ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​អ្នកជំនាញ​មក​សិក្សា​ពី​សក្ដា​នុពល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​របស់​រដ្ឋាភិបាល​ចិន​ប្រមាណ​៣០​នាក់​បាន​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​សក្ដានុពល ក៏​ដូច​ជា​ស៊ើបអង្កេត​ពី​សកម្មភាព​វិនិយោគ​នានា​របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា​ថា តើ​វិនិយោគិន​ចិន​ទាំងនោះ​មក​កម្ពុជា ដើម្បី​វិនិយោគ​ពិត ឬ គ្រាន់តែ​រាយការណ៍​កុហក​រដ្ឋាភិបាល​ចិន ?…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​របស់​រដ្ឋាភិបាល​ចិន​ប្រមាណ​៣០​នាក់​បាន​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​សក្ដានុពល ក៏​ដូច​ជា​ស៊ើបអង្កេត​ពី​សកម្មភាព​វិនិយោគ​នានា​របស់​វិនិយោគិន​ចិន​នៅ​កម្ពុជា​ថា តើ​វិនិយោគិន​ចិន​ទាំងនោះ​មក​កម្ពុជា ដើម្បី​វិនិយោគ​ពិត ឬ គ្រាន់តែ​រាយការណ៍​កុហក​រដ្ឋាភិបាល​ចិន ?

បើ​តាម​លោក Jiang Jing Long ដែល​បាន​និង​កំពុង​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ការ​មក​ដល់​របស់​លោក និង​ក្រុម​អ្នកជំនាញ​របស់​រដ្ឋាភិបាល​ចិន​នា​ពេល​នេះ គឺ​ដើម្បី​ស្វែងរក​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​និយាយ​ថា ៖« នៅ​ពេល​យើង​បាន​មក​ដល់​ប្រទេស​កម្ពុជា យើង​ចាប់អារម្មណ៍​ជាងគេ គឺ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ព្រោះ​វា​ជាទី​តាំង​ដែល​មាន​សក្ដានុពល​មួយ​សម្រាប់​ការ​វិនិយោគ​របស់​យើង ។ តាម​ពិត​ទៅ យើង​បាន​មក​ដល់​ប្រទេស​កម្ពុជា​យូរ​មក​ហើយ តាម​ការ​ស្នើ​របស់​ប្រធានាធិបតី ស៊ី ជី​ន​ពីង ដើម្បី​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ក៏​មាន​គម្រោង​រួច​ហើយ​ដែរ សម្រាប់​ការ​វិនិយោគ​របស់​យើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​ទទួល​បានការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ » ។
លោក​បន្ត​ថា លោក​នឹង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ មាន​ភាព​រីក​ចម្រើន​ដូច​ទីក្រុង​របស់​ប្រទេស​ចិន​ដែរ ក៏​ប៉ុន្តែ​មិនមែន​ធ្វើ​ឲ្យ​ទីក្រុង​របស់​កម្ពុជា ជាទី​ក្រុង​របស់​ចិន​ទេ ។

លោក​ថា ៖« ខេត្ត​ព្រះ​សី​ហនុមាន​អ្វី​ដែល​យើង​ចាប់អារម្មណ៍​ច្រើន ព្រោះ​វា​ជាទី​កន្លែង​ដែល​សម្បូរ​ដោយ​តំបន់​រមណីយដ្ឋាន ហើយ​បើសិនជា​យើង​អភិវឌ្ឍន៍​វា​ល្អ​នោះ ទេសចរណ៍​នឹង​មក​កាន់តែ​ច្រើន » ។
វិនិយោគិន​រូប​នេះ​បាន​បញ្ជាក់​ថា លោក​មាន​ទឹកប្រាក់​សម្រាប់​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន​៥០០​ពាន់​លាន​យន់​ទៅ​១.០០០​ពាន់​លាន​យន់ ឬ​ប្រមាណ​ជាង​១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បង្កើត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ដោយសារ​តែ​លោក​ត្រូវ​បាន​ចាត់តាំង​ឲ្យ​មក​វិនិយោគ​ដោយ​រដ្ឋាភិបាល​ចិន​ផ្ទាល់ លោក​គិត​ថា គម្រោង​របស់​លោក​នៅ​កម្ពុជា ជា​គម្រោង​ដែល​ឈរ​លំដាប់​ទី​១ ក្នុង​ចំណោម​វិនិយោគិន​ចិន​ដទៃ​ទៀត​ដែល​មក​វិនិយោគ​មុន​ៗ ។

លោក Shi Chang Xiang អ្នកសម្របសម្រួល​ក្រុម​ស៊ើបអង្កេត​អ្នកជំនាញ​ចិន បាន​ឲ្យ​ដឹង​ថា វត្តមាន​របស់​ក្រុម​អ្នកជំនាញ​ចិន​នៅ​កម្ពុ​ជានា​ពេល​នេះ នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ទៀត​ដល់​កម្ពុជា ព្រោះ​ពួក​គេ​ជា​អ្នក​ដែល​រដ្ឋាភិបាល​ចិន​ចាត់តាំង​ឲ្យ​មក និង​ត្រូវ​ស៊ើប​មើល​ថា តើ​កម្ពុជា​មាន​អ្វី​ត្រូវការ​អភិវឌ្ឍន៍​ទៀត ហើយ​មាន​សក្ដានុពល​អភិវឌ្ឍន៍​ប៉ុនណា ។ ដូចនេះ នៅ​ពេល​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ពួក​គេ​នឹង​រាយការណ៍​ទៅ​កាន់​រដ្ឋាភិបាល​ចិន ហើយ​រដ្ឋាភិបាល​នឹង​ស្នើ​ដល់​វិនិយោគិន​របស់​ខ្លួន​ណា​ដែល​ចង់​មក​វិនិយោគ​នៅ​កម្ពុជា ។

លោក​បន្ត​ថា ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ចិន និង​រាជរដ្ឋាភិបាល​កម្ពុជា មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ ។ ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​រវាង​គ្នា តាំងពី​ជំនាន់​សម្ដេចព្រះ​បរម​រតន​កោដិ នរោត្តម​សីហ​នុ មក​ម្ល៉េះ ហើយ​ការ​មក​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​នេះ​ដែរ ក៏​ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។


គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន មាន​វិនិយោគិន​បរទេស​មក​ពី​១៧​ប្រទេស​កំពុង​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ហើយ​ក្នុង​នោះ​ដែរ ចិន​ក៏​កំពុង​ឈរ​លំដាប់​កំពូល​ផង​ដែរ​លើ​ការ​បណ្ដាក់ទុន​វិនិយោគ ។
វត្តមាន​របស់​វិនិយោគិន​ចិន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ហួស​ពី​ការ​ស្មាន ។ ជាក់ស្ដែង តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​កើនឡើង​បី​បួន​ដង​បើ​ធៀប​នឹង​កាលពីមុន ។

យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ប្រទេស​ចិន​បាន​ឈរ​លំដាប់​លេខ​រៀង​ទី​១ នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ជាមួយ​ទំហំ​ទឹកប្រាក់​វិនិយោគ​មាន​ចំនួន​ប្រមាណ​១៤,៣​ប៊ី​លាន​ដុល្លារ ឬ​ស្មើ​២៧%​នៃ​ទឹកប្រាក់​វិនិយោគ​ពី​បរទេស​សរុប ។ ចំនួន​នេះ​បាន​កើនឡើង​ស្ទើរ​ពាក់កណ្ដាល​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹមតែ​៧៤៨​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

ក្រៅពី​កំណើន​ទឹកប្រាក់​វិនិយោគ ស្ថានភាព​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៧ មាន​វឌ្ឍន​ភាពល្អ​ប្រសើរ ដែល​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ដល់​៥.៧៩០​លាន​ដុល្លារ ពោល​គឺ​បាន​កើនឡើង​២១,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ទន្ទឹម​គ្នា​នេះ ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​ចូល​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​១២១​ម៉ឺន​នាក់ គឺ​បាន​កើនឡើង​ជិត​៤៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ