រាជធានីភ្នំពេញ ៖ មានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយពីការដំឡើងពន្ធលើរថយន្តជជុះនាំចូលពីក្រៅប្រទេស និងកាត់បន្ថយការយកពន្ធលើរថយន្តថ្មី ។ ក៏ប៉ុន្តែពាក្យចចាមអារ៉ាមនេះ មិនមែនជាការពិត១០០%ទេ ពោលគឺរថយន្តថ្មីនៅតែត្រូវបានយកពន្ធ ហើយពន្ធខ្ពស់ជាងកាលពីឆ្នាំមុនទៅទៀត ដោយគ្មានការកាត់បន្ថយដូចការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនទេ ។ ដូចនេះហើយអាជីវកម្មលក់រថយន្តថ្មីៗនៅកម្ពុជា នៅតែមានបញ្ហាដដែល ។ នេះបើតាមការលើកឡើងរបស់ពាណិជ្ជករនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជា ។
បើតាមលោក ងន សាំង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អអិមអេ ខេមបូឌា បានឲ្យដឹងថា តាមពិតទៅ រាជរដ្ឋាភិបាលមិនបានកាត់បន្ថយពន្ធនាំចូលរថយន្តថ្មីៗមកកាន់កម្ពុជាទេ ហើយចំពោះការដំឡើងពន្ធលើការនាំចូលរថយន្តមួយទឹក មកកាន់ប្រទេសកម្ពុជា ក៏មិនមែនគ្រប់រថយន្តទាំងអស់ដែរ ។ លោកថា ៖«រដ្ឋាភិបាលបានសម្រេចថា នឹងដំឡើងពន្ធនាំចូលលើរថយន្តជជុះមែន ក៏ប៉ុន្តែគឺជាប្រភេទរថយន្តចាស់ៗដែលផលិតយូរឆ្នាំ ។ ដូចនេះ រថយន្តជជុះផ្សេងទៀតដែលផលិតនៅឆ្នាំលើបន្តិច នៅតែមានអត្រាពន្ធទាបជាងរថយន្តថ្មីៗច្រើនដដែល ។ អីចឹង វាមិនមានឥទ្ធិពលល្អដល់ការលក់រថយន្តថ្មីទេ » ។
លោកបន្តថា នៅក្នុងឆ្នាំ២០១៨នេះ មិនត្រឹមតែមិនកាត់បន្ថយពន្ធនាំចូលរថយន្តថ្មីប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ពន្ធនាំចូលរថយន្តថ្មីៗមានតែកើនឡើងបន្ថែមទៀត បើធៀបនឹងឆ្នាំចាស់កន្លងទៅ ដែលធ្វើឲ្យតម្លៃលក់រថយន្តថ្មីត្រូវតែឡើងថ្លៃជាងកាលឆ្នាំមុនៗ ។ នៅពេលតម្លៃរថយន្តថ្មីកើនឡើងនេះហើយ ដែលធ្វើឲ្យ អាជីវកម្មរថយន្តថ្មីនៅកម្ពុជានៅតែមានបញ្ហាប្រឈម បើទោះបីជាពន្ធរថយន្តស៊េរីចាស់ខ្លះត្រូវបានដំឡើងក៏ដោយ ។
លោកបានស្នើ និងសំណូមពរដដែលដល់រាជរដ្ឋាភិបាល ឲ្យគិតគូរដល់សុវត្ថិភាពចំពោះការប្រើប្រាស់រថយន្តនៅក្នុងប្រទេសកម្ពុជា ពីព្រោះរថយន្តចាស់ៗដែលនាំចូលមកនោះ មិនអាចដឹងពីប្រវត្តិច្បាស់លាស់ ឬអាចនឹងមានបញ្ហាបច្ចេកទេសណាមួយ ។ ដូចនេះ នៅពេលយកមកប្រើប្រាស់ វាអាចនឹងមានគ្រោះថ្នាក់ណាមួយកើតឡើងក្នុងពេលកំពុងបើកបរ ជាដើម ។ លោកថា ៖« ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន កម្ពុជា គឺជាប្រទេសដែលបើកចំហជាងគេលើការនាំចូលរថយន្តជជុះ ឬមួយទឹកពីខាងក្រៅ ។
ប្រទេសជិតខាងគេបានអនុវត្តរួចហើយ ដោយបានរឹតដ្បិតលើការនាំចូលរថយន្តមួយទឹក ក្នុងនោះមានប្រទេសខ្លះបិទការនាំចូលរថយន្តមួយទឹកតែម្ដង ប្រទេសខ្លះបានអនុញ្ញាតឲ្យនាំចូល តែបានកំណត់ឆ្នាំនាំចូល ចំណែកប្រទេសខ្លះទៀតក្នុងតំបន់អាស៊ាន អនុញ្ញាតឲ្យនាំចូលរថយន្តមួយទឹកមែន តែពន្ធនាំចូលខ្ពស់ជាងរថយន្តថ្មីទៅទៀត » ។
អ្នកស្រី អ៊ុន កញ្ញា អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន HGB Auto បានឲ្យដឹងដែរថា វាជាចំណាត់ការល្អមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធនាំចូលរថយន្តមួយទឹកមកកាន់ប្រទេសកម្ពុជា បើទោះបីជាការកំណត់នោះទៅលើតែរថយន្តស៊េរីចាស់ៗក៏ដោយ។ ក៏ប៉ុន្តែអាជីវកម្មរថយន្តថ្មីនៅតែមានបញ្ហាដដែលក្នុងការលក់ និងចែកចាយ ស្របពេលពន្ធលើការនាំចូលរថយន្តថ្មីនៅតែខ្ពស់ និងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
បើតាមលោក ងន សាំង និងអ្នកស្រីកញ្ញា បានបញ្ជាក់ស្រដៀងគ្នាថា បើសិនជារាជរដ្ឋាភិបាលបន្ធូរបន្ថយពន្ធលើការនាំចូលរថយន្តថ្មី ហើយកាត់បន្ថយការនាំចូលរថយន្តមួយទឹក វានឹងផ្ដល់ប្រយោជន៍ច្រើនដល់រាជរដ្ឋាភិបាល ពីព្រោះបច្ចុប្បន្ន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងជាបន្តបន្ទាប់ ហើយពួកគាត់ភាគច្រើនអាចមានលទ្ធភាពទិញត្រឹមរថយន្តមួយទឹកប្រើប្រាស់ តែបើសិនជាកាត់បន្ថយពន្ធរថយន្តថ្មីនោះ វានឹងមានតម្លៃទាប ។ ដូចនេះ នឹងមានអ្នកមានលទ្ធភាពទិញប្រើប្រាស់កាន់តែច្រើន ។ នៅពេលមានអ្នកប្រើប្រាស់ច្រើន ក្រុមហ៊ុនធំៗនឹងសម្លឹងមើលការសង់រោងចក្រដំឡើងរថយន្តនៅក្នុងស្រុកខ្មែរ ពេលនោះ រាជរដ្ឋាភិបាលនឹងទទួលបានចំណូលកាន់តែច្រើនពីអាជីវកម្មរថយន្តថ្មីនេះផងដែរ ៕
ចែករំលែកព័តមាននេះ