រាជធានីភ្នំពេញ ៖ កម្ពុជាបាននាំចេញអង្ករទៅបរទេសនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ធ្លាក់ចុះប្រមាណជាង៣% បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០១៧ ។
តាមរយៈរបាយការណ៍លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករបញ្ជាក់ថា ក្នុងរយៈពេលត្រីមាសទី១ឆ្នាំ២០១៨នេះ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានប្រមាណ១៦,១ម៉ឺនតោន ធ្លាក់ចុះ៣,៤០% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៧មានប្រមាណ១៦,៦ម៉ឺនតោន ។
ការធ្លាក់ចុះនេះ បើតាមរបាយការណ៍ ដោយសារការនាំចេញអង្ករនៅ២ខែចុងក្រោយធ្លាក់ចុះ (កុម្ភៈ២៧% និងមីនា១២,៧០%) ។ ទោះបីយ៉ាងនេះក្ដី របាយការណ៍បានបញ្ជាក់ថា វាមិនមែនជាបញ្ហាចោទនោះទេ តែផ្ទុយមកវិញវិស័យស្រូវអង្ករនៅតែបង្ហាញការនាំចេញខ្លាំងក្លាដូចពេលមុនៗ ។
លោកឧកញ៉ា សុង សារ៉ន នាយកក្រុមហ៊ុន អេមរុ រាយស៍ មានប្រសាសន៍ថា ៖« កម្ពុជានាំចេញអង្ករនៅក្នុងត្រីមាសទី១ឆ្នាំនេះធ្លាក់ចុះ ដោយសារយើងធ្វើការសម្រុកនាំចេញច្រើនកាលពីចុងឆ្នាំ២០១៧ តែជារួមនៅឆ្នាំនេះ ការនាំចេញនៅតែខ្លាំងក្លាដដែល ហើយកំណើននៃការនាំចេញនឹងកើនឡើងវិញក្នុងត្រីមាសក្រោយ ដោយសារយើងដល់រដូវប្រមូលផលស្រូវស្តុកទុកសម្រាប់កែច្នៃនាំចេញ » ។
តាមលោកនាយកក្រុមហ៊ុនអេមរុ រាយស៍ថា ៖« ខ្ញុំមានគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះការនាំចេញអង្ករនៅត្រីមាសទី២ក្រោយ នឹងមានកំណើនខ្លាំងឡើងវិញ ដោយសារយើងមើលឃើញសន្ទុះនៃតម្រូវការអង្ករខ្មែរ នៅតែមានភាពខ្លាំងក្លានៅឡើយ គ្មានអ្វីថមថយនោះទេ » ។
យោងតាមរបាយការណ៍លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ក្នុងត្រីមាសទី១ ទិសដៅដែលកម្ពុជានាំចេញអង្ករច្រើនជាងគេសម្រាប់ប្រទេសសមាជិកអឺរ៉ុប រួមមាន បារាំង, ប៉ូឡូញ, ន័រវែស, អង់គ្លេស, ស្វ៊ីស និងអាល្លឺម៉ង់ ។ សមាជិកអាស៊ានមាន ព្រុយណេ, វៀតណាម និងសិង្ហបុរី រីឯទិសដៅប្រទេសផ្សេងទៀតមានដូចជា ចិន, ហ្គាបុង និងហុងកុង ជាដើម ៕
ចែករំលែកព័តមាននេះ