ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋភាគច្រើនជាកម្មករ ដែលបានវិលត្រលប់ទៅរាជធានីភ្នំពេញវិញ បានសម្ដែងនូវទឹកចិត្តរីករាយត្រេកអរជាខ្លាំង ព្រោះតែបានជិះរថយន្តក្រុងដោយឥតគិតថ្លៃ។ ប្រជាពលរដ្ឋលើកឡើង បែបនេះ ខណៈដែលពេលគាត់កំពុងតែឡើងជិះរថយន្តក្រុង វិលត្រលប់ទៅវិញកាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយសង្ក្រាន្តឆ្នាំថ្មីបានបញ្ជប់។ ប្រជាពលរដ្ឋដែលកំពុងជិះរថយន្តក្រុងទាំងនោះខ្លះលើកឡើងថា គាត់មកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៣ថ្ងៃហើយ ពេលនេះគាត់ត្រូវទៅផ្ទះគាត់វិញនៅរាជធានីភ្នំពេញ ។ ខ្លះទៀតបាននិយាយថា កាលមុនពេលបុណ្យចូលឆ្នាំថ្មីចឹង ក្រុមកម្មកររោចក្រដូចរូបគាត់ចឹងត្រូវចំណាយប្រាក់ក្នុង ការធ្វើដំណើរទាំងទៅ និងមក។ តែឆ្នាំនេះបានរថយន្តជិះទាំងទៅ និងមក មិនអស់លុយចឹងគាត់សប្បាយរីក រាយខ្លាំងណាស់។
គាត់ថា ឆ្នាំក្រោយសូមឲ្យរាជរដ្ឋាភិបាល ដាក់រថយន្តឲ្យបានច្រើនជាងនេះ។ ពួកគាត់សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់រថយន្តក្រុងជាច្រើនគ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋ ទៅ និងមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ព្រោះនេះជាការជួយកាត់បន្ថយការចំណាយសោហ៊ុយ របស់ពួកគាត់ ហើយពួកគាត់សំណូមពរដល់សម្តេច សូមឲ្យឆ្នាំក្រោយ មានរថយន្តដឹកប្រជាពលរដ្ឋបែបនេះទៀត។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋអ្នកដំណើរទាំងនោះបាននិយាយថា ការដឹកអ្នកដំណើរមិនយកប្រាក់ ដែលជាអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល គឺមានខ្លះមិនដឹងនៅឡើយទេ ហេតុនេះហើយទើបគេឃើញមានប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាឡើងជិះ រថយន្តតាក់ស៊ី ដែលត្រូវចំណាយប្រាក់ទៅវិញ។
ដែលបញ្ហានេះ គួរណាស់តែអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរក្រុងកំពង់ឆ្នាំង ជួយផ្សព្វផ្សាយប្រាប់អ្នកដំណើរដែលត្រូវទៅភ្នំពេញ សូមជិះរថយន្តក្រុងដោយឥគិតថ្លៃ ទើបជាការប្រសើរ។ ព្រោះបើតាមទិដ្ឋាភាពព្រឹកថ្ងៃទី១៨ ខែមេសានេះ រថយន្តក្រុងរបស់រដ្ឋចំនួន៣គ្រឿង បានបញ្ឈររង់ចាំអ្នកឡើងជិះតែមិនសូវមានឡើយ ប៉ុន្តែសម្រាប់តាក់ស៊ីវិញ មានអ្នកសម្រុកគ្នាឡើងជិះច្រើនគ្នា។ ហើយបើតាមអ្នកបើករថយន្តក្រុងទាំងនោះបានប្រាប់ថា រថយន្តដឹកអ្នកដំណើរពីខេត្តកំពង់ឆ្នាំង វិលត្រលប់ទៅភ្នំពេញវិញ មានចំនួន៣គ្រឿង ប៉ុន្តែមិនសូវមានមនុស្សឡើងជិះទេ ប្រហែលខ្លះពិតជាមិនដឹងពិតមែន៕
ចែករំលែកព័តមាននេះ