ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ក្រោយ​ការ​វាយប្រហារ​របស់​ប្រទេសមហាអំណាច​​ទាំង​៣

6 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​ពួក​លោក​ខាងលិច ៖ មហាអំណាច​លោក​ខាងលិច​៣ គឺ​សហរដ្ឋ​អា​មេ​រិ​ក បារាំង និង​អង់គ្លេស​បាន​វាយប្រហារ​លើ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១៤ មេ​សា ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​អ្វី​ដែល​ពួក​គេ​ហៅ​ថា ការ​វាយប្រហារ​ដោយ​អាវុធ​គីមី ។…

ប្រទេស​ស៊ី​រី​-​ពួក​លោក​ខាងលិច ៖ មហាអំណាច​លោក​ខាងលិច​៣ គឺ​សហរដ្ឋ​អា​មេ​រិ​ក បារាំង និង​អង់គ្លេស​បាន​វាយប្រហារ​លើ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១៤ មេ​សា ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​អ្វី​ដែល​ពួក​គេ​ហៅ​ថា ការ​វាយប្រហារ​ដោយ​អាវុធ​គីមី ។

ទោះបី​អ៊ីស្រា​អែ​ល និង​តួ​ក​គី​បាន​អបអរសាទរ​ចំពោះ​ប្រតិបត្តិការ​នេះ ប៉ុន្តែ​ប្រទេស​រុ​ស្ស៊ី អ៊ីរ៉​ង់ និង​បូ​លី​វី បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។ ការ​វាយប្រហារ​របស់​ពួក​លោក​ខាងលិច​លើ​ស៊ី​រី​នា​យប់​ថ្ងៃ​ទី​១៣ ទៅ​១៤ មេ​សា ដែល​ក្រុង​មូ​ស្គូ​បាន​បរិហារ​អគ្គ​លេខា​អធិការ​អូតង់ លោក JENS STOLTENBERG អំពាវនាវ​ដល់​រុ​ស្ស៊ី​ឱ្យ​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ ។ លោក​ថ្លែង​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​កិច្ចប្រជុំ​នៅ​ក្រុង​ព្រុច​សែ​ល​របស់​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ទាំង​២៩​ជា​សមាជិក​អូតង់ ។

លោក​បន្ត​ថា បណ្តា​សម្ព័ន្ធមិត្ត​អំពាវនាវ​ដល់​ពួក​អ្នក​ដែល​ជួយ​ទ្រទ្រង់​ដល់​របប​ស៊ី​រី ពិសេស​រុ​ស្ស៊ី​ឱ្យ​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ ហើយ​ធ្វើ​បែប​ណា​ឱ្យ​របប​ស៊ី​រី​ចូលរួម​ដោយ​ស្ថាបនា​ក្នុង​ដំណើរការ​ចរចា​សន្តិភាព​ក្រុង​ហ្សឺ​ណែវ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

ហាក់ដូចជា​ផាត់​ទុក​មួយ​ឡែក​ការ​ខ្វែង​ទំនាស់​គ្នា​របស់​ខ្លួន​ជាមួយ​ពួក​លោក​ខាងលិច ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន បាន​អបអរសាទរ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ស៊ី​រី ។ លោក​ថ្លែង​ថា​ជាមួយ​ប្រតិបត្តិការ​រួម​គ្នា​របស់​សហរដ្ឋ​អា​មេ​រិ​ក អង់គ្លេស និង​បារាំង កាលពី​ថ្ងៃ​ទី​១៤ មេ​សា របប​ស៊ី​រី បាន​ទទួល​នូវ​សារ​មួយ​គឺថា​ការ​សម្លាប់​រង្គាល​នឹង​ពុំ​ចេះ​តែ​រួចខ្លួន​ដោយ​គ្មាន​ការ​តបត​វិញ​នោះ​ឡើយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​រុ​ស្ស៊ី KOMMERSANT អនុរដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​ស័​រ​ហ្គេ​យ នី​យ៉ាប​បូ​វ និយាយ​ថា ក្រុង​មូ​ស្គូ​រក្សា​ការ​ទាក់ទង​ជាមួយ​សហរដ្ឋ
អា​មេ​រិ​ក និង​ប្រទេស​ឯទៀត​ៗ​ដែល​ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ស៊ី​រី ។ លោក​ថា ក្រុង​មូ​ស្គូ​ចង់​រួម​សហការ​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​លើ​សំណុំរឿង​ស៊ី​រី ។ចំណែក​ក្នុង​សេចក្តី​ប្រកាស​មួយ​សហភាពអឺរ៉ុប​អំពាវនាវ​ដល់​រុ​ស្ស៊ី និង​អ៊ីរ៉​ង់​ឱ្យធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​រារាំង​រដ្ឋាភិបាល​ស៊ី​រី កុំឱ្យ​ប្រើប្រាស់​អាវុធ​គីមី ។

ក្រុម​ឧទ្ទាម​ស៊ី​រី SAICH AL ISLAM វាយតម្លៃ​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​ពួក​លោក​ខាងលិច ប្រឆាំង​បណ្តា​ទីតាំង​យោធា​ស៊ី​រីនឹង​គ្រាន់តែ​ជា​ឆាកល្ខោន​មួយ បើ​ដរាបណា​ប្រធានាធិបតី​លោក​បា​ចា អាល់អាសា​ដ នៅ​តែ​កាន់​អំណាច ។ ចំពោះ​ចិន អ្នកនាំពាក្យ​ក្រសួងការបរទេស​លោកស្រី HUA CHUNYING និយាយ​ថា ការ​ចរចា​ខាង​នយោបាយ​ជា​ដំណោះស្រាយ​ប្រាកដនិយម​តែ​មួយ​គត់​នៃ​ជម្លោះ​ស៊ី​រី ។

លោកស្រី​បន្ត​ថា ការ​ស៊ើបអង្កេត​ដោយ​គ្មាន​ការ​លម្អៀង​មួយ​ត្រូវធ្វើ​នៅ​ស៊ី​រី​លើ​ការ​ចោទ​ប្រកាន់​ពី​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី ។ លោកស្រី​រំលឹក​ផង​ដែរ​ថា រាល់​សកម្មភាព​យោធា​ដោយ​ពុំ​ឆ្លងកាត់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ជា​ការ​រំលោភ​បំពាន​លើ​ច្បាប់​អន្តរជាតិ ។

ប្រធានាធិបតី​អ៊ី​រ៉​ង់ លោក​ហា​សាន់ រ៉ូ​ហា​នី ថ្លែង​ថា ការ​វាយប្រហារ​ខាង​យោធា​របស់​សហរដ្ឋ​អា​មេ​រិ​ក​នៅ​ស៊ី​រី នឹង​នាំ​ទៅ​រក​ការ​បំផ្លាញ​នៅ​តំបន់​មជ្ឈិម​បូ​ព៌ា ។

ក្នុង​សេចក្តី​ប្រកាស​មួយ​បារាំង​និយាយ​ថា ចង់​ធ្វើការ​ជាមួយ​រុ​ស្ស៊ី ដើម្បី​ឱ្យ​សម្រេច​បាន​ដំណោះស្រាយ​នយោបាយ​មួយ​នៅ​ស៊ី​រី ។ ប្រធានាធិបតី​បារាំង លោក EMMANUEL MACRON ចង់​ថែរក្សា​ការ​ចរចា​ពី​បញ្ហា​ស៊ី​រី​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ដោយ​លោក​ថា រុ​ស្ស៊ី​ជា​តួអង្គ​សំខាន់​សម្រាប់​ដំណោះស្រាយ​នយោបាយ​មួយ​ក្នុង​ប្រទេស​​នេះ ។ វិមាន​ប្រធានាធិបតី​បារាំង អេ​លី​ហ្សេ​អះអាង​ថា ប្រតិបត្តិការ​យោធា​របស់​អា​េ​ម​រិ​ក អង់គ្លេស និង​បារាំង​ពុំ​សំដៅលើ​រុ​ស្ស៊ី​ឡើយ ។ ក្រុងប៉ារីស​ចង់​ជា​ពិសេស​ឱ្យ​ក្រុង​មូ​ស្គូ​យល់ព្រម​បង្កើត​យន្តការ​ស៊ើបអង្កេត​រួម​មួយ​លើ​អាវុធ​គីមី​រវាង អ​.​ស​.​ប និង​អង្គការ​ហាមឃាត់​អាវុធ​គីមី OIA ។

អា​មេ​រិ​ក អង់គ្លេស និង​បារាំង​បញ្ជាក់​ថា ពួក​គេ​ពុំ​មាន​បំណង​ធ្វើការ​វាយប្រហារ​ថ្មី​ៗ​ទៀត​ឡើយ លើកលែងតែ​ក្នុង​ករណី​មានការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ថ្មី​របស់​ក្រុង​ដា​ម៉ាស់ ។ មី​ស៊ី​ល​ជាង​១០០​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​ដោយ​មហាអំណាច​ទាំង​៣ ពោល​គឺ​ជិត​ទ្វេ​ដង​នៃ​ចំនួន​មី​ស៊ី​ល​ដែល​សហរដ្ឋអាមេរិក​បាញ់ប្រហារ​កាលពី​១២​ខែ​មុន ប្រឆាំង​មូល​ដ្ឋាន​អាកាសចរណ៍​ស៊ី​រី​មួយ​ក្រោយ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​សម្លាប់​ជន​ស៊ី​វិល​៨០​នាក់ ក្នុង​តំបន់​ឧទ្ទាម​មួយ ។ បារាំង​បាន​បាញ់​មី​ស៊ី​ល​បណ្តែត​១២​គ្រាប់ ។ ការ​វាយ​ប្រហារ​​តាម​អាកាស​របស់​មហាអំណាច​ទាំង​៣ សំដៅលើ​គោលដៅ​យោធា​ស៊ី​រី​៣​កន្លែង តែ​ពុំ​បង្ក​ឱ្យ​មានការ​បាត់បង់​អាយុជីវិត​ជន​ស៊ី​វិល​ឡើយ ។

ក្នុង​ចំណោម​មី​ស៊ី​ល​ដែល​បាញ់​​ចេញ​ទាំង​ជាង​១០០​គ្រាប់ មួយ​ចំនួន​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​កងការពារ​អាកាស​ស៊ី​រី។ អ្នកឯកទេស​ជា​ច្រើន​យល់​ថា ការ​វាយប្រហារ​ទាំងនេះ​បង្ក​ផលវិបាក​តិចតួច​នៅ​លើ​ទីលាន​ដោយ​ពួក​គេ​និយាយ​ថា វា​គ្រាន់តែ​ជា​ការ​ជួយ​លុប​លាង​មុខមាត់​របស់​ពួក​លោក​ខាងលិច​ប៉ុណ្ណោះ ។ ហើយ​ក្រុង​មូ​ស្គូ​ដឹង​ទើប​ពុំ​ចេញ​មុខ​បាញ់​ស្ទាក់​កម្ទេច ។ លោក​ត្រាំ និង​សម្ព័ន្ធមិត្ត​អះអាង​ពី​ជោគជ័យ​នៃ​ការ​វាយប្រហារ​ដាក់​ទណ្ឌកម្ម​នេះ​ប្រឆាំង​របប​ក្រុង​ដា​មា់ស់ ។ រុ​ស្ស៊ី​ស្នើ​ឱ្យ​បើក​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ អ​.​ស​.​ប តែ​ពុំ​សម្រេច​បាន​ដំណោះស្រាយ​មួយ​ដែល​ថ្កោលទោស​ការ​ឈ្លាន​ពាន​​ដោយ​អាវុធ​ប្រឆាំង​ក្រុង​ដា​ម៉ាស់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ