សារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា លោកស្រីខារេន គូព័រ (Karen Cooper) ជនជាតិអាមេរិក អាយុ៦០ឆ្នាំបានចំណាយប្រាក់រៀបការជាមួយដើមជ្រៃអាយុ១០០ឆ្នាំ នៅក្នុងឧទ្យាន«ស្នេលហ្វេមីលី» (Snell Family) ក្រុងហ្វ៊័តមីយ័រ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤មីនា ២០១៨ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ។
លោកស្រីខារេន គូព័រ បានបញ្ជាក់ពីមូលហេតុនៃការរៀបការនេះ ព្រោះខ្លួនមានក្ដីសង្ឃឹមថានឹ ងជួយថែរក្សាដើមជ្រៃដែលមានអាយុជាង១០០ឆ្នាំនេះឲ្យស្ថិតនៅក្នុងសួនសាធារណៈក្នុងរយៈពេលយូរ ដោយមិនទទួលការកាប់បំផ្លាញ។
កន្លងមកលោកស្រីដែលបានរស់នៅក្នុងទីក្រុងនោះអស់រយៈពេលជិត៤០ឆ្នាំបានរៀបរាប់បន្តទៀតថា «នៅពេលខ្ញុំឮដំណឹងថា អាជ្ញាធរមានគម្រោងកាប់ដើមជ្រៃចោល ខ្ញុំសម្តែងការមិនយល់ស្របទើបសម្រេចចិត្តរៀបការតែម្ដង។ កន្លងមកមានមនុស្សជាច្រើនបានមកឈរថតជាគូនៅខាងក្រោមដើមឈើនេះ ប៉ុន្តែខ្ញុំបែរជាមករៀបការជាមួយដើមឈើ» ។
ពិធីនេះក្រៅពីមានលោកស្រីគូព័រជាកូនក្រមុំ ដើមជ្រៃយក្សជាកូនកំលោះនោះ ក៏មានកូនកំដរ នំខេក និងឆ្កែរបស់លោកស្រីចូលរួមនៅក្នុងពិធីនេះដែរ ៕
ចែករំលែកព័តមាននេះ