កម្ពុជា​កំពុង​មាន​និន្នាការ​បែរ​ឆ្ពោះទៅ​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម


រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​៧%​អស់​រយៈពេល​ជាង​២​ទសវត្សរ៍​មក​ហើយ ដែល​គាំទ្រ​ដោយ​វិស័យ​សំខាន់​ៗ​ដូច​ជា ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម ។ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ពី​ឆ្នាំ​២០១៣​ដល់​២០១៧ សូចនាករ​ដែល​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ទាំងនេះ មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​ការ​រីក​ចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម និង​ការ​ថមថយ​យ៉ាង​គំហុក​នៃ​វិស័យ​កសិកម្ម ដែល​ធ្វើ​ឲ្យ​កម្ពុជា​កំពុង​តែ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​វិញ ។

សេដ្ឋវិទូ​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ លោកស្រី តាន់ ឡា​នី​ន បាន​ឲ្យ​ដឹង​ថា រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ឧស្សាហកម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ពិសេស​គឺ​អនុ​វិស័យ​សំណង់ និង​កាត់ដេរ ខណៈ​វិស័យ​កសិកម្ម​បាន​ថមថយ​យ៉ាង​ខ្លាំង​។

ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​កម្ពុជា ស្ដី​ពី​សមិទ្ធកម្ម និង​ទស្សនវិស័យ នា​ព្រឹក​ថ្ងៃ​ទី​២៨ មីនា នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោកស្រី​លើក​ឡើង​ថា ៖« បើ​យើង​មើល​ពី​វិស័យ​កសិកម្ម​ដែល​ចូលរួម​កំណើន​សេដ្ឋកិច្ចជាតិ បាន​រួម​តូច​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ប្រមាណ​៣២%​នៃ​ផ​.​ស​.​ស​នៅ​ឆ្នាំ​២០១៣ មក​នៅ​ត្រឹមតែ​២៣%​នៃ​ផ​.​ស​.​ស​នៅ​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​បន្តបន្ទាប់ ត្រូវ​បាន​ព្យាករ​ថា នឹង​បន្ដ​ធ្លាក់​ចុះ​ថែម​ទៀត » ។

ចំណែក​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​ក៏​កាន់តែ​រួម​តូច​ផង​ដែរ ខណៈ​ដែល​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​មាន​ចំណែក​កាន់តែ​ធំ​ឡើង​ៗ​គួរ​ឲ្យ​កត់សម្គាល់ ។

លោកស្រី​ថ្លែង​ថា ៖« បើ​យើង​ក្រឡេក​មើល​ពី​កម្លាំង​ពលកម្ម​វិញ​ឃើញ​ថា កម្លាំង​ពលកម្ម​ដែល​បាន​ចូលរួម​ក្នុង​វិស័យ​កសិកម្ម ក៏​បាន​ថយ​ចុះ ខណៈ​ដែល​ការ​ចូលរួម​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ឧស្សាហកម្ម​មានការ​កើនឡើង » ។
« ដូច្នេះ សូចនាករ​សំខាន់​ៗ​ទាំង​ពីរ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​កំពុង​តែ​ស្ថិត​ក្នុង​និន្នាការ​នៃ​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ពី​ការ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម មក​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម »​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោកស្រី​សេដ្ឋវិទូ ។

លោក ឡៅ ប៉ូ​លី​វេ​ត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វិស័យ​កសិកម្ម​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​២០១២ បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ក៏​ដូច​ជា​ធានា​បាន​នូវ​សន្ដិសុខ​ស្បៀង ប៉ុន្ដែ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​ចាប់ផ្ដើម​ឈាន​ដល់​ចំណុច​របត់​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចាត់វិធានការ​មុត​ស្រួច​ដូច​ជា ដាក់​ចេញ​នូវ​គោ​លន​យោ​យ​បាយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ ។

លោកសេដ្ឋ​វិទូ​រូប​នេះ​បាន​គូសបញ្ជាក់​ថា ៖« សេដ្ឋកិច្ច​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​មួយ​គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្លាប់​ជា​ប្រទេស​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅ​លើ​វិស័យ​កសិកម្ម ទៅ​ពឹងផ្អែក​លើ​វិស័យ​ផ្សេង​ទៀត​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ហើយ​ការ​ប្រែប្រួល​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ថមថយ​នៃ​កំណើនសេដ្ឋកិច្ច​កសិកម្ម​នៅ​ក្នុង​សេដ្ឋកិច្ច​ជា​រួម ក៏​ដូច​ជា​ការ​ថមថយ​នៃ​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​ផលិតកម្ម​ផង​ដែរ » ។

លោក​បន្ថែម​ថា ៖« វិស័យ​កសិកម្ម​ខ្លួនឯង​ក៏​បាន​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែរ ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​សិ​កម្ម​មាន​កំណើន​ថមថយ​ជា​ខ្លាំង​ពី​៧,២%​នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៣-២០០៧ មក​នៅ​ត្រឹម​១,០%​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៣-២០១៧ ។ ក្នុង​នោះ​អនុ​វិស័យ​ដំណាំ​ដែល​ចូលរួម​ច្រើន​ជាងគេ​ប្រមាណ​១២,១%​នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៣-២០០៧ មក​នៅ​ត្រឹមតែ​១,១%​ប៉ុណ្ណោះ​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៣-២០១៧ ហើយ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត និង​កំពុង​ជួប​ឧបសគ្គ​នោះ គឺ​ប្រទេស​កម្ពុជា​យើង​មិន​អាច​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បាន​ឡើយ ខណៈ​នៅ​ចន្លោះ​ឆ្នាំ​២០១៣-២០១៧ មាន​កំណើន​ត្រឹមតែ​១,៨៧%​ប៉ុណ្ណោះ បើ​ធៀប​នឹង​កំណើន​នៃ​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ចន្លោះ​ពី​ឆ្នាំ​២០០៨-២០១២ កើនឡើង​៦,២៣% ស្រប​ពេល​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​វិស័យ​នេះ ថ្វី​ដ្បិតតែ​រីក​ចម្រើន ប៉ុន្ដែ​នៅ​មាន​កម្រិត​នៅឡើយ » ។

នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ លោក ច័ន្ទ សុផល បាន​លើក​ឡើង​ដែរ​ថា រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ វិស័យ​កសិកម្ម​បាន​ចូលរួម​តិចតួច​ក្នុង​កំណើនសេដ្ឋកិច្ច ក្នុង​នោះ​លោក​មើលឃើញ​ការ​បរាជ័យ​ទីផ្សារ​ចំនួន​៣​សំខាន់ គឺ​ទីផ្សារ​នាំ​ចេញ ទីផ្សារ​នាំ​ចូល និង​ទីផ្សារ​ហិរញ្ញវត្ថុ ។
លោក​មាន​ប្រសាសន៍​ថា ៖« សព្វ​ថ្ងៃនេះ ការ​ជ្រើសរើស​ពូជ​មិន​ច្បាស់លាស់ រួម​ទាំង​ខ្វះ​ការ​ត្រួតពិនិត្យ​ពី​ភាគី​រដ្ឋ ខណៈ​ការ​ទិញ​ជី​ដាក់ និង​គុណភាព គឺជា​បញ្ហា ។ ចំណែក​គ្រឿង​ម៉ាស៊ីន ឬ​សេវាកម្ម​បម្រើ​ឲ្យ​កសិកម្ម​នៅ​ថ្លៃ ហើយ​ទីផ្សារ​នាំ​ចេញ​មាន​ហានិភ័យ ដោយសារ​ផលិតផល​ខ្លះ​ត្រូវការ​នាំ​ចេញ​ប្រញាប់ ដូច​ជា ចេក ស្វាយ ជាដើម ខណៈ​ទីផ្សារ​មិន​ប្រាកដប្រជា ពិសេស​តម្លៃ ។ ជាមួយ​គ្នា​នេះ ការ​ទទួល​បាន​ឥណទាន​នៅ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ផង​ដែរ » ។

ទោះបី​យ៉ាងណា លោក​មើលឃើញ​ថា វិស័យ​នេះ​នៅ​មានឱកាស​ពង្រឹង​ការ​អភិវឌ្ឍ ដោយសារ​តែ​ការ​រីក​ចម្រើន​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដែល​អាច​ឲ្យ​វិស័យ​នេះ​អភិវឌ្ឍន៍​ខ្លួន ពិសេស ការ​ធ្វើ​ទំនើប​កម្ម និង​ការ​កែ​ច្នៃ​ដើម្បី​ឲ្យ​មាន​តម្លៃបន្ថែម​ខ្ពស់ ជា​ជាង​នាំ​ចេញ​ជា​វត្ថុធាតុដើម ។

លោក​ថា ៖« ទៅ​ថ្ងៃ​អនាគត នេះ​ជា​របត់​ថ្មី​មួយ​ដែល​យើង​មានឱកាស​វិនិយោគ​បន្ថែម​ទៀត​នៅ​តំបន់​ជនបទ ដោយសារ​តែ​យើង​មាន​អគ្គិសនី​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​វិស័យ​នេះ​»​។

ដោយឡែក វិស័យ​ឧស្សាហកម្ម​វិញ បាន​និង​កំពុង​ដឹកមុខ​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ក្នុង​នោះ​អនុ​វិស័យ​កាត់ដេរ​នៅ​តែ​មាន​ចំណែក​ធំ ប៉ុន្ដែ​វិស័យ​សំណង់​ក៏​កំពុង​តាម​ប្រកៀក​ប្រកិត​ផង​ដែរ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​អនុ​វិស័យ​មិនមែន​កាត់ដេរ កំពុង​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ។
យោង​តាម​ការ​ធ្វើ​បទ​បង្ហាញ​ពី​សេដ្ឋវិទូ លោក ជា សុ​ភ័​ក្រ បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ឧស្សាហកម្ម គឺ​បាន​ឈានមុខ​គេ​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ លើសវិស័យ​២​ផ្សេង​ទៀត គឺ​វិស័យ​កសិកម្ម និង​សេវាកម្ម ។ អនុ​វិស័យ​ដែល​រួមចំណែក​ច្រើន​ជាងគេ​គឺ​វិស័យ​កាត់ដេរ តាម​រយៈ​ការ​នាំ​ចេញ​ផលិតផល ប៉ុន្ដែ​មាន​និន្នាការ​ថយ​ចុះ ដែល​ប៉ះប៉ូវ​វិញ​ដោយ​វិស័យ​សំណង់ និង​ការ​កើនឡើង​នៃ​ផលិតផល​មិនមែន​កាត់ដេរ ដូច​ជា គ្រឿង​បង្គំ​អេ​ឡិច​ត្រូ​និក និង​ទោចក្រយាន ជាដើម ។

លោក​បន្ដ​ថា ៖« តាម​ការ​ព្យាករ​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ យើង​សង្ឃឹមថា វិស័យ​ឧស្សាហកម្ម​នៅ​តែ​បន្ដ​រួមចំណែក​ជំរុញ​កំណើន​នៃ​ផ​.​ស​.​សរឹង​មាំ​ដដែល ដោយ​ផ្អែក​លើ​ភាព​ខ្លាំង​នៃ​មូលដ្ឋាន​គ្រឹះ​ចេញពី​វិស័យ​កាត់ដេរ ជា​សក្ដានុពល​ក្នុង​ការ​ឈាន​ទៅ​ចាប់​យក​ឧស្សាហកម្ម​ថ្មី​, ភាគលាភ​ប្រជាសាស្ត្រ និង​បច្ចេកវិទ្យា ជា​ពិសេស​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​, គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ បាន​ចង្អុល​ទិស​នៃ​ការ​អភិវឌ្ឍ និង​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​ឧស្សាហកម្ម​, ការ​អនុគ្រោះ និង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល និង​ការ​សម្លឹង​ទៅ​រក​ប្រភេទ​សំណង់​លំនៅ​ឋាន​តម្លៃ​សមរម្យ ដែល​មាន​សក្ដានុពល​រយៈពេល​មធ្យម និង​វែង » ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​ឲ្យ​ដឹង​ថា េ​ស​ដ្ឋ​កិច្ច​របស់​កម្ពុជា​នឹង​នៅ​តែ​បន្ដ​រឹង​មាំ តែ​កម្ពុជា​ត្រូវ​ពង្រីក និង​បង្កើត​កម្លាំង​ច​លករ​ថ្មី​ៗ​បន្ថែម​ទៀត ពិសេស​ការ​ធ្វើ​ទំនើប​កម្ម​នៃ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​មាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មាន​ចលនា​រស់​រវើក និង​លូតលាស់​ថែម​ទៀត ។

ថ្លែង​នា​ឱកាស​នោះ​ដែរ លោក​រដ្ឋលេខាធិការ វ​ង្សី វិស្សុត មាន​ប្រសាសន៍​ថា ៖« ដោយ​ផ្អែក​លើ​ក្បាលម៉ាស៊ីន​គាំទ្រ​កំណើនសេដ្ឋកិច្ច​សំខាន់​ៗ ហើយ​វិស័យ​សំខាន់​ដែល​គាំទ្រ​ដល់​កំណើន​នេះ គឺ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម ។ ជាមួយ​គ្នា​នេះ កម្ពុជា​មាន​ទុនបម្រុង​ចំនួន​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធ្វើការ​គ្រប់គ្រង​ការ​នាំ​ចូល​បាន​ចំនួន​ជាង​៦​ខែ ។ ដោយឡែក ចំណូល​ថវិកាជាតិ​នៅ​តែ​រឹង​មាំ ពិសេស​ចំណូល​ពី​សារពើពន្ធ​សម្រេច​បាន​តាម​ផែនការ​គ្រោងទុក ខណៈ​ការ​ចាយវាយ​ថវិកាជាតិ ថ្វី​ដ្បិតតែ​មានការ​ពង្រីក តែ​រឹតត្បិត​យ៉ាង​ខ្លាំង ។ ទាំង​អស់នេះ សបញ្ជាក់​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​នៅ​តែ​រឹង​មាំ » ។
ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​យោង​តាម​ធនាគារពិភពលោក នៅ​ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​សម្រេច​បានជា​ប្រវត្តិសាស្ត្រ​គឺ​ការ​ឆ្លង​ផុត​ពី​ឋានៈ​ប្រទេស​ដែល​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប ។ លើស​ពី​នេះ​ទៅ​ទៀត ក្នុង​ឆ្នាំ​២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​ADB បាន​ដាក់​រហស្សនាម​កម្ពុជា​ថា​ជា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​»​ផង​ដែរ ដោយសារ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ កំណើន​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​នេះ បាន​បង្កើត​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​តួលេខ​របស់​ធនាគារពិភពលោក​បាន​បង្ហាញ​ថា ភាព​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​ស្ថិត​ក្នុង​អត្រា​០,៣% និង​ភាព​ក្រីក្រ​តោកយ៉ាក​ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំងស្រុង​នៅ​ក្នុង​ឆ្នាំ​២០១៧ ។ ទន្ទឹម​នឹង​នេះ ប្រាក់​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​ម្នាក់​ក្នុង​១​ឆ្នាំ បាន​កើនឡើង​ពី​១.០៤២​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ​ជា​១.៤២៧​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ និង​១.៥៦៣​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។

យ៉ាងណា​ក៏​ដោយ លោក វ​ង្សី វិស្សុត បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« យើង​ត្រូវ​តែ​គិតគូរ​ការ​កែទម្រង់​បែប​ណា ដើម្បី​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​មួយ ដោយ​បង្កើន​កម្លាំង​ច​លករ​ទាក់ទាញ​កំណើនសេដ្ឋកិច្ច​ឲ្យ​បាន​ច្រើន ដូច​ជា ធ្វើ​ទំនើប​កម្ម​នៃ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​មាន​តម្លៃបន្ថែម​ខ្ពស់​, ក្ដាប់​ឲ្យ​ជាប់​នូវ​ឱកាស​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​ពង្រីក និង​បង្កើត​កម្លាំង​ច​លករ​ថ្មី​ៗ​បន្ថែម​ទៀត ដែល​ដឹកមុខ​ដោយ​វិស័យ​ឯកជន ។ ត្រូវ​ដោះស្រាយ​បញ្ហា​ទីផ្សារ ដើម្បី​បង្កើត​កម្លាំង​ថ្មី​បន្ថែម​ទៀត រដ្ឋ​ត្រូវ​តែ​លូកដៃ​ដោះស្រាយ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​មាន​ចលនា​រស់​រវើក និង​លូតលាស់​ឡើង » ។

លោក​ថា ៖ « ទៅ​ថ្ងៃ​អនាគត កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​ផលិតភាព ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ក្របខ័ណ្ឌ​បរិស្ថាន​ច្បាប់ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​បន្ថែម​ទៀត ក៏​ដូច​ជា​ធានា​ប្រាក់​ចំណូល​សម្រាប់​ទ្រទ្រង់​ថវិកាជាតិ ពិសេស​គឺ​ការ​កសាង​ស្ថាប័ន​ឲ្យ​បាន​រឹង​មាំ​តាម​រយៈ​ការ​កែទម្រង់​ស៊ីជម្រៅ » ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ