រាជធានីភ្នំពេញ ៖ បើទោះបីជាបច្ចុប្បន្នផលិតករខិតខំពង្រឹងគុណភាពភាពយន្តឲ្យកាន់តែប្រសើរឡើងក៏ដោយ ទស្សនិកជាច្រើននៅតែយល់ថា ភាពយន្តខ្មែរមើលមិនកើតដដែល ។
កាលពីអំឡុងពេលជាង២០ឆ្នាំមុន ក្នុងពេលដែលខ្សែភាពយន្តខ្មែរធ្លាក់ចុះខ្លាំងនោះ មានស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួនតូចបាននាំយកខ្សែភាពយន្តថៃបញ្ចាំងជូនទស្សនិកជនទស្សនា ។ ពេលនោះហើយដែលធ្វើឲ្យខ្សែភាពយន្តថៃដក់ជាប់អារម្មណ៍ទស្សនិកជនខ្មែរ ជាហេតុធ្វើឲ្យទស្សនិកខ្មែរភាគច្រើនងាកមកចាប់អារម្មណ៍តែខ្សែភាពយន្តថៃ ជាជាងទស្សនាភាពយន្តខ្មែរ ។
មូលហេតុចម្បង និងសំខាន់បំផុតដែលនាំឲ្យទស្សនិកជនខ្មែរភាគច្រើនបង្អាប់ និងមិនចង់ទស្សនាភាពយន្តខ្មែរ ដោយសារផលិតករមួយចំនួននាពេលកន្លងទៅបានផលិតរឿងមិនសូវមានគុណភាព អាចនិយាយបានថាផលិតឲ្យតែរួចពីដៃ ។ ចំណុចនេះហើយដែលនាំឲ្យអារម្មណ៍ទស្សនិកជនដក់ជាប់រហូតដល់បច្ចុប្បន្ន មិនចង់មើលរឿងខ្មែរ បើទោះបីជាមានអ្នកខ្លះមិនទាន់បានមើលផង ក៏មានអារម្មណ៍ និងវាយតម្លៃពីរឿងកុនខ្មែរថាមិនល្អទៅហើយ ។
កម្មការិនីធ្វើការនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញកញ្ញាសុភ័ក្រ បានលើកឡើងកាលពីពេល ថ្មីៗកន្លងមកថា តាំងពីដើមមកនាងចូលចិត្តមើលរឿងថៃ ជាងរឿងខ្មែរ ព្រោះរឿងថៃមើលទៅតួសម្តែងសម និងមានសាច់រឿងល្អមើល ។ រឿងខ្មែរមិនមែនមិនមើលទាំងអស់ទេ ពោលក៏មានមើលខ្លះដែរ ប៉ុន្តែភាគច្រើនគឺមើលរឿងថៃ ព្រោះវាជាចំណូលចិត្ត ហើយណាមួយមិត្តភក្តិក៏គេចូលចិត្តមើលដូចគ្នា ។
បើតាមកញ្ញាសុភក្តិ មូលហេតុដែលនាងមិនចង់មើលរឿងខ្មែរ ដោយសារតែភាគច្រើនគឺមិនសូវល្អមើល បើទោះបីជាមានតួខ្លះ ស្អាតៗមិនចាញ់តួថៃក៏ដោយ ។ រឿងខ្មែរទាំងតួសម្តែង និងសាច់រឿងគឺមិនសូវសម និងល្អមើលឡើយ ទើបធ្វើឲ្យនាងហាក់មិនមានអារម្មណ៍ចង់ទស្សនាឡើយ ដោយចាប់អារម្មណ៍តែរឿងថៃប៉ុណ្ណោះ ។
ធ្វើការនៅក្រុមហ៊ុនឯកជនមួយកញ្ញាស្រីឡែន អះអាងថា ខ្សែភាពយន្តខ្មែរមួយចំនួនក៏នាងចូលចិត្តមើលដែរ ប៉ុន្តែនាងចង់មើលរឿងដែលមានការបញ្ចូលសំឡេង ជាងរឿងដែលយកសំឡេងដើម ។ ពេលខ្លះសាច់រឿង និងតួសម្តែងសក្តិសម ប៉ុន្តែបើនិយាយផ្ទាល់នោះវាហាក់បាត់រសជាតិ ព្រោះវាមិនពីរោះ ហើយអ្នកមើលក៏ពិបាកទទួលយកបានដែរ ។ រឿងខ្លះដំណើររឿងល្អហើយ ប៉ុន្តែសំឡេងវិញគឺមិនល្អ ហើយកត្តានេះវាមិនអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនាឡើយ ។
កញ្ញាស្រីឡែន បានលើកឡើងថា ខុសប្លែកពីរឿងថៃ កូរ៉េ ឥណ្ឌា ដែលមានការបញ្ចូលសំឡេងយ៉ាងពីរោះ បូករួមជាមួយសាច់រឿងមានភាពប្រទាក់ក្រឡាគ្នាផងនោះធ្វើឲ្យទាំងនាង និងទស្សនិកជនមួយចំនួនទៀតចូលចិត្តតាមដានទស្សនា ។
ដោយឡែកសម្រាប់តារាសម្តែងស្រគត់ស្រគំកញ្ញាមាស សម្ជស្ស បានយល់ស្របទៅនឹងការលើកឡើងពីមហាជនមួយចំនួនចំពោះបញ្ហានោះ ប៉ុន្តែនាងលើកឡើងថា ការយល់ឃើញនេះដោយសារពួកគាត់មិនបានដឹងពីផលលំបាក និងទុននៃការធ្វើរឿងខ្មែរ។ កុនខ្មែរនៅមានកម្រិតដោយសារតែការវិនិយោគនោះគឺមិនទាន់គ្រប់គ្រាន់ ។ បើនិយាយពីតួសម្តែងសូម្បីតែនាងផ្ទាល់ពេលខ្លះក៏មានចំណុចខ្វះខាតដែរ បើប្រៀបធៀបជាមួយតួសម្តែងនៅប្រទេសជិតខាង ។
បើតាមមាស សម្ជស្ស សម្រាប់ទស្សនៈនាងផ្ទាល់ បើសិនជាចង់ផ្លាស់ប្តូរគំនិតអ្នកទស្សនានោះ ខាងផលិតករ បើអាចគួរតែមានអ្វីដែលថ្មីបូកជាមួយនឹងគំនិតឆ្នៃប្រឌិត ជាពិសេសការសម្តែងតែម្តង ។
កញ្ញាមាស សម្ផស្ស យល់ថា បច្ចុប្បន្ននេះកុនខ្មែររីកលូតលាស់ច្រើនទាំងកុនភាគ និងកុនដុំ ដូច្នេះនាងស្នើឲ្យទស្សនិកជនចូលរួមទស្សនា ដោយកុំប្រៀបធៀបកុនខ្មែរទៅកុនបរទេស ព្រោះគេជឿនលឿនជាងយើង ។
ទោះជាយ៉ាងណាចំពោះការលើកឡើងពីមតិមហាជនចំពោះកុនខ្មែរនោះ ផលិតករពីររូបបានស្នើសុំឲ្យទស្សនិកផ្លាស់ប្តូរផ្នត់គំនិតចាស់ ខណៈពេលដែលគ្រប់ផលិតករទាំងអស់បាន និងកំពុងតែខិតខំអស់ពីសមត្ថភាពដើម្បីផលិតកុនខ្មែរឲ្យមានគុណភាព និងអាចទទួលយកបាន បើទោះបីជាពេលខ្លះវាមានការលំបាកយ៉ាងណាក៏ដោយ ។
ជាផលិតកររឿង«ក្រមុំឆ្នាសប៉ះមេស្រុកឆ្នើម »លោកមុត ថារី លើកឡើងថា «ចំពោះទស្សនិកជនមួយចំនួនដែលថាកុនខ្មែរមិនល្អដូចកុនបរទេសនោះ សូមឲ្យពួកគាត់បើកចិត្តទូលាយឡើងវិញ ។ បើពួកគាត់យល់ថាកុនខ្មែរមិនល្អនោះ តើពួកគាត់ទាំងនោះបានមើលហើយឬនៅ ព្រោះច្រើនតែនិយាយថា មិនមើលទេកុនខ្មែរ ព្រោះមិនល្អ ទាំងខ្លួនគាត់មិនទាន់បានមើលផង ។ បើពួកគាត់យកកុនខ្មែរទៅប្រៀបធៀបកុនបរទេសនោះ សួរថាចំនួនប្រជាជនគេប៉ុន្មាន ធនធានមនុស្សរបស់គេមានប៉ុន្មាន ហើយការវិនិយោគផលិតកុន មួយៗគេអស់ប៉ុន្មាន ទើបគេធ្វើបានល្អជាងយើង ។
បើក្រឡែកមើលបច្ចុប្បន្ន ស្ទើរតែគ្រប់បណ្តាស្ថានីយទូរទស្សន៍នៅក្នុងស្រុកបានខិតខំផលិតរឿងខ្មែរចាក់បញ្ចាំងជាបន្តបន្ទាប់ ហើយក្នុងនោះទៀតសោតមានក្រុមហ៊ុនមិនក្រោមពី៣ទៅ៤ក្រុមហ៊ុនទេ ដែលបានផលិតកុនខ្មែរឲ្យស្ថានីយទូរទស្សន៍ទាំងនោះ ។ ដោយសារបញ្ហាទាំងអស់នេះហើយទាំងអ្នកដឹកនាំ និងតូសម្តែងស្ទើរតែគ្មានពេលសម្រាក ដូច្នេះហើយបើកុនខ្មែរមិនមានការគាំទ្រ តើមានរឿងហ្នឹងកើតឡើងទេ ហើយបើយើងផលិតមិនល្អ មិនមានការជួយឧបត្ថម្ភ និងគាំទ្រ តើម្ចាស់ស្ថានីយទូរទស្សន៍គេឲ្យយើងផលិតទៀតទេ »។
ឈរលើបញ្ហានេះលោកមុត ថារី បានស្នើសុំឲ្យទស្សនិកជនខ្មែរបើកចិត្តឲ្យទូលាយឡើងវិញ កុំមានទស្សនៈកុនខ្មែរមិនល្អទាំងអស់នោះ ។
ចំណែកអ្នកដឹកនាំរឿងជើងចាស់លោកជា ឈឹម បានទទួលស្គាល់ថា «មានទស្សនិកជនខ្មែរមួយចំនួនគាត់នៅមានទស្សនៈថាកុនខ្មែរមើលមិនកើតមែន ដោយសារតែពេលខ្លះគាត់មិនទាំងបានមើលផង គ្រាន់តែលឺរឿងខ្មែរគាត់បិទចោលតែម្តង ។ ប្រសិនបើពួកគាត់ទាំងនោះបានទស្សនាកុនខ្មែរពីមួយភាគទៅមួយភាគ នោះគាត់ក៏អាចទទួលស្គាល់បានដែរ ប៉ុន្តែបើប្រៀបធៀបទៅនឹងកុនថៃគឺមួយចំនួនយើងមិនអាចដល់គេមែន ដោយសារការចំណាយរបស់យើងនៅមានកម្រិតនៅឡើយ ។
ទស្សនិកជនខ្លះតែងតែយកកុនខ្មែរទៅប្រៀបធៀបជាមួយកុនថៃ តែយើងមិនដឹងថា កុនថៃមួយភាគគេចំណាយខ្ទង់ម៉ឺនដុល្លារ ចំណែកឯកុនខ្មែរមួយភាគយើងចំណាយតែ២ទៅ៣ពាន់ដុល្លារប៉ុណ្ណោះ ។ យ៉ាងណាការចំណាយនេះផលិតករខ្មែរយើងនៅតែអាចធ្វើបាន បើទោះបីជាពេលខ្លះយើងធ្វើបានល្អឬមិនល្អក៏ដោយ ប៉ុន្តែប្រសិនបើថៃមួយភាគចំណាយដូចយើងនោះ គឺពួកគេមិនអាចធ្វើបានដូចយើងផង »។
លោកជា ឈឹម លោកសូមឲ្យទស្សនិកជនងាកមកមើលកុនខ្មែរ ហើយនាំគ្នាវិភាគដោយខ្លួនឯង ចៀសវាងយកទៅប្រៀបធៀបជាមួយកុនបរទេស ព្រោះបច្ចុប្បន្នយើងអាចផលិតបានត្រឹមទស្សនិកជនក្នុងស្រុកប៉ុណ្ណោះ មុននឹងឈានដល់ការប្រកួតប្រជែងជាមួយកុននៅក្នុងតំបន់នាពេលអនាគត ៕
ចែករំលែកព័តមាននេះ