ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីមានហេតុការណ៍ប្តីសម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនតាមក្រោយកាលពីថ្ងៃទី៧ មេសា ២០១៨ បង្កឲ្យមានអារម្មណ៍តក់ស្លុតជាខ្លាំងនោះ ថ្មីៗនេះអ្នកភូមិរស់នៅកន្លែងកើតហេតុបាននិយាយមូលហេតុទាំងបណ្តាលឲ្យប្តីដាច់ចិត្តលើកដៃកាប់សម្លាប់ប្រពន្ធគ្មានញញើតដៃ រួចអារ.កខ្លួនឯង ដោយសារកន្លងមកបុរសជាប្តីបានកាប់ដើមរកាមួយដើមក្នុងភូមិ ដែលមានអាយុរាប់រយឆ្នាំ និងមិនបានធ្វើពិធីសែនព្រេនទៅតាមជំនឿរបស់អ្នកស្រុក ទើបមានករណីបែបនេះ។
ទាក់ទិនករណីបុរសជាប្តីសម្លាប់ប្រពន្ធខាងលើនេះ អ្នកភូមិនិយាយថា កាលពីជាង១ឆ្នាំកន្លងទៅ មានដើមរការមួយដើមយ៉ាងធំនៅក្នុងភូមិ អាយុរាប់រយឆ្នាំ ត្រូវបុរសរងគ្រោះឈ្មោះ ង្រើម វីន អាយុ៤៣ឆ្នាំ ប្រើរណាយន្តអារផ្តួល ដើម្បីយកមកធ្វើជារបស់ប្រើប្រាស់។ ក្រោយកាប់ផ្តួលដើមរកាក្នុងភូមិរួចមក គ្រួសារគាត់មិនបានធ្វើពិធីសែនព្រេនអារុក្ខអារក្សអ្នកតាអ្វីទាំងអស់ ក៏កើតមានភាពរកាំរកូសក្នុងក្រុមគ្រួសារ និងសាមីខ្លួននោះ ហាក់មានបញ្ហាសតិអារម្មណ៍កើតមានការភ្លេចភ្លាំងភ្លឹកៗ យប់ព្រលប់ដើរចូលផ្ទះ អ្នកដទៃ និងនិយាយស្តីខុសប្លែកពីធម្មតាជាដើម ទាំងដែលពីមុនរូបគេជាមនុស្សស្លូតបូតម្នាក់។ ស្ថានភាពជំងឺរបស់ ង្រើម វីន កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃទី៧ មេសា ក៏កើតរឿងហេតុកាប់សម្លាប់ប្រពន្ធ រួចអារ.កខ្លួនឯង ស្លាប់ទៅតាមប្រពន្ធតែម្តង។
អ្នកស្រី ក្វាន់ ត្រែល មេឃុំសែនមនោរម្យ ប្រាប់ថា រឿងដើមរកាដែល ង្រើម វីន កាប់កាលពី១ឆ្នាំមុន ក៏អាចពាក់ព័ន្ធជាមួយជំនឿរបស់បងប្អូនជនជាតិព្នងដែរ ព្រោះថា ជនជាតិដើមចាត់ទុកដើមឈើធំៗបូករួមនឹងដើមរកានេះ ជាប្រភេទរុក្ខជាតិមានបារមី ជាទីស្នាក់អាស្រ័យអារុក្ខអារក្សអ្នកតា ឬខ្មោចព្រាយបិសាចជាដើម។ ការកាប់ដើមរកា ហើយមិនបានធ្វើពិធីលេសលៀង ឬពិធីសែនព្រេន សូមខមាទោសពីពពួកអ្នកទាំងនោះទេ នឹងកើតមានហេតុភេទគ្រោះចង្រៃនានាក្នុងភូមិ ឬជំងឺតម្កាត់ផ្សេងៗជាក់ស្តែងដូចករណី ខាងលើនេះ។
ជុំវិញបញ្ហាខាងលើលោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី ចាត់ទុកការសម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយជាអត្តចរិករបស់បុគ្គល។ លោកមានន័យបែបនេះព្រោះថា ផ្អែកតាមឯកសាររបស់ជនជាតិដើម គឺមិនបានបញ្ជាក់ថា បើសម្លាប់គេ ហើយត្រូវតែសម្លាប់ខ្លួនឯងវិញនោះទេ គឺពុំមានការកត់ត្រាចំណុចនេះ។ ហើយរឿងដើមឈើធំមានបារមី ឬខ្មោចព្រាយបិសាចរស់នៅនោះ មិនថា តែជនជាតិដើមនោះទេដែលមានជំនឿ សូម្បីតែបងប្អូនខ្មែរយើងក៏ជឿជាក់ខ្លាំងណាស់ដែរ ចំណែកការសែនព្រេនរបស់ជនជាតិដើមលោកក៏យល់ស្របទៅតាមការលើកឡើងរបស់អ្នកស្រីមេឃុំផងដែរ។
គួររំលឹកថា ៖
https://kohsantepheapdaily.com.kh/article/621167.html
ចែករំលែកព័តមាននេះ