ខេត្តស្វាយរៀង ៖ បុរសម្នាក់ដួលម៉ូតូបោកក្បាលទៅលើថ្នល់ជាតិលេខ១ បែកក្បាលធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូ ស្រាប់តែមានគោមួយក្បាលបោលកាត់ថ្នល់ក៏បុកពេញទំហឹង បណ្តាលឲ្យដួលម៉ូតូបោកក្បាលទៅលើថ្នល់បែកក្បាលធ្ងន់ធ្ងរហូរឈាមស្រោចផ្ទៃមុខ និងនៅលើថ្នល់សន្លប់ធំតែម្តង ។
ករណីជិះម៉តូបុកគោនេះកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចក្លោងទ្វា វត្តស្វាយជ្រំ ប្រមាណ១០០ម៉ែត្រ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ជាន ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្ននៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1G- 4495 បើកបរពីរទិសខាងលិចទៅកើតយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុក៏មានសត្វគោមួយហ្វូងបោលកាត់ថ្នល់ពីមុខម៉ូតូ ខណៈនោះជនរងគ្រោះទំនងចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំគោមួយក្បាលដួលបោកក្បាលនៅលើថ្នល់កៅស៊ូ បែកក្បាលធ្ងន់ធ្ងរ សន្លប់ធំតែម្តង ។ រីឯហ្វូងគោក៏បោលឆ្លងថ្នល់ទៅបាត់អស់ទៅប្រជាពលរដ្ឋក៏បានហៅរថយន្តសាមុយមកដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្ត ។
រីឯទ្រព្យសម្បត្តិជនរងគ្រោះនៅជាប់ខ្លួនត្រូវសមត្ថកិច្ចនគបាលស្រុកស្វាយជ្រំ យករក្សាទុករួមមានខ្សែ.កមាស១ខ្សែ ជញ្ជៀនត្រាមាសមួយវង់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែ២សន្លឹក ទូរស័ព្ទ១គ្រឿង និងម៉ូតូ១គ្រឿង មួកសុវត្ថិភាពមួយ ហើយប្រាក់មួយចំនួន ។
មូលហេតុសត្វគោបោលកាត់ថ្នល់ ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ ដោយជនរងគ្រោះមិនដឹងថា មានវាសនាយ៉ាងណានោះទេ ៕
ចែករំលែកព័តមាននេះ