ខេត្តសៀមរាប ៖ ពិធីបុណ្យភូមិដើម្បីទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស២០១៨ ស្របនឹងការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៣ ដល់ទី១៦ខែ មេសា ឆ្នាំ២០១៨ខាងមុខនេះ ក្រុមការងារខេត្តចុះជួយសង្កាត់គោកចក ក្រុមការងារយុវជនខេត្តសៀមរាប បានរួមសហការជាមួយអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ក្រុង- ខេត្តសៀមរាប បានរៀបចំធ្វើពិធីបុណ្យភូមិពូនភ្នំខ្សាច់ និងសមទ្ធិផលផ្លូវក្នុងភូមិ ក្នុងការទទួលសាទរទេវតាឆ្នាំថ្មី ដែលមានព្រះនាម មហោទរាទេវី ដែលនឹងយាងចូលមកដល់នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង ១២នាទី ។
ក្នុងពិធីបុណ្យភូមិនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាក្រុមការងារខេត្តចុះជួយសង្កាត់គោកចក ដែលមានវត្តមានរបស់លោកជំទាវ យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្ត មន្ត្រីរាជការសាលាខេត្តសៀមរាប អាជ្ញាធរក្រុង ចៅសង្កាត់ មេភូមិ បានអញ្ជើញចូលរួម ប្រមាណជាង១ពាន់នាក់ចូលរួម ក្នុងពិធីទៅតាមបែបវប្បធម៌ ប្រពៃណី សាសនា និងជំនឿដែលបានបង្កប់នៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា និងពិធីបួងសួងសុំសេចក្តីសុខ គឺជាពិធីមួយដ៏សំខាន់មិនអាចខ្វះបានឡើយ ។
ឆ្លងតាមកម្មវិធីសាសនា បួងសួងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក រួមមានបារមីប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបូរាណនានាកេរ្តិ៍ដំណែលស្ថាបត្យកម្មដូនតាខ្មែរ លោកតារាជ្យ លោកយាយទេព ព្រះអង្គចេក ព្រះអង្គចមជាដើមផង ដើម្បីសុំសេចក្តីសុខជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេក្តីប៉ងប្រាថ្នា នៃប្រជាពលរដ្ឋខ្មែរ ព្រមជាមួយភ្ញៀវជាតិ-អន្តរជាតិ កុំបីក្លាយជាប្រការដទៃឡើយ ។ តាមសេចក្តីប្រកាសអំពាវនាវរបស់លោកតាអាចារ្យ ដែលបានប្រសិទ្ធីពិធីការ នាក្នុងឱកាសបួងសួងសុំសេចក្តីសុខនោះ គឺជាពិធីសាសនាដែលត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ។ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿ និងសង្គម ។
តាមការបញ្ជាក់របស់ចាស់ព្រឹទ្ធាចារ្យបានឲ្យដឹងថា នៅជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋក្នុងភូមិ តែងបាន រៀបចំពិធីបុណ្យភូមិនេះឡើង នៅមុនបុណ្យចូលឆ្នាំថ្មីមកដល់ ដើម្បីជាការជួបជុំបងប្អូនប្រជាពលរដ្ឋក្នុងភូមិ និង ធ្វើពិធីពូនភ្នំខ្សាច់ផង ពិធីឆ្លងសមទ្ធិផលផ្លូវថ្នល់ក្នុងភូមិ ព្រមទាំងការបង្ហាញអំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងល្បែងប្រជាប្រិយផងដែរ ។ ក្នុងព្រឹត្តិការណ៍នោះដែរក៏មានក្រុមកម្លោះ ក្រមុំ ចាស់ក្មេង លេងល្បែងប្រជាប្រិយ បោះអង្គុញ បោះឈូង ទាញព្រ័ត្រ វាយឆ្នាំងដី និងការរាំសប្បាយផងដែរ ។
ក្នុងពិធីនោះដែរក៏មានធ្វើពិធីស្រង់ទឹកជូនដល់ព្រឹទ្ធាចារ្យក្នុងភូមិ ដើម្បីជាការរំលឹកនូវគុណលោកទាំងទ្វេរ ដែលជាអ្នកផ្តល់នូវកំណើត សេចក្តីសុខរស់រានមានជីវិត ដែលជាព្រះគន្លោង ឬក៏ជាព្រះរស់ ដែលយើងគ្រប់គ្នាត្រូវធ្វើការសងគុណចំពោះលោកអ្នកមានគុណទាំងទ្វេរ ប្រៀបបានធ្វើបុណ្យនៅខែភ្លឺ ។
ក្នុងនោះដែរលោកព្រឹទ្ធាចារ្យក៏បានគូសបញ្ជាក់ថា សកម្មភាពដែលប្រជាពុទ្ធបរិស័ទយើង បានប្រារព្វធ្វើពេលនេះ ក៏ដោយគុណបុណ្យស្មារតីជ័យជម្នះ៧មករា ១៩៧៩ និងនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ជាមាគ៌ានយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ សំខាន់ពីការអភិវឌ្ឍន៍នៅក្នុងសង្កាត់គោកចកនេះផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៨នេះព្រឹត្តិការណ៍ការទទួលសាទរទេវតាឆ្នាំថ្មី ដែលនឹងចូលមកដល់នាថ្ងៃខាងមុខនេះ នៅតាមបណ្តាភូមិវិទ្យាល័យនៅក្នុងក្រុង ស្រុក ក៏បានរៀបចំធ្វើពិធីលេងល្បែងកម្សាន្តដែលរៀបចំទៅដោយសិស្សានុសិស្ស ក្នុងការបង្ហាញអំពីប្រពៃណី វប្បធម៌ ទំនៀមទំលាប់ដែលបុព្វបុរសដូនតាខ្មែរយើង បានបន្សល់ទុកនៅជាច្រើនជំនាន់មក ហើយក៏ជាការក្រើនរំលឹកដល់សតិអារម្មណ៍របស់យុវវ័យខ្មែរយើង និង បានផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានធ្វើការស្វែងយល់ អំពីភាពរុងរឿងល្បីល្បាញភាពសម្បូរ បែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនានាសម័យមហានគរ មកដល់បច្ចុប្បន្ន និងបន្តថែរក្សា កេរ្តិ៍មរតឲ្យបានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។
ម្យ៉ាងទៀតក៏ជាការបំផុសនូវគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ ក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរ នៃសម្បត្តិបេតិកភណ្ឌអរូបិយខ្មែរយើង នៅលើទីតាំងបេតិកភណ្ឌរូបិយ លើទឹកដីសៀមរាបអង្គរ ៕
ចែករំលែកព័តមាននេះ