ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​អំពាវនាវ​ប្រើប្រាស់​ផលិតផល​ខ្មែរ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ « ដើម្បី​លើកកម្ពស់​ផលិតផល​ខ្មែរ គឺ​ត្រូវ​ផ្ដើម​ពី​យើង​ទាំងអស់​គ្នា​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ចូលរួម​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ទាំងអស់​គ្នា ដើម្បី​ផ្ដល់​ការងារ​ដល់​កូន​ខ្មែរ បង្កើត​ប្រាក់​ចំណូល​ដល់​គ្រួសារ និង​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​ពី​ក្រៅប្រទេស »…

ខេត្តកំពង់ឆ្នាំង ៖ « ដើម្បី​លើកកម្ពស់​ផលិតផល​ខ្មែរ គឺ​ត្រូវ​ផ្ដើម​ពី​យើង​ទាំងអស់​គ្នា​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ចូលរួម​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ទាំងអស់​គ្នា ដើម្បី​ផ្ដល់​ការងារ​ដល់​កូន​ខ្មែរ បង្កើត​ប្រាក់​ចំណូល​ដល់​គ្រួសារ និង​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​ពី​ក្រៅប្រទេស » ។

នេះ​ជា​ការ​អំពាវនាវ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ដែល​បាន​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ​ចំណតរថយន្ដ​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្តកំពង់ឆ្នាំង និង​ទិវា​លើកកម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​លើក​ទី​១ យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​៥ មេ​សា កន្លង​មក នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​នាម​ក្រុមប្រឹក្សា​ស្ដារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស សូម​ចូលរួម​ការ​ប្រើប្រាស់​នូវ​ផលិតផល​របស់​ខ្មែរ ព្រោះថា​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ គឺ​ដូច​ជួយ​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឱ្យ​មានការ​ងារ​ធ្វើ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពួក​គាត់​ផង​ដែរ ។ តាម​រយៈ​ទិស​ដៅ​ខាងលើ​នេះ យើង​អាច​ពង្រឹង​ការ​ប្រកួតប្រជែង​ផលិតផល​ក្នុងស្រុក​ជាមួយ​ទំនិញ​មិន​ចាំបាច់​មួយ​ចំនួន ដែល​នាំ​ចូល​ពី​ក្រៅប្រទេស ។ ការ​ចំណាយ​ហួស​កម្រិត​របស់​យើង​លើ​ទីផ្សារ​បរទេស នឹង​អាច​កាត់​បន្ថយ​ជា​បន្តបន្ទាប់ តាម​រយៈ​ផលិតផល​ខ្មែរ ភូមិ​១ ផលិតផល​១ ។ ជា​បទ​ពិសោធន៍​រយៈកាល​កន្លង​ទៅ​បាន​បង្ហាញ​ថា ផលិតផល​ខ្មែរ ភូមិ​១ ផលិតផល​១ នឹង​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​ជា​បន្តបន្ទាប់ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​លើក​ឡើង​ពី​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ថានីយ​ចំណតរថយន្ត​នៅ​ទី​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​ខេត្តកំពង់ឆ្នាំង ។
លោក​បន្ដ​ថា ៖« ស្ថានីយ​ថ្មី​នេះ នឹង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ តាម​រយៈ​ការ​តាំង​លក់​នូវ​ផលិតផល និង​សមិទ្ធផល​របស់​ខ្លួន​ដែល​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត » ។

ក្នុង​នាម​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត លោក​អភិបាលខេត្ត​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​រៀបចំ​ឲ្យ​មាន​ចំណត​ស្ថានីយ​រថយន្ត​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង នេះ​ផង​ដែរ ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​ចំណត​ស្ថានីយ​រថយន្ត កម្ពុជា​-​ជប៉ុន​ថ្មី​នេះ បាន​ចំណាយ​ទឹកប្រាក់​ជាង​៤៤​ម៉ឺន​ដុល្លារ នៅ​លើ​ផ្ទៃដី​សរុប​ជាង​៥.៦០០​ម៉ែត្រការ៉េ ដោយ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៧ និង​បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​មាន​រយៈពេល​សាងសង់​១១​ខែ ។

លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា សំណង់​អគារ​ស្ថានីយ​ថ្មី​នេះ សង់​ឡើង​តាម​រចនាបថ​ខ្មែរ មាន​ស្តង់ដា​អន្តរជាតិ មានឈ្មោះ​ថា ស្ថានីយ​ចំណតរថយន្ត​មិត្តភាព កម្ពុជា​-​ជប៉ុន ខេត្តកំពង់ឆ្នាំង ។
លោក​បាន​បង្ហាញ​ជំនឿ​ដោយ​សុទិដ្ឋិនិយម​ថា ៖« វត្តមាន​ស្ថានីយ​ចំណតរថយន្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្តកំពង់ឆ្នាំង​នេះ នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត ព្រមទាំង​បង្កើត​មុខរបរ និង​ប្រាក់​ចំណូល​បន្ថែម​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន ។ លើស​ពី​នេះ ក៏​នឹង​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​បម្រើ​សេវាកម្ម​ម្ហូបអាហារ ការ​លក់​វត្ថុ​អនុស្សាវរីយ៍ ឬ​ផលិតផល​ប្រចាំ​ភូមិ និង​តំបន់​ថែម​ទៀត » ។

គួរ​កត់​សម្គាល់ថា យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣​នេះ នឹង​ចាប់ផ្តើម​ពី​ខេត្តកំពង់ឆ្នាំង បន្ត​ទៅ​កាន់​ខេត្តបន្ទាយមានជ័យ ព្រៃវែង កោះកុង និង​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក​កាន់តែ​ច្រើន សំដៅ​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស ។

សម្រាប់​ពិព័រណ៍​ខេត្តកំពង់ឆ្នាំង ក៏​ចូលរួម​ពី​ផលិតករ អាជីវករ សមាគម អង្គការ​នានា និង​ក្រុមហ៊ុន​ចំនួន​៦៩ ដែល​មាន​ស្តង់​សរុប​៧៧​ស្តង់ មាន​ដាក់​លក់​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម សិប្បកម្ម គ្រឿងសំណង់ វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ និង​ភេសជ្ជៈ ផលិតផល​សុខភាព និង​សម្រស់ សេវា​ទេសចរណ៍ និង​អប់រំ ព្រមទាំង​មាន​រៀបចំ​សិក្ខាសាលា និង​វេទិកា​ជំនួប​ពិគ្រោះ​យោបល់​រវាង​អ្នកលក់ និង​អ្នកទិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ