ឲ្យ​ចំណេញ​ពេលវេលា និង​ចូលរួម​កាត់​បន្ថយ​ការ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​តែ​ម្តង ។ លោក សាំ ពិសិដ្ឋ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការ​គាំទ្រ និង ជិះ​កាណូត​នេះ ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​លើ​ផ្លូវគោក ។

គួរ​បញ្ជាក់​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ជិះ​កាណូត​ដឹក​ជញ្ជូន​អ្នកដំណើរ​ឫស្សី​កែវ​-​តា​ខ្មៅ បើ​គិត​ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ខែមេសា ដល់​ថ្ងៃ​ទី​១៧ ខែមេសា មាន​អ្នក​ជិះ​ចំនួន​ជិត​៣,០០០​នាក់ ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ​តែ​ម្តង ។ គម្រោង​សេវា​ដឹក​អ្នកដំណើរ​តាម​កាណូត​នេះ មាន​កាណូត​ចំនួន​៤​គ្រឿង ដែល​ចេញពី​ខណ្ឌ​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល តាម​បណ្ដោយ​ទន្លេសាប និង​ទន្លេបាសាក់ ដោយ​ឆ្លងកាត់​កំពង់​ផែ​ចំនួន​៦ គឺ​កំពង់​ផែ​ព្រែក​ព្នៅ​, កំពង់​ផែ​មុខ​ឃ្លាំង​សាំង​ឫស្សី​កែវ ឬ​នៅ​ទីលាន​ប្រជាធិបតេយ្យ​, កំពង់​ផែបណ្ដែត​ទល់មុខ​ផ្សារ​រាត្រី​, កំពង់​ផែ​ណា​ហ្គា នៅ​ក្បែរ​កោះ​ពេជ្រ​, កំពង់​ផែ​ភូមិ​ដើម​ចាន់ នៅ​ច្បារ​អំពៅ និង​កំពង់​ផែ​សួនច្បារ​តា​ខ្មៅ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ