ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​រិះគន់​ការ​ផលិត​បទ​ញាក់ទទ្រាក់​ទទ្រើក​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​បណ្តា​ផលិត កម្ម​ក្នុងស្រុក​កំពុង​តែ​ផលិត​បទ​ចម្រៀង​ចង្វាក់ ញាក់​ទទ្រាក់​ទទ្រើក​យ៉ាង​ផុសផុល​ជាង​ចង្វាក់​ប្រពៃណី សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នោះ មហាជន​បាន​សម្តែង​ការ​មិន​ពេញចិត្ត ។ ជា​អ្នក​ភូមិ​ចាស់ទុំ​ម្នាក់​នៅ​ភូមិ​មួយ​នា​ស្រុក​កៀនស្វាយ​លោក​សា​វន បាន​លើក​ឡើង​​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​បណ្តា​ផលិត កម្ម​ក្នុងស្រុក​កំពុង​តែ​ផលិត​បទ​ចម្រៀង​ចង្វាក់ ញាក់​ទទ្រាក់​ទទ្រើក​យ៉ាង​ផុសផុល​ជាង​ចង្វាក់​ប្រពៃណី សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នោះ មហាជន​បាន​សម្តែង​ការ​មិន​ពេញចិត្ត ។

ជា​អ្នក​ភូមិ​ចាស់ទុំ​ម្នាក់​នៅ​ភូមិ​មួយ​នា​ស្រុក​កៀនស្វាយ​លោក​សា​វន បាន​លើក​ឡើង​​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា «​បច្ចុប្បន្ន​បទ​សម័យ​ឥឡូវ​ដែល​គេ​ហៅ​ចង្វាក់​បែក​ស្លុយ​ស្អី​គេ​នោះ ខ្ញុំ​ហាក់​ស្តាប់​មិន​ចូល​ត្រចៀក​ឡើយ ដោយសារ​តែ​ខ្ញុំ​និយម​តែ​បទ ពី​ដើម​ៗ​។ បទ​សម័យនេះ​ស្តាប់​បាន​ភាគច្រើន​តែ​យុវវ័យ​ប៉ុណ្ណោះ ព្រោះ​វា​ជា​ចង្វាក់​បែប​ថ្មី ហើយ​ស្តាប់​ទៅ​វា​សប្បាយ ខុស​ប្លែក​ពី​បទ​ពី​ដើម​ដែល​មាន​មនោសញ្ចេតនា និង​លន្លង់លន្លោច​ច្រើន»​។

ដោយឡែក​សម្រាប់​បទ​លក្ខណៈ​ប្រពៃណី​វិញ​ត្រូវ​លោក​សា​វន លើក​ឡើង​ថា នៅ​មុន​បុណ្យចូលឆ្នាំ និង​ក្រោយ​ចូល​ឆ្នាំ ចង្វាក់​ដែល​ជា​ប្រពៃណី​ខ្មែរ​គឺ​មានការ​ផុសផុល​ច្រើន​ជាង​ពេល​ណា​ៗ​ទាំងអស់ ។ ចង្វាក់​ប្រពៃណី​នេះ​គឺ​គេ​តែ​ចាក់​រាំ​កម្សាន្ត​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ដល់ ព្រោះ​វា​បង្ហាញ​ពី​ទម្លាប់ និង​ប្រពៃណី​ខ្មែរ បើ​ទោះបីជា​ពេល​ខ្លះ​មាន​លាយឡំ​បទ​ញាក់ ក៏​បទ​ទាំងនោះ​វា​មាន​បែបផែន​សម​ល្មម​ផង​ដែរ ។

ក្នុង​នាម​ជា​ចាស់ទុំ​មួយ​រូប លោក​សា​វន នៅ​តែ​មិនសូវ​ជា​ពេញចិត្ត​ការ​ផលិត​បទ​ចម្រៀង​ចង្វាក់​បែប​បែក​ស្លុយ ជាង​ការ​ផលិត​បទ​ចង្វាក់​ប្រពៃណី​នោះ​ឡើយ ព្រោះ​យើង​ជា​ខ្មែរ​មិន​ត្រូវ​បំភ្លេច​អ្វី​ដែល​ជា​របស់​ខ្មែរ​ឡើយ ។

ជា​មន្ត្រីរាជការ​មួយ​រូប​លោក​សំ​អន បាន​អះអាង​ថា តាម​ការ​សង្កេត​របស់​លោក​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​តាម​ទី​សាធារណៈ​នានា ឲ្យ​តែ​មាន​ពិធី​សប្បាយ​ណាមួយ​គឺ​ភាគច្រើន​គេ​តែ​និយម​ចាក់​បទ​បែក​ស្លុយ ជាង​បទ​ចង្វាក់​ប្រពៃណី ។ ទាំង​អស់នេះ​ជា​ការ​និយម​របស់​យុវវ័យ ប៉ុន្តែ​សម្រាប់​លោក​គឺ​យល់​ថា យើង​មិន​គួរ​បណ្តែត​បណ្តោយ​ឲ្យ​យុវវ័យ​សម័យ​ថ្មី​បំភ្លេច​ចង្វាក់​ដែល​ជា​ប្រពៃណី​ខ្មែរ​នោះ​ឡើយ ។

បើ​តាម​លោក​សំ​អន យុវវ័យ​ភាគច្រើន​កំពុង​តែ​ពេញចិត្ត​ចំពោះ​ការ​ផលិត​បទ​ចង្វាក់​បែក​ស្លុយ​ពី​បណ្តាល​ផលិត​នានា ដោយសារ​តែ​បទ​ទាំងនោះ​ត្រូវ​ពួក​គេ​យល់​ថា​ទាន់សម័យ និង​ផ្តល់​ភាព​រីករាយ​ដល់​អ្នក​ស្តាប់ និង​អ្នក​រាំ ។ យ៉ាងណា​ក៏​ដោយ​លោក​ហាក់​មិនសូវ​ជា​ពេញចិត្ត​នូវ​រឿង​បែប​នេះ​ឡើយ ដោយសារ​តែ​ចង្វាក់​ប្រពៃណី​ក៏​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ផង​ដែរ ហើយ​ចង្វាក់​នេះ​ទៀត​សោត​ក៏​មាន​បែបផែន​នៃ​ការ​រាំ មិន​រញ៉េរញ៉ៃ ដូច​ចង្វាក់​បែក​ស្លុយ​នោះ​ឡើយ ។

ជា​និស្សិត​រៀន​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ លោក​ជំនិត បាន​បញ្ជាក់​ថា ទាំង​បទ​រាំង​បែប​ប្រពៃណី និង​បទ​បែក​ស្លុយ​គឺ​លោក​ពេញចិត្ត​ម្យ៉ាង​ម្នាក់ ដោយសារ​តែ​នេះ​ជា​បរិបទ​របស់​ក្នុង​សង្គម​នា​យុគសម័យ​ដ៏​ទំនើប​។ លោក​អះអាង​ថា បទ​រាំ​បែប​ប្រពៃណី​យើង​មិន​ចោល​ឡើយ​នៅ​ក្នុង​ឱកាស​នៃ​ពិធី​សប្បាយ​រីករាយ​ណាមួយ ប៉ុន្តែ​បទ​បែក​​​ស្លុយ​ដែល​ជា​ចង្វាក់​មួយ​ថ្មី​នោះ​ក៏​យើង​នៅ​តែ​ទទួលយក​បាន ព្រោះ​វា​គឺជា​ការ​កម្សាន្ត និង​ភាព​សប្បាយ​រីករាយ​ដូច​គ្នា ។

យ៉ាងណា​ក៏​ដោយ​បើ​ទោះបីជា​ចង្វាក់​បែក​ស្លុយ​នេះ​បាន​រីក​លូតលាស់​យ៉ាង​គំហុក​ក្នុង​សង្គម​ខ្មែរ​នា​ពេល​នេះ យើង​ក៏​មិន​ត្រូវ​មើល​រំលង​ពី​ចង្វាក់​បែប​ប្រពៃណី​ដែរ ហើយ​បើ​អាច​ខាង​បណ្តា​ផលិតកម្ម​នានា​គឺ​ផលិត​បទ​រាំ​ប្រពៃណី​នេះ​ឲ្យ​បាន​ច្រើន​ជាង​ផលិត​បទ​រាំង​បែក​ស្លុយ ។

ជា​ការ​កត់សម្គាល់​បើ​ទោះបីជា​មានការ​លើក​ឡើង​នូវ​មតិ​រិះគន់​ខាងលើ​នេះ​ក៏​ដោយ មាន​មហាជន​មួយ​ចំនួន និង​បណ្តា​ផលិតកម្ម​នានា​ហាក់​សម្តែង​ការ​មិន​ពេញចិត្ត ដោយសារ​តែ​បទ​ចង្វាក់​បែប​ប្រពៃណី​នេះ​គឺ​ពួក​គេ​នៅ​តែ​ផលិត​ដដែល ហើយ​បទ​បែក​ស្លុយ​នោះ​ទៀត​សោត​គឺជា​ការ​ច្នៃប្រឌិត​ថ្មី ហើយ​វា​ក៏​ទទួល​បានការ​គាំទ្រ​ពី​មហាជន​ជា​ច្រើន​ផង​ដែរ​។

បុរស​ម្នាក់​ដែល​ដាក់​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា chesda art បាន​បង្ហោះ​សារ​ទាក់ទង​បញ្ហា​នេះ​ថា «​មិនមែន​ជា​កំហុស​សិល្បករ ឬ ផលិតករ​ទេ បើ​ពួក​គាត់​មិន​ចេញ​បទ​ញាក់ អ្នក​ភូមិ អ្នកស្រុក ទំនោរ​ខាង​បទ​ញាក់ ទិញ​ឌី​ស​បរទេស កូរ៉េ ថៃ ញាក់​ដដែល ។ សំខាន់​យើង​គ្រប់​គ្នា ស្រលាញ់ បទ​ប្រពៃណី ទៅ​ទិញ​ឌី​ស ចាស់​ៗ មាន​គ្រប់​ចង្វាក់​ឲ្យ​តែ​ចិត្ត​ស្រលាញ់ និង​ថែរក្សា ! ម្យ៉ាង​ការ​ចេញ​បទ​ញាក់ ថ្មី​ៗ ដែល​បង្កើត ចង្វាក់រាំ​ប្លែក ៗ ដោយ គំនិត​ថ្មី គឺ​គួរ​ឲ្យ​សរសើរ​ណាស់ ! ទាំង​ប្រពៃណី និង សម័យ​ទំនើប ដែល​ច្នៃ​បង្កើត​ខ្លួនឯង គឺ ល្អ​ទាំងអស់ !»​។

ដោយឡែក​រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា ធ្លាប់​បាន​លើក​ឡើង​ថា ផលិតកម្ម​គេ​ធ្វើ​គឺ​គេ​មានរ​ការ​គ្រោង​របស់​គេ ដោយ​ក្នុង​នោះ​មាន​ទាំង​បទ​រាំ​ប្រពៃណី មហោរី បែប​រ៉េ​ប និង​ក្បាច់​រាំ​ញាក់​សម័យ​ថ្មី គ្រប់​រសជាតិ ។ បើ​គេ​មិន​ធ្វើ​អ៊ីចឹង​ទេ ប្រសិនបើ​ផលិតកម្ម​គេ​មានការ​ខាតបង ់និង​ដួល​រលំ តើ​មាន​អ្នក​ណា​ជា​អ្នក​ទទួល​ខុសត្រូវ​បើ​គិតតែ​ពី​រាំវង់​មួយ​វ៉ុល​ចប់ សួរ​ថា អ្នក​ដែល​រិះគន់​ស្ថាបនា​នោះ​បាន​ស្តាប់​អត់ ជួនកាល​អត់​ទាំង​ស្តាប់​ផង​។ វា​មាន​ន័យ​ថា អ្វី​ទាំង​អស់នោះ​គឺ​មិន​មាន​ភាព​ចម្រុះ​ពណ៌ ប្រៀប​បាន​នឹង​សួនច្បារ​មួយ​ដែល​ដាំ​តែ​ផ្កា​ពណ៌​ស ឬ​ពណ៌​ក្រហម វា​មាន​ល្អមើល​អ្វី ។

គ្រប់ការ​ផលិត​របស់​ផលិតកម្ម​គឺជា​ការ​រកស៊ី​របស់​គេ ហើយ​ជា​គម្រោង​របស់​គេ យើង​មិន​អាច​ទៅ​ហាមឃាត់​គេ និង​ដាក់​កំណត់​គេ​ឲ្យ​ផលិត​តែ​បទ​រាំ​បែប​ប្រពៃណី​តែ​មួយ​មុខ​នោះ​ឡើយ ។ ជា​ឧទាហរណ៍​ឆ្នាំ​នេះ​គេ​ផលិត​បទ​រាំ​ប្រពៃណី​ច្រើន ហើយ​ឆ្នាំ​ក្រោយ​គេ​ប្តូរ​ទៅ​ផលិត​បទ​រាំ​នូវ​ចង្វាក់ ផ្សេង​ៗ​ច្រើន​ជាង​បទ​រាំ​ប្រពៃណី នោះ​គេ​បាន​គេ​ហៅ​ថា​ជា​ការ​សិល្បៈ​ចម្រុះ​ពណ៌​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក ថៃ នរៈ​សត្យា ចំពោះ​និរន្តរភាព​នៃ​ចង្វាក់​ប្រពៃណី​ខ្មែរ​វិញ​នោះ គឺ​អាច​និយាយ​បាន​ថា យើង​មិន​ចាំបាច់​អភិរក្ស​អ្វី​បន្ថែម​ចំពោះ​ក្បាច់​រាំ​ទាំង​អស់​នោះ​ទៀត​ឡើយ ព្រោះ​សង្គម​យើង​បាន​អភិរក្ស​ប្រកបដោយ​ចីរភាព​រួច​ហើយ ក្នុង​ពេល​ដែល​ចង្វាក់​ដែល​ជា​ប្រពៃណី​ខ្មែរ​នោះ​គឺ​គេ​ឃើញ​កើត​មាននៅ​ក្នុង​ពិធី ធំ​ៗ និង​ពិធី​អាពាហ៍ពិពាហ៍​នៅ​ក្នុង​កម្រិត​ណា​នោះ​ទេ​ឲ្យ​តែ​មាន​ចង្វាក់​បែប​ប្រពៃណី​ខ្មែរ​មនុស្ស​ម្នា​បាន​ដឹក​ដៃ​គ្នា​ចូល​រាំ​យ៉ាង​ត្រសង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ