ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ចាប់ផ្ដើម​កែ​លម្អ​មាត់ទន្លេ​ផ្សារ​ក្រោម​សម្រាប់​ពិធីបុណ្យ​ទន្លេ​ឆ្នាំ​២០១៩

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយ​អនុវត្តន៍​តាម​ផែនការអភិវឌ្ឍន៍​មាត់ច្រាំង​ទន្លេ​ផ្សារ​ក្រោម ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​សោភ័ណ​ភាព​ក្នុង​ក្រុង​កំពង់ឆ្នាំង​ផង​នោះ ស្តង់​លក់​ឈើ​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ត្រូវ​បាន​រុះរើ​ចេញ​ស្ទើរ​អស់ទាំង​ស្រុង​ហើយ​ដែរ ដែល​ចំណុច​នោះ អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​ចាក់​ដី​បំពេញបន្ថែម​សម្រាប់​ធ្វើ​សួនច្បារ និង​វេទិកា​បុណ្យ​ទន្លេ​នៅ​ឆ្នាំ​២០១៩…

ខេត្តកំពង់ឆ្នាំង ៖ ដោយ​អនុវត្តន៍​តាម​ផែនការអភិវឌ្ឍន៍​មាត់ច្រាំង​ទន្លេ​ផ្សារ​ក្រោម ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​សោភ័ណ​ភាព​ក្នុង​ក្រុង​កំពង់ឆ្នាំង​ផង​នោះ ស្តង់​លក់​ឈើ​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ត្រូវ​បាន​រុះរើ​ចេញ​ស្ទើរ​អស់ទាំង​ស្រុង​ហើយ​ដែរ ដែល​ចំណុច​នោះ អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​ចាក់​ដី​បំពេញបន្ថែម​សម្រាប់​ធ្វើ​សួនច្បារ និង​វេទិកា​បុណ្យ​ទន្លេ​នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​រដូវប្រាំង​ខាង​មុខ​នេះ អាជ្ញាធរ​ខេត្ត​នឹង​ធ្វើការ​ចាក់​ដី​ពង្រីក​ច្រាំង​ទន្លេ​ផ្សារ​ក្រោម ចំណុច​អតីត​រោង​លក់​ឈើ​ផ្លូវ​ដាច់​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដើម្បី​ត្រៀម​ទុក​ធ្វើ​សួនច្បារ និង​ធ្វើ​វេទិកា​បុណ្យ​ទន្លេ​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ លោក​បាន​បញ្ជាក់​ថា កាលពី​ខែកុម្ភៈ​កន្លង​មក អាជ្ញាធរ​ក្រុង និង​ខេត្ត​បាន​សំណូមពរ​ជា​ថ្មី​ទៀត រួមការ​ដាក់​លក្ខណ​មួយ​ចំនួន​ផង ដោយ​សុំ​ឲ្យ​បងប្អូន​អាជីវករ​ដែល​បាន​ធ្វើ​រោង​លក់​ឈើ​នៅ​ម្តុំ​នោះ រុះរើ​រោង​លក់​ឈើ​ចេញ ដើម្បី​ទុក​ទីតាំង​នោះ​សំរាប់​ចាក់​ដី​បំពេញ​ឲ្យ​ស្នើ​នឹង​ខឿន​ច្រាំង​ទន្លេ​ពី​ដើម​ពោធិ៍ មក​មុខ​ស្នាក់​ការ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ។ ដោយឡែក​តូប​លក់ដូរ​មួយ​ចំនួន រួម​និង​ស្ថានីយ​លក់​ប្រេង​មួយ​កន្លែង​នៅ​មាត់ទន្លេ​ដែរ​នោះ ក៏​អាជ្ញាធរ​ខេត្ត​តម្រូវ​ឲ្យ​រុះរើ​ចេញ​ផង​ដែរ ដែល​មាន​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ខេត្ត​រួច​ហើយ ដើម្បី​ទុក​ច្រាំង​មាត់ទន្លេ​ពី​ចំណុចដើម​ពោធិ៍​ដល់​ថ្នល់​ដាច់ ធ្វើ​សួនច្បារ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត និង​ក៏​សម្រាប់​ខេត្តកំពង់ឆ្នាំង​ទទួល​ធ្វើបុណ្យ​ទន្លេ​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្ត​ក៏​បាន​អំពាវនាវ​ផង​ដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រកប​មុខរបរ​លក់ដូរ​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ សូម​ត្រៀម​រុះរើ​តូប​លក់ដូរ​របស់​ខ្លួន​ទៅ​រក​ទីតាំង​លក់ដូរ​ថ្មី ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អាជ្ញាធរ​ខេត្ត អភិវឌ្ឍន៍​តាម​គម្រោងការ​ខាងលើ ដើម្បី​មុខមាត់​ខេត្តកំពង់ឆ្នាំង ក្នុង​ពេល​ទទួល​ធ្វើបុណ្យ​ទន្លេ​ក្នុង​ពេល​ខាង​មុខ​នេះ ។ លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្ទះថ្ម មាត់ទន្លេ​ផ្សារ​ក្រោម សូម​ជួយ​ធ្វើ​អនាម័យ​តាម​មុខ​ផ្ទះ​ឲ្យ​បាន​ស្អាត​ល្អ សូមកុំ​យក​ខោអាវ​នៅ​មុខ​ផ្ទះ​នៅ​តាម​មាត់ទន្លេ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សោភ័ណ​ភាព ក៏​ដូច​ជា​មិន​គាប់​បី​ចំពោះ​ភ្ញៀវ​បរទេស​យ៉ាងហ្នឹង​ដែរ ។ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង ក៏​ដូច​ជា​នគរបាល​ទេសចរណ៍​នៅ​ប្រចាំការ​កំពង់​ផែរ​ទេសចរណ៍​ផ្សារ​ក្រោម ក៏​សូម​ជួយ​អប់រំ​ណែនាំ ប្រជាពលរដ្ឋ​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​តាម​ច្រាំង​ទន្លេ​ឲ្យ​បាន​ល្អ​ប្រសើរ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ