ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរ​សង្ក្រាន្ត​រយៈពេល​៤​ថ្ងៃនេះ ទទួល​បាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​១,៨​លាន​នាក់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រយៈពេល​៤​ថ្ងៃ (១៣-១៦ ខែមេសា​) នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៦ នៅ​ខេត្តសៀមរាប ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ប្រមាណ ១,៨​លាន​នាក់…

ខេត្តសៀមរាប ៖ រយៈពេល​៤​ថ្ងៃ (១៣-១៦ ខែមេសា​) នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៦ នៅ​ខេត្តសៀមរាប ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ប្រមាណ ១,៨​លាន​នាក់ បាន​ចូលរួម​ទស្សនា​កម្សាន្ត ស្ថិត​ក្នុង​កំណើន ១២% ជាមួយនឹង​ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់​។ ស្ថិតិ​ភ្ញៀវ​ទេសចរណ៍​ខាងលើ​នេះ ត្រូវ​បាន​បង្ហាញ​ដោយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគុំ​ត​ន្រី្ត នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជាមួយ​វត្តមាន​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប និង​វត្តមាន​យុវជន សមាជិក​-​សមាជិកា ស​.​ស​.​យ​.​ក ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​។

លោក ថោ​ង ខុន បាន​បន្ត​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ត្រូវ​បាន​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌​ដ៏​ធំ​មួយ​របស់​កម្ពុជា នៅ​លើ​ទឹកដី​អច្ឆរិយៈ ដែល​ត្រូវ​បាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ដ៏​ទាក់ទាញ និង​ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ក្នុង​ចំណោម​ពិធីបុណ្យ​ដ៏​ធំ​ទាំងឡាយ ដែល​អាស៊ាន​បាន​ជ្រើសរើស និង​ផ្សព្វផ្សាយ​សម្រាប់​អបអរសាទរ​ខួប​ទី​៥០​ឆ្នាំ នៃ​ការ​បង្កើត​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ដែល​ព្រឹត្តិការណ៍​លើក​ទី​៦​ឆ្នាំ​នេះ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​សាទរ​មរតក​ដូនតា​»​។ លោក ថោ​ង ខុន បាន​បន្ត​ទៀត​ថា ព្រឹត្តិការណ៍​សង្ក្រាន្ត គឺ​ពិតជា​បាន​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ ការ​ជួបជុំ​គ្នា តាម​រយៈ​ការ​បង្ហាញ​នូវ​វប្បធម៌​អរូបី​យ ដូច​ជា ល្បែង​ប្រជាប្រិយ តន្ត្រី របាំ​ប្រពៃណី ម្ហូបអាហារ កីឡា ទំនៀមទម្លាប់​នៃ​ការ​រស់នៅ​របស់​ប្រជាជន​ខ្មែរ រួម​ជាមួយនឹង​ការ​លើកយក​មក​នូវ​កេរ្តិ៍​ដំណែល​អរិយធម៌ និង​ស្នាដៃ​នានា​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុក​តាំងពី​យូរលង់​ណាស់​មក​ហើយ​។ ព្រម​ជាមួយ​នេះ​សង្ក្រាន្ត​ក៏​បាន​ផ្តល់​ឱកាស​ជា​ច្រើន​បន្ថែម​ទៀត ដល់​ប្រតិបត្តិ​ករ អាជីវករ ទេសចរណ៍ អ្នក​លក់ដូរ​ទទួល​បាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន និង​បាន​ផ្តល់​ផល​ប្រ​យោជន៍​ជា​ច្រើន ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ទាំងមូល​។

ដោយឡែក​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ យើង​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​ធ្វើ​ដំណើរ​ពី​ទី​ជិត​ទី​ឆ្ងាយ មក​ចូលរួម​ទស្សនា​កម្សាន្ត ប្រកបដោយ​ទឹកមុខ​រីករាយ​គ្រប់​ៗ​គ្នា​។ ជាមួយនឹង​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវថ្នល់​ដ៏​ល្អ ប្រជាពលរដ្ឋ​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។ ប្រជាពលរដ្ឋ និង​ទេសចរណ៍​ឆ្នាំ​នេះ កាន់តែ​មានការ​យល់​ដឹង​ខ្ពស់​ពី​ការ​ចូលរួម​ក្នុង​ការ​រក្សា​ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន បាន​ល្អ​។ ការ​ចូលរួម​ដ៏​ល្អ​នេះ បាន​បញ្ជាក់​ច្បាស់​ពី​ការ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ទៅ​កាន់​គោលដៅ​ទេសចរណ៍ និង​បញ្ជាក់​កាន់តែ​ច្បាស់​អំពី​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៃ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់​ថា «​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨​នេះ តាម​ការ​វាយតម្លៃ​ដំបូង មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ចូលរួម​ទស្សនា​កម្សាន្ត​ប្រមាណ ១,៨​លាន​នាក់ កើនឡើង ១២%»​។ លោក​ថា ការ​រំពឹង​ទុក​ប្រកបដោយ​សុទិដ្ឋិនិយម នៃ​ទំនាក់ទំនង​ដ៏​ស្អិត​ល្មួត​រវាង​វិស័យ ទេសចរណ៍ និង​វិស័យ​វប្បធម៌ គឺ​ដោយសារ​កម្ពុជា​មាន​សក្តានុពល​ធំធេង​ណាស់ ទាំង​បេតិកភណ្ឌ​វប្បធម៌​រូបី​យ និង​អរូបី​យ និង​បេតិកភណ្ឌ​ធម្មជាតិ​។

បើ​គិត​ត្រឹមតែ​ប្រាង្គ​ប្រាសាទបុរាណ កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​អាស៊ី ដែល​មាន​ប្រាង្គ​ប្រាសាទ​ជាង ១.០០០​កន្លែង ជា​ពិសេស​ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ដែល​បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​យ នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO) និង​សម្បត្តិ​វប្បធម៌​អរូបី​យ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ​របស់​អង្គការ UNESCO​។ លោក​រដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ​ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ប្រធាន ស​.​ស​.​យ​.​ក និង​សមាជិក​-​សមាជិកា ស​.​ស​.​យ​.​ក ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី និង​ឆន្ទៈ​មោះមុត ហើយ​តែងតែបាន​សហការ​ជាមួយ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន ចូលរួម​គ្រប់​សកម្មភាព​វប្បធម៌ សង្គម និង​បរិស្ថាន ពិសេស​បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ឡើង ដើម្បី​ចូលរួម​បំផុសគំនិត​រួបរួម​កម្លាំង​សាមគ្គីភាព​ជា​គ្រួសារ​ខ្មែរ​តែ​មួយ ក្នុង​មោទនភាព​ជាតិខ្មែរ​ជា​ធ្លុង​មួយ និង​បណ្តុះ​ស្មារតី​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ ប្រកបដោយ​និរន្តរភាព ដោយ​ឈរ​លើ​ទស្សនទាន «​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​» ក្នុង​សម័យកាល​សាកល​ភា​រូប​នី​យ​កម្ម​ទំនើប​ជំនាន់​ថ្មី​នេះ ដើម្បី​ខ្មែរ​តែ​មួយ អនាគត​តែ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ