ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ប្រតិភូរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខណ្ឌចំនួន២ ដឹកនាំដោយលោក សាំ ពិសិដ្ឋ សាលាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកសុខ សម្បត្តិ និងសាលាខណ្ឌសែនសុខ ដឹកនាំដោយលោក កែវ សុភា អភិបាលរង បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ៧៩៣ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ ។
ជំនួសឱ្យប្រតិភូលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរៈនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនឱ្យសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើងបានជាដាច់ខាតសូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ ។
ក្នុងឱកាសនោះគណៈប្រតិភូបានផ្តល់អំណោយដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ៧៩៣ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខមានគ្រឿងឧបភោគ បរិភោគ ព្រមទាំងផ្តល់ថវិកាដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ៧៩៣ ចំនួន២៨១នាក់ ដោយម្នាក់ៗទទួលបាន៤ម៉ឺនរៀល ។ ចំណែកមេបញ្ជាការភូមិភាគ ម្នាក់៥០ម៉ឺនរៀល ។ មេវរៈម្នាក់៤០ម៉ឺនរៀល និងអនុវរៈចំនួន៦នាក់ ដោយម្នាក់ៗបាន២០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ