ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់ពីមានការឈូសឆាយដីព្រៃលិចទឹកនៅតំបន់សេះស្លាប់ សិ្ថតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កាលពីពេលកន្លងទៅនេះ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះ លោក សោម ភិរុណ នាយខណ្ឌររដ្ឋបាលជលផល បានដឹកនាំមន្ត្រីជំនាញសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ បានចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីវាស់វែងរកទំហំផ្ទៃដីព្រៃលិចទឹក ដែលរងការកឈូសឆាយបំផ្លាញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ដែលប្រព្រឹត្តដោយជនខិលខូចបានយកត្រាក់ទ័រចំនួនពីរគ្រឿងទៅឈូសឆាយនៅតំបន់នោះ ហើយត្រូវបានកងរាជអាវុធហត្ថប្រចាំឃុំឆ្នុកទ្រូ រួមនឹងអាជ្ញាធរមូលដ្ឋានចាប់យកបញ្ជូនខ្លួន និងរក្សាទុកនៅកងរាជអាវុធហត្ថស្រុកបរិបូរណ៌ ស្រាប់តែមួយថ្ងៃនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូរណ៌ បានដោះលែងត្រាក់ទ័រទាំង២គ្រឿងនោះត្រលប់ទៅវិញ ដោយប្រាប់ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ជាអ្នកឲ្យដោះលែង ធ្វើឲ្យអាជ្ញាធរមូលដ្ឋានភូមិឃុំ និងស្រុកបានប្រតិកម្មជាខ្លាំងជុំវិញការដោះលែងត្រាក់ទ័រទាំងពីរគ្រឿងនេះ ។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បាននិយាយដឹងថា ជុំវិញការលួចឈូសឆាយព្រៃលិចទឹកនៅតំបន់នេះ លោកបានស្នើសុំគោលការព្រះរាជអាជ្ញារួចហើយ ប៉ុន្តែមិនទាន់ទទួលបានគោលការយ៉ាងណានៅឡើយទេ ពេលនេះលោកបានចុះមកពិនិត្យវាស់វែងលើផ្ទៃដីដែលបានខូចខាត ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវរកជនដៃដល់ ដើម្បីកសាងសំណុំរឿងទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ។ ជាមួយគ្នានេះ យើងបានដាក់ស្លាកសញ្ញាហាមឃាត់ការកាប់ទន្ទ្រានព្រៃលិចទឹកនៅតំបន់នេះបន្ថែមទៀត ។ ជាមួយគ្នានេះផងដែរ លោកបានអំពាវនាវដល់បងប្អូនប្អូនប្រជាពលរដ្ឋ និងប្រជាការពារ ត្រូវយល់ដឹងពីសារៈប្រយោជន៍នៃព្រៃលិចទឹក ដោយត្រួវចូលរួមថែរក្សាទាំងអស់គ្នា ដោយត្រូវទប់ស្កាត់ការរុករានកាប់ឆ្កាព្រៃលិចទឹក ព្រោះព្រៃលិចទឹក ជាប្រភពធនធានយ៉ាងសំខាន់ខ្លាំងណាស់ សម្រាប់ត្រីពងកូន និងម្យ៉ាងវិញទៀតវាជាទ្រព្យសម្បត្តិជាតិ វាមិនមែនរបស់នរណាម្នាក់នោះទេ ។
ជាមួយគ្នានេះដែរ លោក ភី ចាន់ណា ប្រជាការពារឃុំខុនរ៉ង ដែលបានចូលរួម ក្នុងការដាក់ស្លាកការពារព្រៃលិចទឹកនៅតំបន់នោះ លោកបានសម្ដែងការសោកស្តាយថា អ្នកមានលុយ មានបក្ខពួក ខ្នងបង្អែកទើបមានលទ្ឋភាពជួលត្រាក់ទ័រមកឈូសឆាយយកដីព្រៃលិចទឹកបាន ដូចឃើញស្រាប់មកឈួសឆាយយកដីព្រៃលិចទឹក ពេលចាប់បានមិនបានមួយថ្ងៃផង ដោះលែងបាត់សួរថា ការដោះលែងនេះ អ្នកណាជាអ្នកប្រឈម គឺប្រជាការពារសមត្ថកិច្ចមូលដ្ឋាន រួមនិងអាជ្ញាធរមូលដ្ឋាន ដែលប្រឈមនឹងការសើចចំអកឡកលើយពីអ្នកប្រព្រឹត្តបទល្មើស ៕
ចែករំលែកព័តមាននេះ