រាជធានីភ្នំពេញ ៖ តាំងពីពេលចេញប្រកួតកីឡាអូឡាំពិកកាលពីជិត២ឆ្នាំមុនម្ល៉េះ ដែល កីឡាការិនីស៊ន សៀវម៉ី បានប្រកាសប្រាប់ថា នាងមានគម្រោងលាឈប់ពីអាជីពរបស់ខ្លួនទាំងស្រុង ពោលគឺក្រោយពីបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកជាថ្មីម្ដងទៀតនៅឆ្នាំ២០២០ ។ ជាមួយគ្នានោះ នាងក៏ប្រកាសឱ្យដឹងពីគម្រោងរៀបការដើម្បីកសាងសុភមង្គលផ្ទាល់ខ្លួន ស្របគ្នានឹងការប្រកាសលាឈប់ពីតេក្វាន់ដូផងដែរ ប៉ុន្តែគិតមកដល់ពេលនេះដំណឹងមង្គលការរបស់នាងហាក់ស្ងាត់បាត់ឈឹងសូម្បីតែនាងក៏លែងចង់និយាយស្ដីពីរឿងនេះដែរ។
ស៊ន សៀវម៉ី បានអះអាងនាពេលនោះថា ប្រហែលជា៤ឆ្នាំក្រោយអំឡុងឆ្នាំ២០២០ខាងមុខនេះឯង គឺបន្ទាប់ពីចូលប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកជាថ្មីម្ដងទៀត នាងនឹងសម្រេចចិត្តមានប្ដីមានកូនមិនខុសពីនារីភាគច្រើនដើម្បីកសាងគ្រួសារ ។ នាងថា គូស្នេហ៍របស់ខ្លួននឹងកំណត់ឱ្យរង់ចាំនាងបញ្ចប់ការប្រកួតអូឡាំពិក៤ឆ្នាំបន្ទាប់ ហើយនៅក្នុងពេលនោះគឺនាងនឹងឈប់ឱ្យដាច់តែម្ដងពីអាជីពជាកីឡាការិនីផ្នែកតេក្វាន់ដូ ។ នាងថា ខ្លួនមិនចូលចិត្តធ្វើជាអ្នកបង្វឹក ឬបង្ហាត់សិស្សនោះទេ ទើបនាងគិតថា បើនាងឈប់ធ្វើជម្រើសជាតិ គឺឈប់តែម្ដងពីអាជីពកីឡាមួយនេះ ។ នាងលើកហេតុផលជាច្រើនមកបញ្ជាក់ថា វ័យនាងទម្រាំដល់៤ឆ្នាំទៀត ក៏សមល្មមនឹងផ្អាកការតស៊ូហើយក្នុងពេលដែលនាងមានស្វាមីទៅហើយនាងក៏មិនចង់ប្រកួត ឬប្រឹងបង្ហាត់សិស្សអីដែរ ។
កីឡាការិនីវ័យ២៣រូបនេះបន្តថា៖«សម្រាប់ខ្ញុំបើមានប្ដីគឺខ្ញុំអត់ចង់នៅពាក់ព័ន្ធអីនឹងតេក្វាន់ដូទេព្រោះខ្ញុំអត់ចូលចិត្តបង្ហាត់សិស្សដូចបងៗខ្ញុំ ។ ឱ្យតែការហើយគឺចប់ហ្មងអាជីពកីឡា ត្រង់នឹងហើយដែលខ្ញុំសុំឱ្យចាស់ទុំលើកគម្រោងភ្ជាប់ពាក្យ និងរៀបការនៅ៤ឆ្នាំទៀត ព្រោះខ្ញុំអត់ចង់មានប្ដីហើយនៅប្រកួតអីទេ តែមានប្ដីគឺឈប់ហើយ!» ។ នេះជាការលើកឡើងមួយថ្មីដែលធ្វើឱ្យគេដឹងថា រវាងសុភមង្គលគ្រួសារ និងតេក្វាន់ដូ គឺស្ថិតនៅម្ខាងម្នាក់សម្រាប់កីឡាការិនីរូបនេះ ។
ស៊ន សៀវម៉ី បញ្ជាក់ថា ក្រោយបញ្ហារបួសជើងបានធូរជាងមុន នាងនៅតែប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមប្រកួត ប៉ុន្តែនាងគ្មានសង្ឃឹមថានឹងបានជាដូចដើមទេទោះបីបានចេញទៅព្យាបាលនៅក្រៅប្រទេសក្ដី ។ ជាមួយនឹងស្ថានភាពរបួសដែលមិនអាចឱ្យនាងប្រឹងប្រែងហាត់ខ្លាំងនោះហើយដែលធ្វើឱ្យនាងត្រូវបង្ខំចិត្តប្រកាសជំហរលាឈប់ ដោយគ្មានការប្រែប្រួល លើកលែងតែមានលក្ខខណ្ឌណាមួយដែលធ្វើឱ្យនាងកែប្រែខុសពីនោះកើតឡើង ។
ផ្ទុយទៅវិញ សម្រាប់គម្រោងមង្គលការ នាងបែរជាបង្ហាញភាពស្ទាក់ស្ទើរក្នុងការលាតត្រដាង ដោយនាងបញ្ជាក់យ៉ាងខ្លីថាមិនទាន់ចង់និយាយ និងចង់ឱ្យមហាជនចាំអ៊ុតទៅវិញថានាងចូលរោងការជាមួយអ្នកណា ហើយនៅពេលណា។ នាងថា ជីវិតស្នេហាគឺនាងត្រូវតែមាន ប៉ុន្តែនាងហាក់មិនទាន់កំណត់ដោយខ្លួនឯងបានទេ គឺមានតែរង់ចាំពេលវេលា និងកាលៈទេសៈតែប៉ុណ្ណោះ ដែលបញ្ហានេះគឺអាចបណ្ដាលមកពីនាងស្រឡាញ់កីឡាខ្លាំងក្លា ហើយគូស្នេហ៍របស់នាងមិនចង់ឱ្យនាងវាយស៊ប់នឹងអាជីពមួយនេះ ។ ស៊ន សៀវម៉ី បញ្ជាក់ថា មានការតែការលាឈប់ប៉ុណ្ណោះ ទើបអាចឱ្យនាងសម្រេចចិត្តរៀបការ និងមានគ្រួសារដោយពេញចិត្ត ទើបនាងស្នើឱ្យរង់ចាំរហូតដល់ពេលដែលនាងបញ្ចប់ការប្រកួតនៅអូឡាំពិកឆ្នាំ២០២០ទើបនាងប្រកាសថា នឹងរៀបការបានពេលណា ហើយជាមួយអ្នកណា។
មកទល់ពេលនេះ នាងក៏កាន់តែស្រស់ស្អាតប្លែកជាងមុនដោយពេលបង្ហាញខ្លួននៅក្នុង ពិធីមង្គលការមិត្តភកិ្តម្ដងៗក៏ធ្វើឱ្យទាក់ភ្នែកអ្នកដែលបានឃើញនាងផងដែរ ។ នាងកម្រឃើញបណ្ដើរគូស្នេហ៍ដែលបានប្រកាសថាស្រឡាញ់ និងត្រៀមរៀបការជាមួយគ្នាម្នាក់នោះខ្លាំងណាស់ ទើបធ្វើឱ្យគេពិបាកប៉ាន់ស្មានពីទំនាក់ទំនង ក្នុងពេលដែលនាងក៏លែងចង់និយាយ ហើយមិនបញ្ជាក់ឱ្យដឹងពីគម្រោងភ្ជាប់ពាក្យ និងរៀបការ ។ បើទោះជានាងជានារីរាងខ្ពស់ស្រឡះ ហើយល្បីឈ្មោះ ប៉ុន្តែគេនៅតែកត់សម្គាល់ថានាងជានារីសំបូរស្នេហ៍មិនធម្មតានោះឡើយ ដោយបុរសជាសង្សារដែលត្រូវគេស្គាល់ថាជាមន្ត្រីធ្វើការក្នុងក្រសួងមួយផង ក៏សមនឹងនាងផងដែរ ដ្បិតថាលោកមានកម្ពស់ទាបជាងនាងបន្តិចក្ដី ។
អ្នកគាំទ្រមានការអន្ទះសារចង់ឃើញតារាស្រីល្បីឈ្មោះក្នុងពិភពតេក្វាន់ដូរូបនេះ ក្លាយជានារីដែលបានរៀបការ និងមានសុភមង្គលខ្លាំងណាស់ ទើបដំណឹងរៀបការរបស់នាងនៅតែមានការចាប់អារម្មណ៍តាមដាន ជាពិសេសក្នុងពេលដែលនាងប្រកាសថានៅឆ្នាំ២០២០ នឹងមានការបញ្ជាក់កាន់តែច្បាស់ជាងនេះ ។ ស៊ន សៀវម៉ី បញ្ជាក់ថា មង្គលការមិនមែនជារឿងលេងសើចនោះទេ បើនាងរៀបការត្រូវតែមានគម្រោងឱ្យច្បាស់ ហើយនាងមិនអាចចាប់យកកីឡាផង និងស្វាមីផងក្នុងពេលតែមួយបានទេ ក្នុងពេលដែលការប្រឡូកអាជីពតេក្វាន់ដូរាល់ថ្ងៃ នាងថាស្ទើរមិនមានពេលសម្រាក ជាពិសេសក្នុងពេលការប្រកួតរមែងចាប់ផ្ដើមម្ដងៗ ដែលតម្រូវឱ្យនាងត្រូវចេញក្រៅប្រទេស ឬចេញទៅហាត់ឆ្ងាយគ្រួសារ ដែលមិនអាចបំពេញតួនាទីជាមេផ្ទះបាន ។
បើទោះជានាងមានចំណូលចិត្តផ្នែកកីឡាខុសពីស្ត្រីភាគច្រើន ប៉ុន្តែនាងប្រាប់ថា បើខ្លួនមានស្វាមី គឺត្រូវតែបោះបង់ឱ្យអស់ ក្នុងនោះមិនត្រឹមតែកីឡានោះទេ គឺសូម្បីតែកិច្ចការផ្ទះ និងការងារជាស្ត្រីមេផ្ទះផ្សេងទៀតក៏ត្រូវតែមាននោះដែរ ។ នាងសម្រេចចិត្តថា ទាល់តែនាងលាឈប់ពីតេក្វាន់ដូទើបរៀបការ ហើយបានប្រកាសថា បើគូស្នេហ៍របស់នាងអាចចាំបាន គឺគូព្រេង តែបើចាំមិនបានក៏ចាត់ទុកថាជារឿងនិស្ស័យ ដែលជាមូលហេតុនាំឱ្យនាងមិនទាន់ចង់និយាយអ្វីនៅក្នុងពេលនេះ៕
ចែករំលែកព័តមាននេះ