ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កងពល​ថ្មើរជើង​លេខ​៥៣

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ វេលា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ ដែល​មាន​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ធនាគារ​វឌ្ឍនៈ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត…

ខេត្តបាត់ដំបង ៖ វេលា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ ដែល​មាន​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ធនាគារ​វឌ្ឍនៈ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​រង​កងទ័ពជើងគោក តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​បណ្ឌិត វង្ស ប៊ុ​ន​ឥន្ទ្រា​វុ​ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ បាន​ដឹកនាំ​យក​អំណោយ គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មក​ចែក​ជូន​ដល់​យោធិន និង​គ្រួសារ​ដែល​មាន​ទាហាន ពល​ទាហាន​ចំនួន​៤០០​នាក់ គ្រួសារ​យោធិន​ចំនួន​១៥០​នាក់ ក្នុង​កងពល​លេខ​លេខ​៥៣ កំពុង​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​នេះ​។ លោក​ឧត្តមសេនីយ៍ទោ ជា ភួង​ភិ​រម្យ មេបញ្ជាការ​កងពលតូច ថ្មើរជើង​លេខ​៥៣ បាន​មាន​មតិ​ស្វាគមន៍ និង​រាយការណ៍​អំពី​ការ​រីក​ចម្រើន​ក្នុង​អង្គភាព ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ការងារ​អប់រំ​ចិត្តសាស្ត្រ ការ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង ដើម្បី​ធានា​គុណភាព ការ​បង្កបង្កើន​ផល ការ​ចិញ្ចឹមសត្វ​ដើម្បី​ធានា​ជីវភាព​កងទ័ព​បន្ថែម​ទៀត ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ដើម្បី​រួម​សហការ​គ្នា​ជាមួយ​កងទ័ព​ថៃ​ក្នុង​ការ​ថែរ​រក្សា​ស្ថិរភាព សន្តិសុខ​នៅ​តាម​ព្រំដែន និង​បាន​ថ្លែងអំណរគុណ​ដល់​អគ្គនាយកដ្ឋាន រតនាគារ​ជាតិ តែងតែ​ចុះ​ជួយ​សួរសុខទុក្ខ​ជា​ប្រចាំ និង​ឧបត្ថម្ភ​អាគារ​ទីបញ្ជាការ ផ្លូវថ្នល់ គ្រឿង​បរិក្ខា​ពេទ្យ​ជា​ច្រើន​ទៀត​ជួយ​ដល់​អង្គភាព​យើងខ្ញុំ​។

លោក​បណ្ឌិត វង្ស ឥន្ទ្រា​វុ​ធ អគ្គនាយក​រតនាគារ​ជាតិ បាន​បញ្ជាក់​ថា ប្រមាណ​១០​ឆ្នាំ​កន្លង​មក​ហើយ ក្នុង​នាម​សមរភូមិ​ក្រោយ​ជួយ សមរភូមិ​មុខ អង្គភាព​លោក និង​ធនាគារ​វឌ្ឍនៈ​តែងតែ​ជួយ​ជា​ប្រចាំ​រាល់ពេល​មាន​តម្រូវការ ព្រោះ​កងទ័ព​គឺជា​អ្នក​ធានា​ឲ្យ​យើង​បាន​សុខ​សន្តិភាព ទើប​យើង​អាច​មាន​សេដ្ឋកិច្ច​ដំណើរការ ក្រុមហ៊ុន​ឯកជន​រកស៊ី​បាន​ចូល​ចំណូល​ជា​ថវិការដ្ឋ​បាន​ល្អ​ប្រសើរ​រហូត​ដល់​សព្វថ្ងៃ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ហើយ​ប្រាក់បៀវត្សរ៍​កងកម្លាំងប្រដាប់អាវុធ គ្រប់​មន្ត្រីរាជការ កម្មករ កម្ម​ការ​នី​ទាំងអស់ ត្រូវ​បាន​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​បាន​ធ្វើការ​ប្រៀបធៀប​ជាមួយ​បរទេស​កម្ពុជា​មាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​៥ ហើយ​រាល់​ការ​បើក​ប្រាក់ខែ​គ្រប់​មន្ត្រីរាជការ​ទាំងអស់ មិន​ដែល​ឲ្យ​យឺត​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​៤​ជា​រៀង​រាល់​ខែ ឡើយ​។ បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​ជំរុញ យ៉ាង​ខ្លាំង​ប្រព័ន្ធ​ផ្លូវ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា សំខាន់​គឺ​ផ្នែក​ខាង​ពាយ័ព្យ​ប្រទេស ដែល​មាន​ផ្លូវ​ក្រាល​កៅស៊ូ​ស្ទើរ​ទាំងស្រុង​ចាប់ពី​មាត់សមុទ្រ​ខេត្តកោះកុង​ឆ្លងកាត់​ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​មុំ​បី​តំបន់​ខេត្តព្រះវិហារ ហើយ​កំពុង​ឆ្ពោះ​បន្ត​ទៅ​ព្រំដែន​ឡាវ បន្ត​ទៀត ដែល​ជា​ផ្នែក​សំខាន់​ក្នុង​កិច្ចការ​ការពារ​ប្រទេស ដឹក​ជញ្ជូន​កសិផល​បាន​ឆាប់រហ័ស សេដ្ឋកិច្ច​ដើរ​លឿន មានការ​អភិវឌ្ឍន៍​ខ្ពស់ ដែល​ពី​មុន​មក​តំបន់​ទាំងនោះ​សុទ្ធតែ​ជា​ព្រៃ​គ្មាន​មនុស្ស គ្មាន​ផ្លូវ​ដែល​អាច​ឲ្យ​យើង​ចូល​ទៅ​ដល់​។

លោក​ឧត្តមសេនីយ៍ឯក​បាន​ផ្តាំផ្ញើ​ទៀត​ថា សូម​បងប្អូន​ដែល​បាន​ប្រើ​គ្រប់​ប្រព័ន្ធ​បច្ចេកវិទ្យា​(​ហ្វេ​ស​ប៊ុ​ក​) កុំ​ជឿ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដែល​បាន​ក្លែងបន្លំ​ព័ត៌មាន​មួលបង្កាច់​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​សោះ ព្រោះ​អ្វី​ៗ​ដែល​លោក​ធ្លាប់ ទទួល​សំណួរ​ជា​ច្រើន​នៅ​ប្រទេស​អូស្ត្រាលី ប្រទេស​បារាំង ប្រទេស​អា​មេ​រិ​ក កន្លង​មក​គឺ​ស្រុក​ខ្មែរ​គ្មាន ស្ថិរភាព​ឡើយ ហើយ​ទឹកដី​កម្ពុជា​ត្រូវ​បាន​បរទេស​ឈ្លានពាន​យក​អស់ហើយ សូ​ម្បី​តែ​កងកម្លាំង​ប្រដាប់ អាវុធ​ទាំងអស់​នៅ​ក្នុង​កម្ពុជា​សុទ្ធតែ​ជា​អា​យ៉ង​បរទេស​ទាំងអស់​ដែល​ខុស​ពី​ការ​ពិត ដូច្នោះ គ្រប់​កងកម្លាំង​ទាំងអស់​នាំ​គ្នា​ថែរក្សា​សុខភាព​បន្ថែម​ទៀត​ដោយ​បន្ទាប់​ពី​កិច្ច​ការពារ​ជាតិ ហើយ​សម្តេច​ទាំង​៣ ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​សម្តេច​នាយក​រដ្ឋមន្ត្រី តែងតែ​មានការ​ជឿ​ទុកចិត្ត​លើ​បងប្អូន​កងទ័ព​ទាំងអស់​ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត​ដើម្បី​រួម​គ្នា​រក្សា​បាន​នូវ​សុខ​សន្តិភាព​កន្លង​មក​ដោយ​ការ​លំបាក​នេះ​បាត់បង់​ទៅ​វិញ ហើយ​សូម​បងប្អូន​មានការ​ជឿជាក់ លើ​ថ្នាក់ដឹកនាំ​របស់​យើង ដែល​បាន​ខិតខំ​ពុះពារ​ការពារ​សុខ​សន្តិភាព និង​កសាង​ប្រទេស​បន្ត​ទៅ​ទៀត​។

នេះ​គឺ​មិន​ចង់​ឲ្យ​សង្គ្រាម​កើត​មាន​ជា​ថ្មី​ម្តងទៀត​លើ​ទឹកដី​កម្ពុជា​យើង​ទៀត​បាន​ឡើយ ព្រោះ​ការ​លំបាក​គឺ​វា​ស្ថិត​នៅ​លើ​បងប្អូន​កងទ័ព​ទាំងអស់​ជា​អ្នក​ប្រឈម​មុខ ហើយ​សូមកុំ​ជឿ​ពួក​អគតិ​ផ្នែក​គណបក្ស​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ល្មោភ​អំណាច​ក្បត់ជាតិ​ដែល​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង​កំពុង​តែ​រិះរក​វិធី​ញុះញង់​ជា​ច្រើន​ដង ទាំង​នៅ​ក្នុងស្រុក និង​នៅ​បរទេស​គ្រប់​បែប យ៉ាង​មិន​ឲ្យ​ស្រុក​ទេស​យើង​រស់នៅ​បាន​សុខ​ឡើយ ហើយ​សូម​នាំ​គ្នា​ទៅ​ចូលរួម​បោះ​ឆ្នោត ដើម្បី​ស្រុក​ទេស​យើង​ទាំងអស់​គ្នា​នៅ​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​កុំបី​ខាន​ឡើយ​។ ជា​ចុង​ក្រោយ​អំណោយ​ទាំងអស់​ផ្តល់​ឲ្យ​អង្គភាព​កងពល​មាន មី​យើង​១៣០​កែស ត្រីខកំប៉ុង​៥០​យួរ ទឹកត្រី​១០០​យួរ ទឹកស៊ីអ៊ីវ​១០០​យួរ សាច់​ជ្រូក​៤​ក្បាល នំអន្សម នំគម​មួយ​ចំនួន សាងសង់​ផ្លូវ​ចូល​ទីបញ្ជាការដ្ឋាន​អស់​ទឹកប្រាក់​៤៥,០០០​ដុល្លា ថវិកា​លោក ហ៊ុន ម៉ា​ណែ​ត ១០​លាន​រៀល ថវិកា​រតនាគារ​ចំនួន​១៥​លាន​រៀល​។ ឧបត្ថម្ភ​យោធិន​៤០០​នាក់ ក្នុង​ម្នាក់​ទទួល​បាន​២០​ម៉ឺន​រៀល គ្រួសារ​យោធិន​១៥០​នាក់ ក្នុង​ម្នាក់​ទទួល​បាន​សារុង​១ ថវិកា​១៥​ម៉ឺន​រៀល និវត្តន៍​ជន​៣០​នាក់ ក្នុង​ម្នាក់​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​២​យួរ ថវិកា​២៥​ម៉ឺន​រៀល ឧបត្ថម្ភ​បាយ​សាមគ្គី​ចំនួន​៤​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ