ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្តែង​ការ​ព្រួយបារម្ភ ចំពោះ​ផ្លូវ​២​ខ្សែ​ដែល​រង​ការ​បំផ្លាញ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​មិន​សប្បាយចិត្ត ចំពោះ​ផ្លូវ​២​ខ្សែ​រង​ការ​បំផ្លិចបំផ្លាញ ស្ទើរ​ទាំងស្រុង​ដោយសារ​រថយន្ត​ដឹក​ដី និង​ដឹក​អីវ៉ាន់​ធ្ងន់ ដែល​ខាង​មន្ត្រី​អាជ្ញាធរ​អប្សរា​ជា​អ្នក​ទទួល​បន្ទុក មិន​ព្រម​ធ្វើការ​ជួសជុល​ឡើង​វិញ​សោះឡើយ​។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ថា ផ្លូវ​ក្រវាត់ក្រុង…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​មិន​សប្បាយចិត្ត ចំពោះ​ផ្លូវ​២​ខ្សែ​រង​ការ​បំផ្លិចបំផ្លាញ ស្ទើរ​ទាំងស្រុង​ដោយសារ​រថយន្ត​ដឹក​ដី និង​ដឹក​អីវ៉ាន់​ធ្ងន់ ដែល​ខាង​មន្ត្រី​អាជ្ញាធរ​អប្សរា​ជា​អ្នក​ទទួល​បន្ទុក មិន​ព្រម​ធ្វើការ​ជួសជុល​ឡើង​វិញ​សោះឡើយ​។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ថា ផ្លូវ​ក្រវាត់ក្រុង ទាំង​២​ខ្សែ​នោះ​ឈ្មោះ​ថា ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ ១​ខ្សែ ចាប់ពី​ចំណុច​ស្វាយ​ធំ សង្កាត់​អំពិល ឆ្ពោះទៅ​ដល់​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី និង​ផ្លូវ​ខាងជើង​អង្គរវត្ត ចំណុច​ជញ្ជីង​ថ្លឹង​ឡាន ឆ្ពោះទៅ​ពាក់​ស្នែង ស្ថិត​ក្នុង​ឃុំ​ភ្លង់​លាងដៃ ស្រុក​អង្គរធំ កំពុង​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​បែរជា​មើល​រំលង​ទៅ​វិញ​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​ដែរ មន្ត្រី​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តសៀមរាប បាន​ច្រានចោល​នូវ​បញ្ហា​ប្រឈម​នេះ​ថា ផ្លូវ​ទាំង​២​ខ្សែ​នេះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា មិន​ពាក់ព័ន្ធ​នឹង​មន្ទីរ​សាធារណៈការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្ត​នោះ​ទេ ដោយឡែក​ជញ្ជីង​នៅ​ចំណុច​ជាប់​កែង​ផ្លូវ​ទៅ​ពាក់​ស្នែង គឺជា​ជញ្ជីង របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដែរ​។

បើ​តាម​ប្រជាពលរដ្ឋ រស់នៅ​តាម​ដងផ្លូវ​មួយ​នេះ​ថា កន្លង​មក​មានការ ជួសជុល​ដែរ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ទេ ក៏​ខូច​ទៅ​វិញ​ដដែល មិនដឹង​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​។ ការ​ខូច​បែប​នេះ​ដោយសា​រថយន្ត​ធំ​ៗ​ដឹក​ដី ដឹក​ខ្សាច់ បើកបរ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​។ ចំណែក​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ​អាច​ជា​ការ​ដាក់​ដើម្បី​ប្រមូល​លុយ​ដាក់​ចូល​ហោប៉ៅ ដើម្បី​ចែក​គ្នា​តែ​ប៉ុណ្ណោះ​។ ជុំវិញ​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត បាន​លើក​ឡើង​ថា​ផ្លូវ​ទាំង​២​ខ្សែ​នេះ ឆាប់​ខូច​មក​ពី​អាជ្ញាធរ​ធ្វើ​ផ្លូវ មិន​ត្រូវ​ស្តង់ដា​បច្ចេកទេស ទើប​ធ្វើ​ពីមុខ​ខូច​ពីក្រោយ​យ៉ាង​ដូច្នេះ​។ ចំណែក លោក ឡុ​ង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ផ្លូវ​ទាំង​២​ខ្សែ​ខាងលើ នេះ អាជ្ញាធរ​ជាតិ​អប្សរា​មិន​ទុក​ចោល​នោះ​ទេ ព្រោះ​ការ​អភិរក្ស និង​ការ​អភិវឌ្ឍន៍ របស់​អាជ្ញាធរ​ជាតិ​អប្សរា វា​ដើរ​ទន្ទឹម​គ្នា ចំពោះ​ការ​អភិវឌ្ឍន៍​វិញ​អាជ្ញាធរ​ត្រូវ​តែ​ធ្វើ គ្រាន់តែ​មានការ​យឺតយ៉ាវ​បន្តិច​ប៉ុណ្ណោះ ដោយសា​តែ​កំពុង​រង់ចាំ​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រហែលជា​៣ ខែ​ទៀត​ទើប​ធ្វើការ ជួសជុល​។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​ចាប់ពី​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ស្វាយ​ធំ​បត់​ចូល ទៅ​ដល់​រង្វង់​មូល​ព្រៃ​គុយ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង វា​ខូចខាត​ខ្លាំង​ជាងគេ ហើយពី​រង្វង់​មូល​ព្រៃ​គុយ ស្រុក​ប្រាសាទបាគង ដល់​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប វា ខូចខាត​ល្មម ដោយសា​រថយន្ត​ដឹក​ដី​ធ្ងន់​ៗ ដូច្នេះ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​រាយការណ៍​ទៅ​អាជ្ញាធរ ខេត្ត​រួចរាល់​ហើយ​ដែរ​។ លោក​បាន​បញ្ជាក់​ថា ផ្លូវ​ទាំង​២​ខ្សែ​នេះ​គឺជា​ផ្លូវ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ នៅ​អង្គរវត្ត និង​ជា​ផ្លូវ​សម្រាប់​បញ្ចៀស​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ និង​ដឹក​ដី​ធ្ងន់​ៗ​ផង​ដែរ​៕
https://youtu.be/LWPqo5ZYVqU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ