ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ម្ចាស់​ពាន​រង្វាន់ ​Cambodian idol រដូវ​កាល​ទី​៣ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian idol រដូវ​កាល​ទី​៣ ពានរង្វាន់​បាន​ទៅ​លើ​បេក្ខជន​គ្រី ថៃ​ពៅ ។…

រាជធានី​ភ្នំពេញ ៖ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian idol រដូវ​កាល​ទី​៣ ពានរង្វាន់​បាន​ទៅ​លើ​បេក្ខជន​គ្រី ថៃ​ពៅ ។

កាលពី​វគ្គ​ឡាយ​សូ​ស​ប្តា​ហ៍​ទី​៧​គ្រី ថៃ​ពៅ​បាន​សាង​កំហុស​ដោយ​ច្រៀង​ភ្លេច​ប៉ា​រ៉ូ​ល​នូវ​បទ​ក​ន្ទ្រឹ​ម ប៉ុន្តែ​លោក​សមាធិ​ច្រៀង​ទាល់តែ​ចប់ ។ ជា​ភ័ព្វសំណាង​ព្រោះតែ​មាន​សំឡេង​ល្អ​ត្រូវ​គេ​បោះ​ឆ្នោត​សង្គ្រោះ​បាន​ជាប់​ឡើង​ទៅ​វគ្គ​បន្ត​ស្ទើរតែ​មិន​នឹក​ស្មាន​ដល់ ។

នៅ​ទីបំផុត​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​កម្មវិធី Cambodia Idol​រដូវ​កាល​ទី​៣​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស ក្រោម​ការ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ជំទាវ​ម៉ែ​ន សំ​អន​ឧបនាយករដ្ឋមន្ត្រី និង​លោក​ខៀវ កា​ញា​រី​ទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នោះ បាន​រក​ឃើញ​​ពន្លក​សិល្បៈ​ថ្មី​ក្រោម​ការ​បោះ​ឆ្នោត​ពេញចិត្ត​ពី​មហាជន ដោយ​បាន​ឈ្នះ​ផុត​គេ​ក្លាយជា​ម្ចាស់​ពានរង្វាន់​ថ្មី​បេក្ខជន​គ្រី ថៃ​ពៅ មក​ពី​ខេត្តកំពង់ចាម វ័យ​២៥​ឆ្នាំ ក្រោយ​ពុះពារ​យ៉ាង​លំបាក​បំផុត​ទម្រាំ​ដល់​ជំហាន​រីករាយ​នេះ ។

រយៈពេល​មុន​ឈាន​ចូល​ដល់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​មាន​៩​ស​ប្តា​ហ៍ សរុប​បេក្ខជន​មាន​១២​នាក់​ហើយ​ត្រូវ​បាន​ជម្រុះ​ចេញ​ម្តងម្នាក់​រៀង​រាល់​ស​ប្តា​ហ៍​ជា​បន្តបន្ទាប់ ។ រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​សល់​បេក្ខជន​តែ​បួន​រូប​ដែល​មានភ័ព្វ​វាសនា​ឡើង​ប្រជែង​យក​ពានរង្វាន់ ដោយ ម្នាក់​ៗ​មាន​ទឹកដម​សំឡេង​ពីរោះ អាច​បត់បែន​គ្រប់​សណ្ឋាន​។ បេក្ខជន​៤​ដួង​ជា​ជើង​ខ្លាំង​ក្លាយជា​តួឯក​រួម​មាន​គ្រី ថៃ​ពៅ​, សៀ​ក ញញឹម​, ចែ​ម ស្រី​ល​ក្ខ័​ណ៍ និង​ឈាង សុ​វ​ណ្ណា​វី ។ ឆ្លងកាត់​ការ​ប្រឡង​វគ្គ​ចុង​ក្រោយ​នេះ​មុន​ប្រកាស​ពានរង្វាន់ ម្នាក់​ៗ​ប្រឹង​បង្ហាញ​អស់​អ្វី​ដែល​ខ្លួន​មាន​សំដៅ​ទាញ​ប្រជាប្រិយភាព រៀង​ៗ​ខ្លួន​ជាមួយ​ស្ទីល​ច្រៀង​គួរ​ឱ្យ​ចាប់​អាម្ម​ណ៍ ។

ជើង​ខ្លាំង​៤​នាក់​នៅ​ជុំ​ទី​១​ច្រៀង​ចប់​ត្រូវ​ជម្រុះ​ចេញ​២​នាក់​ដោយ​ក្នុង​នោះ​បេ​ក្ខ​នារី​ចែ​ម ស្រី​ល​ក្ខ័​ណ៍ និង​បេ​ក្ខ​នារី​ឈាង សុ​វ​ណ្ណា​វី ត្រូវ​ធ្លាក់​ដោយ​ជាប់​បន្ត​ថៃ​ពៅ និង​សៀ​ក ញញឹម​។ ក្រោយមក​ប្រឡង​បន្ត ភ្លាម​ៗ​ដោយ​ច្រៀង​២​បទ​រៀងខ្លួន លុះ​ចប់​ហើយ​បោះ​ឆ្នោត​រក​ម្ចាស់​ពានរង្វាន់ ។

សំឡេង​មហាជន​ស្រែក​គាំទ្រ​គ្រី ថៃ​ពៅ​លុប​លើ​សៀ​ក ញញឹម ។ ជាល​ទ្ឋ​ផល​ថៃ​ពៅ ជា​អ្នក​លើក​ពានរង្វាន់​រដូវ​កាល​ថ្មី ធ្វើ​ឲ្យ​លោក​អរ​លោត​ពេញ​ឆាក ។

គ្រី ថៃ​ពៅ ទទួល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល និង​ក្លាយជា​តារាចម្រៀង​ជាប់​កិច្ច​សន្យា​​របស់​ផលិតកម្ម​ហង្ស​មាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ