រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជាឱ្យមន្ដ្រីនគរបាលខេត្តតាកែវចំនួន៨នាក់ ក្នុងនោះមានទាំងស្នងការរងម្នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កោះហៅមកសួរនាំលើករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំមួយរូប គឺអ្នកស្រី ចែវ សុវឌ្ឍនា ដែលត្រូវបានសមត្ថកិច្ចខេត្តអះអាងថា បានចង.កសម្លាប់ខ្លួន ព្រោះតែមានវិបត្តិកាលពីចុងខែមករាកន្លងទៅ នៅក្នុងផ្ទះជួលដ៏ស្គឹមស្កៃមួយនៅក្រុងដូនកែវ ខេត្តតាកែវ ។
មន្ដ្រីនគរបាលជាន់ខ្ពស់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ឲ្យដឹងថា ស្នងការរងដែលត្រូវបានកោះហៅមកសួរនាំនោះ គឺលោក ឡាយ ណារិទ្ធ ដែលត្រូវជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលពេលថ្មីៗនេះ ត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ជាអភិបាលខេត្តកាលពីប៉ុន្មានថ្ងៃមុននេះ ។
មានការកត់សម្គាល់ថា ការកោះហៅមន្ដ្រីនគរបាលខេត្តតាកែវទាំង៨នាក់ខាងលើនេះ បានកើតមានឡើងភ្លាមៗ បន្ទាប់ពីលោក ឡាយ វណ្ណៈ ត្រូវបានបញ្ចប់មុខតំណែងពីអភិបាលខេត្ត ។ មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១១ព្រឹកថ្ងៃនេះ មន្ដ្រីនគរបាលទាំង៨រូប កំពុងស្ថិតក្រោមការសួរនាំនៅឡើយ ពាក់ព័ន្ធករណីដ៏រសើបមួយនេះ ព្រោះបន្ទាប់ពីមរណភាពគួរឱ្យភ្ញាក់ផ្អើលនោះមក មានការលេចធ្លាយព័ត៌មានចចាមអារាមជាច្រើន ដោយសារតែអ្នកស្រីបានបន្សល់ទុកលិខិតសរសេរដោយដៃ របៀបមនុស្សមានវិបត្តិផ្លូវចិត្ត ហើយមានការហែកចេញជា២ចម្រៀកផងដែរ ។
អ្នកស្រី ចែវ សុវឌ្ឍនា ជាស្ត្រីមេម៉ាយមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចង.កក្នុងបន្ទប់ដេកនៃផ្ទះដ៏ធំរបស់អ្នកស្រី ដែលជួលនៅក្នុងភូមិផ្សារតាកោរ សង្កាត់រការ ក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះ ក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា អ្នកស្រីមានវិបត្តិស្នេហា ។ ប៉ុន្ដែសំណុំរឿងនេះ ហាក់ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុតគេអះអាងថា ស្ដ្រីរងគ្រោះមិនបានចង.កសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ ព្រោះនៅកមានស្នាមម្រាមដៃដូចមនុស្សច្របាច់ក ។ សពអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅឋានក្នុងរាជធានីភ្នំពេញ ។
ទោះបីមានការភ្ញាក់ផ្អើលយ៉ាងណាក្តី ក៏មិនមាននរណាដឹងថា អ្នកស្រីមានវិបត្តិអ្វីដែរ ។ អ្នកស្រី ចេវ សុវឌ្ឍនា ជាស្ត្រីដែលមានរូបសម្ផស្សស្រស់ស្អាត និងជាអ្នកមានជីវភាពធូរធារម្នាក់ តែបែរជាអភ័ព្វរឿងស្នេហា ដោយអ្នកស្រីជាស្ត្រីមេមា៉យកូន៣ និងមិនដឹងថា តើនរណាជាឪពុកកូនៗទាំងនេះ ។ ផ្ទះដ៏ស្គឹមស្កៃដែលស្ត្រីរងគ្រោះ គេឃើញចង.កស្លាប់នេះ គឺជាផ្ទះរបស់លោកអតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែគេមិនដឹងថា ជួលក្នុងតម្លៃប៉ុន្មាននោះទេ ។ ផ្ទះវីឡានេះ ត្រូវបានម្ចាស់ប្រកាសក្នុងស្លាកមុខផ្ទះថា ជួលឬលក់ ទោះបីបន្ទាប់ពីមានការស្លាប់របស់អ្នកស្រី ចេវ សុវឌ្ឍនា ហើយក្តី ក៏វីឡានេះ នៅតែបិទទ្វារចោលនិងប្រកាសជួលឬលក់ដដែល ។
ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលអ្នកស្រីមេម៉ាយកូន៣រូបស្រស់ជួលវីឡាស្គឹមស្កៃមួយ រស់នៅបែបនេះ ។ អ្នកស្រី ចេវ សុវឌ្ឍនា មានអាយុ៣៦ឆ្នាំ ត្រូវបានអ្នកបម្រើក្នុងផ្ទះប្រទះឃើញចង.កស្លាប់ក្នុងបន្ទប់ដេកនៅល្ងាចថ្ងៃទី២៦ មករា ។ អ្នកស្រី គឺជាមន្ត្រីបម្រើការនៅវិមានរដ្ឋសភា ហើយក៏ជាសមាជិកមួយរូប នៅក្នុងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា លើការងារពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរ ។
ទាក់ទិននឹងករណីនេះ លោកអធិការក្រុងដូនកែវបានឲ្យដឹងថា បើតាមសម្តីអ្នកជិតខាងបានបញ្ជាក់ថា តាមការសង្កេតគេឃើញអ្នកស្រីទៅណាមកណា មិនដែលឃើញមានស្វាមីទៅជាមួយទេ ដូច្នេះក៏សន្និដ្ឋានថា ជាស្ត្រីមេម៉ាយតែម្តងទៅ ។ មិត្តភក្តិស្និទ្ធស្នាលរបស់អ្នកស្រី ចេវ សុវឌ្ឍនា បានសម្តែងការសោកស្តាយជាខ្លាំង ព្រោះអ្នកស្រីជាមនុស្សមានទឹកចិត្តល្អ និងតែងជួយរាល់ទុក្ខធុរៈមនុស្សជុំវិញខ្លួន ដោយមិនមានការរើសអើងអ្វីឡើយ តែនេះជារឿងនឹកស្មានមិនដល់ ហើយក៏គ្មានអ្វីនិយាយក្រៅពីពាក្យថា ស្តាយៗនោះទេ ។
ក្រោយពីសមត្ថកិច្ចបានពិនិត្យសពរួចរាល់ហើយ សពអ្នកស្រីត្រូវបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះឯរាជធានីភ្នំពេញ ។ ជីវិតដ៏ស្រស់បំព្រងរបស់អ្នកស្រី ពិតជាគេមិនជឿថា ជាអ្នកមានវិបត្តិអ្វីរហូតឈានដល់ការបញ្ចប់ជីវិតខ្លួនឯងបែបនេះឡើយ ។ ប៉ុន្តែបើយោងតាមប្រភពខ្លះថា អ្នកស្រីមានវិបត្តិស្នេហាជាមួយបុរសម្នាក់ និងបានសរសេរក្នុងសំបុត្ររបស់ខ្លួន តែក្នុងសំបុត្រ ក៏មិនបាននិយាយពីឈ្មោះបុរសរូបណាម្នាក់ទេ ក្រៅពីបង្ហាញការឈឺចាប់ចំពោះបុរសម្នាក់ដែលបានចោទប្រកាន់
និងបោះបង់ ។
ចែករំលែកព័តមាននេះ