ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​​​យាម​​នៅកន្លែងឆេះ​​​​​ថា៖ ​អស់​​រាប់​ម៉ឺន​បាត​ម៉េច? គឺ​រាប់​ម៉ឺន​ដុល្លារ​ទៅ​វិញ​ទេ…

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សម្ភារ​សំណង់​ ពិសេស​គ្រឿង​បរិក្ខារ​អគ្គិសនី ដែល​ផ្ទុក​ក្នុង​កុងតឺន័រ​ចំនួន​៦​របស់​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​មួយ ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​ក្លាយជា​ផេះ​ផង់​ និងបង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៣ មេ​សា នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ សម្ភារ​សំណង់​ ពិសេស​គ្រឿង​បរិក្ខារ​អគ្គិសនី ដែល​ផ្ទុក​ក្នុង​កុងតឺន័រ​ចំនួន​៦​របស់​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​មួយ ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​ក្លាយជា​ផេះ​ផង់​ និងបង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៣ មេ​សា នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ចំណុច​ដី​របស់​ក្រុមហ៊ុន​កាស៊ីណូ​អតីត​ផ្កាយ​៥ ដែល​បច្ចុប្បន្ន​កំពុង​ដំណើរការ​សាងសង់​អគារ​ធំ​ៗ ដែល​ម៉ៅ​ការ​ឱ្យ​ក្រុមហ៊ុន R&ZT របស់​ថៃ ។

មុន​ពេល​មានការ​ផ្អើល​ឆោឡោ​ ដំបូង​មាន​ផ្សែង​ខ្មួលខ្មាញ់ បាន​ហុយ​ទ្រលោម​ទៅ​លើ​អាកាស បន្ទាប់​មក​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​កាស៊ីណូ​៤​ ទៅ​៥​គ្រឿង​ បាន​ចេញ​ទៅ​បាញ់​ពន្លត់ ក្នុង​នោះ​មាន​ទាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ចុះ​ទៅ​កន្លែង​កើតហេតុ​ផង​ដែរ ។ ទោះជា​ករណី​ឆេះ​នេះ​ ត្រូវ​បាន​ជួយ​បាញ់​ពន្លត់​ពី​រថយន្ត​អគ្គិភ័យ​ច្រើន​គ្រឿង​ក្តី តែ​មិន​អាច​ទប់ស្កាត់ ឬ​ពន្លត់ភ្លើង​បាន​ភ្លាម​ៗ​ទេ ព្រោះ​សម្ភារ​នៅ​តាម​ទូ​កុងតឺន័រ​ទាំងនោះ​ បាន​ឆេះ​ងំ​បាញ់​ទឹក​មិន​ចូល​ដល់​ខាងក្នុង ។ ទោះជា​បែប​ណា​ ករណី​នេះ​មិន​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​អ្នកស្រុក​នោះ​ទេ ព្រោះ​ទីនោះ​ជា​ដី​របស់​ក្រុមហ៊ុន​កាស៊ីណូ​គ្មាន​ផ្ទះ​ណា​សង់​នៅ​ជិត​ឡើយ ។

ជុំវិញ​ករណី​ខាងលើ ខាង​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់ R&ZT មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​សន្តិសុខ​យាម​នៅ​ទីនោះ​និយាយ​ថា មិន​ហ៊ាន​ឱ្យ​ជួប​ព្រោះ​ខ្លាច​ខាង​ក្រុមហ៊ុន​រករឿង ។ នៅ​ពេល​ភ្នាក់ងារ​កោះសន្តិភាព​ សាក​ព្រលយ​សំដី​លេង​ថា ទំហំ​ខូចខាត​អាច​អស់​ទឹកប្រាក់​រាប់​ម៉ឺន​បាត​ទេ សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​ និយាយ​ថា​រាប់​ម៉ឺន​បាត​ម៉េច? គឺ​រាប់​ម៉ឺន​ដុល្លារ​ទៅ​វិញ​ទេ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៤ មេ​សា ថា​ករណី​ឆេះ​ខាងលើ ខាង​ក្រុមហ៊ុន​គេ​មិន​ទាន់​ប្រាប់​ពី​ទំហំ​ខូចខាត​លម្អិត​នៅឡើយ​ទេ ។ ដោយឡែក​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ហាក់​មិន​ច្បាស់ការ​ថា ករណី​ខាងលើ​គ្មាន​អ្វី​ធំដុំ​ទេ តាម​ពិត​គ្រាន់តែ​ឆេះ​ខ្ទម​ដែល​កម្មករ​សំណង់​ស្នាក់​នៅ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ។ តាម​ពិត​ជាក់ស្តែង​មិនមែន​ឆេះ​ខ្ទម​ទេ គឺ​ឆេះ​សំភារ​ស្តុក​ទុក​ក្នុង​កុងតឺន័រ​យ៉ាង​ពិតប្រាកដ ឆេះ​សល់​តែ​ផេះ​ស្មោះ ៕

អត្ថបទសរសេរ ដោយ