ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​ហ៊ុន សែន ប្រតិ​កម្ម​ខ្លាំងៗ​ចំពោះ​ការ​គំរាម​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ​អាប់​ ភីស៊ីតនិងស្នើ​ឱ្យ​អង្គការ​សហ​ប្រ​ជា​ជាតិ​ជ្រាប​ជា​ព័ត៌មាន

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​សម្តេច​តេជោ​ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​មាន​ប្រតិ​កម្ម​ខ្លាំងៗ ទៅ​នឹង​ការ​គំរាម​កំហែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​អាប់​ភី​ស៊ី ដែល​ប្រកាស​ថា នឹង​ប្រើ​ទាំង​មធ្យោ​បាយ​ការទូត និង​យោធា​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​កម្ពុជា ហើយ​ការ​គំរាម​កំហែង​របស់​លោក​អាប់ភីស៊ីត នេះ សម្តេច​តេជោ​បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​៨ សីហា ២០១០ ដល់លោក​ Ali Abdussalam Treki ប្រធាន​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ក្រុងញ៉ូវ​យក ជ្រាប​ជា​ព័ត៌មាន ។

រាជ​ធានី​ភ្នំ​ពេញ ៖ ​សម្តេច​តេជោ​ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​មាន​ប្រតិ​កម្ម​ខ្លាំងៗ ទៅ​នឹង​ការ​គំរាម​កំហែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​អាប់​ភី​ស៊ី ដែល​ប្រកាស​ថា នឹង​ប្រើ​ទាំង​មធ្យោ​បាយ​ការទូត និង​យោធា​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​កម្ពុជា ហើយ​ការ​គំរាម​កំហែង​របស់​លោក​អាប់ភីស៊ីត នេះ សម្តេច​តេជោ​បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​៨ សីហា ២០១០ ដល់លោក​ Ali Abdussalam Treki ប្រធាន​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ និងលោក Vitaly Churkin ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រុងញ៉ូវ​យកជ្រាប​ជា​ព័ត៌មាន ។

នៅ​ក្នុង​លិខិត​ផ្លូវ​ការរបស់​សម្តេច​តេជោ​ហ៊ុន​សែន បាន​លើក​ឡើង​ថា លោក​ប្រធាន! ខ្ញុំ​មាន​កិត្តិ​យស​សូម​ជំរាប​ឯក​ឧត្តម​ជ្រាបថា នៅ​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០១០ ក្នុង​កិច្ច​ប្រ​ជុំ​ជា​សាធារណៈ​ជា​មួយបក្សសម្ព័ន្ធ​​ភាព​ប្រ​ជា​ជន​ដើម្បី​ប្រជា​ធិប​តេយ្យ លោក​នាយ​ករដ្ឋ​មន្ត្រី​ថៃ​បាន​ប្រកាស​យ៉ាង​​ចំហ​ថា “…អំពី​ការ​រំលោភ​ដែន​ដី យើង​នឹង​លុប​ចោល​នូវ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា ប្រសិន​បើ​មិ​នអាច​ដោះ​ស្រាយ​បញ្ហានេះ​បាន យើង​នឹង​ប្រើ​ទាំង​មធ្យោបាយ​ការ​ទូត ទាំង​មធ្យោបាយ​យោធា” ។

ពាក្យ​សំដី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​គឺ​មាន​ន័យ​ម៉្យាង​ជា​ការគំរាមកំហែង​យ៉ាង​ជាក់​ច្បាស់​ថា​ថៃ​នឹង​លុប​ចោល​ជា​ឯកតោ​ភាគី​នូវ​ឯក​សារ​ច្បាប់​ទ្វេ​ភាគី ពោល​គឺ​អនុរស្សរណៈ​នៃការ​យោគយល់​គ្នា ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០០០ រវាង​រដ្ឋា​ភិបាល​កម្ពុជា និង​រដ្ឋា​ភិ​បាល​ថៃ ដើម្បី​ខណ្ឌ​សីមា​ព្រំដែន និង​ម៉្យាង​ទៀត​ជា​ការគំរាម​យ៉ាង​ជាក់​ច្បាស់​ថា​នឹង​ប្រើ​កំលាំង​យោ​ធា​រំលោភ​បំពាន​មក​លើ​កម្ពុជា ដើម្បី “ដោះ​ស្រាយ”​ បញ្ហា​ខណ្ឌ​សីមា​ព្រំ​ដែន​ដែល​មាន​ខណ្ឌ​សីមា​ច្បាស់​រួច​ហើយ​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤ សន្ធិ​សញ្ញា​ឆ្នាំ​១៩០៧ ក៏​ដូច​ជា​តាមផែន​ទី​ដែល​ផលិត​ដោយ​គណៈ​កម្ម​ការ​បារាំង-សៀម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុសញ្ញា​ខាង​លើ​នេះ ។

ការគំរាម​ប្រើ​កំលាំង​យោ​ធា​រំលោភ​បំពាន​មក​លើ​កម្ពុជា​ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​នោះ នាយក​រដ្ឋ​មន្ត្រី​ថៃ​រំលោភ​លើ​មាត្រា​ទី២.៣ និង២.៤ នៃ​ធម្ម​នុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ ។ ចំពោះ​ប្រទេស​កម្ពុជា​វិញ​ សូម​បញ្ជាក់​ជា​ថ្មី​នូវ​នយោ​បាយ​ខ្ជាប់​ខ្ជួន​ថានឹង​មិនប្រើ​កំលាំង​អា​វុធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​ជា​មួយ​ប្រទេស​ជិត​ខាង​ឡើយ ។ ក៏​ប៉ុន្តែ​កម្ពុជា​រក្សា​សិទ្ធិ​ស្រប​ ច្បាប់​របស់​ខ្លួន ក្នុង​ការ​ការ​ពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ក្នុង​ករណី​មាន​អំពើ​ឈ្លាន​ពាន​ដោយ​ចេតនា៕