ផ្លូវជាតិ​លេខ​៨ មិន​ស្ងាត់​ទេ​រឿង​ដឹកឈើ


ខេត្តព្រៃវែង ៖ សមត្ថកិច្ច​បាន​លួច​បង្ហើប​ប្រាប់​ថា កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​មិ​នា​នេះ មាន​រថយន្ត​ដឹកឈើ​ប្រភេទ​វ៉េ​អង ( V1 ) ចំនួន​៦​គ្រឿង បាន​ដឹកឈើ​ពេញ​ៗ​រថយន្ត ចូល​មក​ក្នុង​ទឹកដី​ខេត្តព្រៃវែង តាម​ផ្លូវជាតិ​លេខ​៨A ស្រប​ពេល​ដែល​ទីស្តីការគណៈរដ្ឋមន្ត្រី​ទើបតែ​ចេញ​សេចក្តី​ហាមឃាត់ មិន​ឲ្យ​មានការ​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រភេទ​នា​ពេល​ថ្មី​ៗ​នោះ ។

ប្រភព​ដដែល​នេះ​បាន​បង្ហើប​ទៀត​ថា ឈើ​ដឹក​តាម​រថយន្ត​ទាំង​៦​គ្រឿង​នោះ មិនមែន​ជា ឈើប្រណិត​ប្រភេទ​នាំ​ចេញ​នោះ​ទេ តែ​ជា​ឈើក្រហម​សម្រាប់​ធ្វើ​ផ្ទះ ដែល​គេ​ដឹក​យក​មក​លក់​ឲ្យ​ដេប៉ូ​លក់​ឈើ នៅ​តាម​បណ្តា​ខេត្ត​នានា ។

ដោយឡែក​ប្រភព​ច្បាស់ការ​ពី​តំបន់​ភ្នំ​ព្រិច ខេត្តក្រចេះ​បាន​បញ្ជាក់​ថា ឈើ​ចំនួន​៦​រថយន្ត​នេះ ជា​របស់​ក្រុមហ៊ុន DPC Group ហើយ​ឈើ​ទាំង​៦​រថយន្ត​មាន TC ដែល​មានច្បាប់​អនុញ្ញាតិ​ឱ្យ​ដឹក​ទាំងអស់ គ្រាន់តែ​ច្បាប់​នោះ​គេ​អនុញ្ញាតិ​ឱ្យ​ដឹក​តែ​មួយ​ឡាន ១៥​ម៉ែត្រ​គីប​ទេ ប៉ុន្តែ​រថយន្ត​នោះ​បែរជា​ដឹក​ដល់​៤០​ទៅ​៤៥​ម៉ែត្រ​គីប​ក្នុង​មួយ​រថយន្ត ដោយ​ដឹក​ចេញ​មក​ពី​តំបន់​ភ្នំ​ព្រិច ខេត្តក្រចេះ គោលដៅ​គេ​យក​ទៅ​ដាក់​ឲ្យ​ដេប៉ូ​លក់​ឈើ​ក្នុង​ខេត្តព្រៃវែង ចំនួន​២​រថយន្ត និង​៤​រថយន្ត​ទៀត យក​ចូល​ទៅ​ក្នុង​រាជធានី​ភ្នំពេញ ។
ប្រភព​ដដែល​និយាយ​ថា ការ​ដឹកឈើ​តាម​ផ្លូវជាតិ​លេខ​៨ សុទ្ធតែ​បង់​ផ្លូវ​ទើប​ដឹង​បាន ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន DPC Group នេះ មានច្បាប់​អនុញ្ញាតិ​ឲ្យ​ដឹក​ជញ្ជូន​ឈើ ក្នុង​១​ខែ ត្រឹមតែ​១០ ច្បាប់ ដែល​ស្មើ​និង​១០​រថយន្ត​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ដឹក​ជាក់ស្តែង​ក្នុង​១​ខែ​ៗ​រាប់​សិប​គ្រឿង​ឯណោះ ជាក់ស្តែង​ឈើ​៦​រថយន្ត ដែល​ដឹក​ទៅ​ដាក់​នៅ​ខេត្តព្រៃវែង និង​ភ្នំពេញ នា​យប់​ថ្ងៃ​ទី​២៨ មិ​នា​នោះ គឺ​មានច្បាប់​តែ​២​រថយន្ត​ប៉ុណ្ណោះ ឯ​៤​រថយន្ត​ទៀត ជា​ឈើ​លោត​ឆ​ត្រ័ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ