ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​គែនដ៏កម្រ​ដែល​ជិត​បាត់​បង់​នោះ ឥឡូវ​មាន​បង្រៀន​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ទម្រង់​សិល្បៈ​គែន កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បាត់បង់ ព្រោះ​មាន​អ្នកចេះ​ចាំ​តិច​ពេក ទើប​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ កម្មវិធី​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ទម្រង់​សិល្បៈ​គែន កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បាត់បង់ ព្រោះ​មាន​អ្នកចេះ​ចាំ​តិច​ពេក ទើប​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ កម្មវិធី​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ទៅ​រៀបចំ​បង្កើត​ថ្នាក់​បង្រៀន​ឧបករណ៍​គែន នៅ​ខេត្តឧត្តរមានជ័យ ដើម្បី​ជួយ​បណ្ដុះបណ្ដាល កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ចេះ​ជំនាញ​ទម្រង់​សិល្បៈ ដ៏​កម្រ​នៅ​ប្រទេស​កម្ពុជា និង​ក៏​ដូច​ជា​អភិរក្ស​ការពារ​មរតក​នេះ​កុំ​ឲ្យ​បាត់បង់ ។

ថ្នាក់​គែន​ដែល​ត្រូវ​បង្កើត​ឡើង​នេះ​នៅ​ភូមិ​ក្រសាំង ឃុំ​បុស្ស​ស្បូវ ក្រុង​សំរោង​ខេត្ត​ឧត្តរ​មាន​ជ័យ មាន​សិស្ស​ចូល​រៀន​ដំបូង​ចំនួន​៤​នាក់ ជា​សិស្ស​ស្រី អាយុ​ពី​ចន្លោះ​១១​ទៅ​១២​ឆ្នាំ បង្ហាត់បង្រៀន​ដោយ​ព្រឹទ្ធាចារ្យ​ម៉ុ​ន ហៃ​។ លោកគ្រូ​ម៉ុ​ន ហៃ ជា​មនុស្ស​ម្នាក់​គត់ ដែល​ចេះ​ចាំ​ច្រើន​អំពី​គែន នៅ​ប្រទេស​កម្ពុជា ។ ក្នុង​ចំណោម​នេះ​មាន​ម្នាក់​ជា​ចៅស្រី​របស់​លោក​ព្រឹទ្ធាចារ្យ​ផង​ដែរ ។ ពួក​គេ​នឹង​ត្រូវ​រៀន​៦​ម៉ោង​ក្នុង​មួ​យស​ប្ដា​ហ៍​ដោយ​ឥត​គិតថ្លៃ ។

ជាមួយនឹង​ថ្នាក់រៀន​នេះ​ក៏​មាន​ផ្ដល់​នូវ​ឧបករណ៍​គែន​ចំនួន​៤​គ្រឿង​ទៅ​ដល់​សិស្ស​និង​បៀវត្សរ​សម្រាប់​លោក​ព្រឹទ្ធាចារ្យ​ផង​ដែរ​។ បន្ទាប់​ពី​ការ​បណ្ដុះបណ្ដាល​មួយ​ឆ្នាំ​សង្ឃឹម​ថា សិស្ស​នឹង​អាច​ទៅ​ចូលរួម​សម្ដែង​បង្ហាញ​ឧបករណ៍​គែន​ក្នុង​គម្រោង​កម្មវិធី​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ដែល​នឹង​នាំ​យក​តន្ត្រី និង​សិល្បៈ​ខ្មែរ កម្រ​ៗ​ទៅ​បង្ហាញ​នៅ​តាម​សហគមន៍​នានា​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​អាច​ឲ្យ​ទម្រង់​សិល្បៈ​ទាំងនោះ​នៅ​តែ​មាន​សកម្មភាព ។

ព្រឹទ្ធាចារ្យ​ម៉ុ​ន ហៃ មាន​ប្រសាសន៍​ថា «​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​ខ្ញុំ​អាច​មាន​ថ្នាក់​សម​រម្យ​បណ្ដុះបណ្ដាល​សិស្ស​ឲ្យ​ចេះ​ឧបករណ៍​គែន ។ ខ្ញុំ​ព្រួយបារម្ភ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខា្ល​ច​ថា​វា​បាត់បង់ ដោយសារ​វ័យ​ខ្ញុំ​កាន់តែ​ចាស់ ហើយ ក្មេង​ៗ​ក៏​មិន​បាន​មក​រៀន​បន្ត​ចំណេះ​​នេះ​ដែរ ។ ខ្ញុំ​ចង់​ផ្ទេរ​ចំណេះ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​ចង់​ឃើញ​ពួក​គេ​ចេញ​សម្ដែង​ណាស់ ។ ខ្ញុំ​សូម​អរគុណ​ដល់​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​បាន​ជួយ​ជ្រោមជ្រែង​បង្កើត​ថ្នាក់​គែន​នេះ ហើយ​ខ្ញុំ​នឹង​ខិតខំ​បង្ហាត់បង្រៀន​សិស្ស​ឲ្យ​បាន​ល្អ » ។

រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ប្រកាស​រួម​គ្នា​អំពី​កិច្ចសហការ​៥​ឆ្នាំ ដែល​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ នឹង​ក្លាយជា​កម្មវិធី​មួយ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​នៅ​ទូ​ទាំង​ប្រទេស ។

ការ​ចូលរួម​នេះ​នឹង​ធ្វើ​ឲ្យ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​កាន់តែ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​នាំ​ទម្រង់​សិល្បៈ​ខ្មែរ កម្រ​ៗ​ទៅ​ផ្សព្វផ្សាយ និង​សម្ដែង​ទូ​ទាំង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ជាង​មុន ក៏​ដូច​ជា​អភិរក្ស​ទម្រង់​សិល្បៈ​ទាំងនោះ​ឲ្យ​គង់វង្ស​ស្ថិត​ស្ថិរ​សម្រាប់​កូន​ខ្មែរ​ជំនាន់​​ក្រោយ ជា​ពិសេស​គម្រោង ថ្មី​ៗ​របស់​ខ្លួន​ដូច​ជា​ការ​ផលិត​ឧបករណ៍​ភ្លេង និង​ការ​ឧបត្ថម្ភ​សកម្មភាព​សិល្បករ​នៅ​សហគមន៍​ចំនួន​ពីរ​នៅ​អា​រ៉ែ​ង និង​ខេត្តឧត្តរមានជ័យ ។

កាន់តែ​ពិសេស ទាំង​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ និង​សិល្បៈ​ខ្មែរ​អមតៈ នឹង​រួម​គ្នា​លើ​ការ​ពង្រីក​ការ​ទាក់ទង​ជាមួយ​សហគមន៍​ខ្មែរ​នៅ​បរទេស ដូច​ជា​គម្រោង​នាំ​យក​សិល្បករ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​ទៅ​ធ្វើ​បទ​បង្ហាញ និង​សម្ដែង​ទម្រង់​សិល្បៈ​ខ្មែរ​កម្រ​ៗ​នៅ​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ។ ព្រមទាំង​ការ​អនុវត្ត​បច្ចេកវិទ្យា​ទំនើប (​កាមេរ៉ា​៣៦០) ក្នុង​ការ​រក្សា​ទុក និង​ផ្សព្វផ្សាយ​អំពី​ទម្រង់​សិល្បៈ និង​ឧបករណ៍​ភ្លេង កម្រ​ៗ​ផង​ដែរ​។ តាម​រយៈ​ការងារ​ទាំងនេះ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​នឹង​អាច​រក្សា​បេសកកម្ម​របស់​ខ្លួន​ប្រកបដោយ​និរន្តរភាព និង​ពេញលេញ​ក្នុង​រយៈពេល​វែង ។

ចាប់តាំងពី​ការ​បង្កើត​ឡើង​នៅ​ចុងឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​នេះ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី ធំ​ៗ៣០​ដង និង​សកម្មភាព​សិល្បៈ​រយៈពេល​ខ្លី​ជា​ច្រើន​នៅ​តាម​តំបន់ និង​សហគមន៍​នានា​ទូ​ទាំង​ប្រទេស ។

រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​មាន​បេសកកម្ម​នាំ​យក​តន្ត្រីបុរាណ​ទៅ​កាន់​ភូមិ​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​តំបន់​ជនបទ​ដាច់​ស្រយាល​ដែល​ពុំ​សូវ​មានឱកាស​បាន​ទស្សនា​ផ្ទាំង​ទស្សនីយភាព ។ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ជា​គម្រោង​ឯករាជ្យ​បង្កើត​ឡើង​ដោយ​លោក​អាន ច​ន​ផ​ន ជា​ស្ថាបនិក និង Steve RIEGE ក្នុង​ឆ្នាំ​២០១២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ