ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាខេត្ត​កំពត និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​លើករាសី​សុំ​សិរី​សួស្តី

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​០៩​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​,​ស ២៥៦១ ត្រូវ​ថ្ងៃ​ទី​០៩ ខែមេសា…

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​០៩​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​,​ស ២៥៦១ ត្រូវ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨​។ សាលាខេត្ត​កំពត បាន​ធ្វើ​ពិធី​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​លើករាសី​សុំ​សី​រី​សួស្ដី និង​សូមពរ​ជ័យ ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២ គឺ​ត្រូវ​ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា​ឆ្នាំ​២០១៨​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ចូលរួម​ពី ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រមទាំង​ឯកឧត្តម​-​លោក​ជំទាវ លោក​-​លោកស្រី ក្នុង​ជួរ​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត រួម​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​សាលាខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ផង​ដែរ​។ ពិធី​នេះ​គឺ​ក្នុង​គោលបំណង ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ​ចម្រើន និង​ពរ​ជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម “​ម​ហោ​ទ​រា​ទេវី​” សូម​ព្រះ​អង្គ​តាម​ជួយ​ថែរក្សា​អភិបាល​ប្រោះព្រំ​ពរ​ជ័យ​ដល់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល គ្រប់​ជាន់ថ្នាក់ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ពិសេស​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពត​ទាំងមូល បាន​ជួប​តែ​សេចក្ដីសុខ​គ្រប់​ប្រការ និង​រួម​សាមគ្គី​គ្នា​ដើម្បី​អភិវឌ្ឍន៍​ឲ្យ​បាន​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​បាន​យូរអង្វែង​តរៀង​ទៅ​។

បន្ទាប់​មក​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្ដម ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​ជួប​សំណេះសំណាល​ដើម្បី​ស្វែង​យល់ នូវ​សុខទុក្ខ និង​របៀបរបប​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​សាលាខេត្ត សរុប​ចំនួន​១៤៦​នាក់ និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​៥១​នាក់​ផង​ដែរ​។ មាន​ប្រសាសន៍​សំណេះសំណាល​ឯកឧត្ដម អភិបាលខេត្ត បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ ថ្នាក់​ក្នុង​សាលាខេត្ត​កំពត​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​ក៏​បាន​លើក​ឡើង​នូវ​ចំណុច​ខ្វះខាត​រាល់​បញ្ហា​ប្រឈម​នានា​ផង​ដែរ​រយៈពេល​កន្លង​មក​។ ពិសេស​ពី​ការងារ​ភាពយឺត​យ៉ាវ​ពាក់ព័ន្ធ​ការ​បើកប្រាក់​បំណាច់​បេសកកម្ម ដែល​ពេល​នេះ​ត្រូវ​បាន​ជំរុញ​ដោះស្រាយ បើក​ផ្ដាច់​ជូន​មន្ត្រីរាជការ​គ្រប់​ចំនួន​អស់ហើយ​។

ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញើ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​ក្នុង​សាលាខេត្ត ត្រូវ​រួម​សាមគ្គី​គ្នា ដោយ​រួម​គ្នា​គិត​រួម​គ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ ដើម្បី​ឲ្យ​អង្គភាព​ទទួល​បានការ​រីក​ចម្រើន និង​ជម្រុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​មាន​ភាព​លូតលាស់ លើ​គ្រប់​វិស័យ ទាំង​ការងារ​បម្រើសេវា​សាធារណៈ ឈាន​ដល់​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​នៃ​ខេត្តកំពត​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​ផ្ដល់​ជូន​នូវ​ថវិកា និង​ភេសជ្ជៈ សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​ចំនួន​ជាង​២០០​នាក់ ក្នុង​ម្នាក់​ប្រាក់​២០​ម៉ឺន​រៀល​ទឹកដោះគោ​១​កេះ​ទឹក ក្រូច​១​កេស និង​ស្រា​បៀរ​១​កេស​ស្មើ​ៗ​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ