រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូម៉ាកណៃហតក្នុងល្បឿនលឿនឆ្លងផុតរ៉ារទេះភ្លើងបានបន្តិចក៏រេចង្កូតទៅបុកកន្លែងលក់សាំងដបនៅមុខផ្ទះលក់ចាប់ហួយបណ្តាលឱ្យដួលកំពប់ឆាបឆេះម៉ូតូខូចខាតស្ទើរទាំងស្រុង សំណាងល្អម្ចាស់ផ្ទះរួមនឹងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលាទើបរលត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៤០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខហាងសាច់គោអាំង១៦៨ ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកណៃហត ពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរតាមបណ្តោយជាតិលេខ៥ ទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ខណៈមកដល់ចំណុចកើតហេតុខាងលើម៉ូតូណៃហតបើកលឿនឆ្លងផ្លូវរ៉ារទេះភ្លើងអត់បានបន្ថយល្បឿននោះទេក៏រេចង្កូតជ្រុលទៅបុកកន្លែងលក់សាំងដបបណ្តាលឲ្យដួលដបសាំងនៅមុខ ផ្ទះកន្លែងលក់សាំងនោះនោះធ្វើឆាបឆេះយ៉ាងសន្ធោសន្ធៅឆ្លងរាលដាលឆេះម៉ូតូបង្កទៀត ភ្លាមៗនោះដែលម្ចាស់ផ្ទះរួមនឹងសមត្ថកិច្ចបានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់អស់មួយបំពង់ហើយតទុយោទឹកបាញ់ទើបរលត់អស់ទាំងស្រុង ទម្រាំតែអណ្តាតភ្លើងរលត់បានឆេះខូចខាតម៉ូតូស្ទើរទាំងស្រុង ប៉ុន្តែម្ចាស់ម៉ូតូមិនមានរងរបួសធ្ងន់ធ្ងរអីនោះឡើយ រីឯអ្នកលក់សាំងក៏មិនមានរងរបួសដែរ ព្រោះដបសាំងដួលនៅលើថ្នល់មុខផ្ទះ មិនបានខ្ទាតចូលក្នុងផ្ទះលក់ចាបហួយទេ កុំអីមិនដឹងទៅជាយ៉ាងណាទេ ។
ក្រោយពេលកើតហេតុម្ចាស់ផ្ទះមិនចង់មានរឿងវែងឆ្ងាយបានឲ្យម្ចាស់ម៉ូតូយកម៉ូតូទៅជួសជុលដោយខ្លូនឯងចុះដោយមិនទាមទារសំណងទេ ៕
ចែករំលែកព័តមាននេះ