ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់ កម្ពុជា​កំពុងផ្លាស់​ចេញពី​ការ​ពឹងពាក់​វិស័យ​កសិកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លង​មកនេះ កម្ពុជា​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំ ហើយ​ក៏​កម្រ​មាន​ប្រទេស​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​អាច​ធ្វើ​បាន​នោះ​ដែរ ។ បើ​តាម​សារលិខិត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លង​មកនេះ កម្ពុជា​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​ក្នុង​មួយ​ឆ្នាំ ហើយ​ក៏​កម្រ​មាន​ប្រទេស​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​អាច​ធ្វើ​បាន​នោះ​ដែរ ។ បើ​តាម​សារលិខិត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ជូន​ប្រជា
ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ បាន​ឲ្យ​ដឹង​ថា កំណើន​ដ៏​រឹង​មាំ​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​រីក​ចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និង​អចលនទ្រព្យ ជាដើម ។

តាម​លិខិត​នេះ​ថា កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ។ កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ប្រុង​ប្រយ័ត្ន និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច មាន​ស្ថិរភាព ហើយ​បាន​ជំរុញ និង​លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ភាព​ប្រកួតប្រជែង ព្រមទាំង​ការ​ផលិត និង​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ។
សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ បាន​ធ្វើ​ឲ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ ។ ជាក់ស្ដែង ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្ស​ម្នាក់​បាន​កើន​ពី​១.០៤២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៣ ដល់​១.៤៣៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ ។

តាម​រយៈ​សកម្មភាព​ផ្លាស់​ចេញពី​វិស័យ​កសិកម្ម ទៅ​រក​វិស័យ​ឧស្សាហកម្ម​សម្រាប់​កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល​បាន​កៀងគរ​វិនិយោគទុន​នានា​ពី​បរទេស ដើម្បី​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជាក់ស្ដែង តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឃើញ​ថា ស្ថាប័ន​មួយ​នេះ​អនុញ្ញាត​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​បន្តបន្ទាប់​ដល់​ក្រុមហ៊ុន​បរទេស​ដែល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ ។
លោក ជា វុ​ទ្ធី អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​តួនាទី​សំខាន់​ក្នុង​ការ​កៀងគរ​វិនិយោគិន​មក​កម្ពុជា ដើម្បី​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​កំណើន​ខ្ពស់​ឡើង ។
លោក​ថា ៖« យើង​មាន​តែ​តួនាទី​កៀងគរ​បណ្តា​វិនិយោគិន​បរទេស​នានា​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​វិនិយោគ​បង្កើត​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​ក្រុម​វិនិយោគិន​ទាំងនោះ​មាន​គម្រោង​បែប​នេះ ធ្វើ​បាន​ល្អ​កម្រិត​ណា គឺ​អាស្រ័យ​លើ​ពួក​គេ ក៏​ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវធ្វើ​ទៅ​តាម​ច្បាប់​វិនិយោគ​របស់​កម្ពុជា​យើង​ដែរ » ។

តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​កម្ពុជា មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៦,១​លាន​នាក់​នៅ​ឆ្នាំ​២០១៨, ឆ្នាំ​២០២០ កើនឡើង​ដល់​៧​លាន​នាក់ និង​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០​។ ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​កម្ពុជា ក៏​ជា​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍ ។ ជាក់ស្ដែង ក្នុង​ភ្ញៀវ​ម្នាក់​ៗ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ទៅ​លើ​ការ​ស្នាក់​នៅ ហូប​ចុក និង​ការ​ទិញ​របស់របរ​ត្រឡប់​ទៅ​ស្រុក​វិញ ។
ដោយឡែក ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​ជា​វិស័យ​ស្នូល​នា​ពេល​បច្ចុប្បន្ន ក្នុង​ការ​រួមចំណែក​សេដ្ឋកិច្ចជាតិ តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ ឧស្សាហកម្ម​កាត់ដេរ​មាន​ចំណែក​ក្នុង​ផ​.​ស​.​ស ១,៤% ហើយ​ឧស្សាហកម្ម​សំណង់​បាន​រួមចំណែក​១,៥% នៃ​ផ​.​ស​.​ស ។
សេដ្ឋវិទូ​នានា​បាន​ផ្ដល់​ជា​យោបល់​ដល់​កម្ពុជា​ថា គួរតែ​ងាក​ចេញពី​វិស័យ​កសិកម្ម ទៅ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ដែល​អាច​រក​ចំណូល​បាន​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​។ ជាក់ស្ដែង វិស័យ​សេវាកម្ម​ទេសចរណ៍​អាច​រក​ប្រាក់​ចំណូល​សរុប​បាន​ប្រមាណ​៣.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​រំពឹង​ថា កើន​ដល់​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០៣០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ