​គោមួយ​ក្បាល​រត់ចូលរថយន្តស៊េរីទំនើបបុកពេញទំហឹង


ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង​ដែល​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ បាន​ប្រាប់​ថា មិន​ទាមទារ​សំណង​ចំពោះ​រថយន្ត​ដែល​រង​ការ​ខូចខាត​នោះ​ទេ តែ​សូម​ឲ្យ​ម្ចាស់​គោ និង​ប្រជាពលរដ្ឋ មាន​សត្វពាហនៈ​ទាំងអស់​សូម​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​លែង​ឲ្យ​ដើរ​ពេញ​ថ្នល់​បែប​នេះ​ទេ ។ ម្ចាស់​រថយន្ត​ទំនើប ចិត្តធម៌​រូប​នោះ និយាយ​បែប​នេះ ក្នុង​ពេល​ដែល​រថយន្ត​របស់​ខ្លួន​ជួប​គ្រោះថ្នាក់​ចរាចរ​ដោយ​បុក​គោ​១​ក្បាល បណ្ដាល​ឲ្យ​ងាប់​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​ដែល​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ បាន​បញ្ជាក់​ថា ខណៈ​រថយន្ត​ទំនើប​ម៉ាក​តូ​យ៉ូ​តា​អាល់​ហ្វា​ត (TOYOTA ALPHARD ) ពណ៌​ខ្មៅ កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​ល្បឿន​លឿន ក៏​ស្រាប់តែ​មាន​សត្វ​គោ​ពណ៌​ស​មួយ​ក្បាល​បាន​រត់​ចូល​រថយន្ត បណ្ដាល​ឲ្យ​បុក​ពេញទំហឹង ពេល​នោះ​សត្វ​គោ​បាន​ងាប់​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​យ៉ាង​បង្គួរ តែ​សំណាងល្អ​អ្នក​ជិះ​ក្នុង​រថយន្ត​មិន​មាន​នរណា​ម្នាក់​បាន​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ តែ​រក​ម្ចាស់​គោ​មិនឃើញ ហើយ​សមត្ថកិច្ច​បាន​សម្របសម្រួល​ជាមួយ​ភាគី​ម្ចាស់​រថយន្ត ដោយ​ភាគី​ម្ចាស់​រថយន្ត​ព្រម​យល់​អធ្យាស្រ័យ​ដល់​ម្ចាស់​គោ ដោយ​មិន​ទាមទារ​សំណង​អ្វី​នោះ​ទេ តែ​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​អប់រំ​កុំ​ឲ្យ​លែងគោ​ដើរ​ពាស​វាល​ពាស​កាល​បែប​នេះ​ទៀត ។ ម្ចាស់​រថយន្ត​ដែល​មិន​ប្រាប់​ពី​អត្តសញ្ញាណ បាន​យក​រថយន្ត​យ៉ាង​ថ្លៃ​របស់​ខ្លួន​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ចំណែក​ខ្មោចសត្វ​គោមួយ​ក្បាល​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​រក្សា​ទុក​រង់ចាំ​រក​ម្ចាស់​មក​ទទួលយក​ទៅ​ចាត់ចែង​តាម​តម្រូវការ​ចុះ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ