ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ រថយន្ត​​​គ្មាន​អ្នកបើកបរ​នៅ​មិន​ទាន់​មាន​សុវត្ថិភាព

6 ឆ្នាំ មុន

លោកស្រី Mary Cummings សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ Duke University Pratt School of Engineering…

លោកស្រី Mary Cummings សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ Duke University Pratt School of Engineering និង​ជា​នាយក​មន្ទីរពិសោធន៍​មនុស្ស​និង​ភាព​ស្វយ័ត និយាយ​ថា រថយន្ត​ប្រើ​បច្ចេកវិទ្យា​គ្មាន​អ្នកបើកបរ ត្រូវ​តែ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ស្តង់ដា​អាច​ទទួល​យក​បាន​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​បើកបរ​នៅ​លើ​ផ្លូវ ។

លោកស្រី Cummings បាន​ប្រាប់ CNBC នៅ​ថ្ងៃអាទិត្យ​ថា ៖« អ្នក​មិន​អាច​ទៅ​អាកាស​យាន​ដ្ឋាន និង​ហោះហើរ​ក្នុង​យន្តហោះ មាន​ប្រព័ន្ធ​ចុះ​ចត​ស្វ័យប្រវត្តិ​ថ្មី ដែល​មិន​បាន​សាកល្បង​ជា​មុន​ទេ » ។

លោកស្រី​បន្ត​ថា ការ​ធ្វើតេស្ត​តែ​ម្យ៉ាង​ដូច​ៗ​គ្នា​ទៅ​លើ​រថយន្ត​គ្មាន​អ្នកបើកបរ គឺជា​ការ​អនុ​វត្ត​មួយ​ដែល​គ្មាន​សុវត្ថិភាព និង​មាន​ចន្លោះ​ប្រហោង​ច្រើន ។ លោកស្រី​ថា ៖« ខ្ញុំ​បាន​លើក​ឡើងជា​ច្រើន​លើក​ហើយ​ថា រថយន្ត​ប្រើ​បច្ចេកវិទ្យា​គ្មាន​មនុស្ស គួរតែ​ធ្វើតេស្ត​លើ​កាមេរ៉ា​រថយន្ត​ជា​មុន ។ តែ​អ្វី​ដែល​ខ្ញុំ​មិន​គាំទ្រ គឺ​ការ​ធ្វើតេស្ត​នៅ​លើ​ផ្លូវ​ពិត​ៗ ហើយ​យក​មនុស្ស​មក​ធ្វើតេស្ត » ។

កាលពី​ថ្ងៃ​ចន្ទ រថយន្ត​គ្មាន​អ្នកបើកបរ​របស់ Uber បាន​បុក​ស្ត្រី​ម្នាក់​អាយុ​៤៩​ឆ្នាំ ស្លាប់​នៅ​ផ្លូវ​ក្នុង​ទីក្រុង Tempe រដ្ឋ​អា​រី​ហ្សូ​ណា ។ ហេតុនេះ Uber បាន​សម្រេចចិត្ត​ផ្អាក​ការ​ធ្វើ​តេស្ត​​របស់​ខ្លួន​នៅ​គ្រប់​ទីកន្លែង ។

ប៉ុន្តែ​លោក Jim Scheinman ដៃគូ​គ្រប់គ្រង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​លើ​ទូរស័ព្ទ​ចល័ត និង​អ៊ីន​ធើ​រ​ណេ​ត Maven Ventures និយាយ​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ នឹង​ជួយ​ឲ្យ​សង្គម​យើង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ លោក​ថា ៖« មនុស្ស​មួយ​ចំនួន​ដែល​មិន​អាច​បើកបរ​រថយន្ត​បាន ដូច​ជា ជន​ពិការ​ភ្នែក និង​មនុស្ស​ចាស់ នឹង​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ » ។

លោក Bob Lutz អតីត​អនុប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក General Motors បាន​ឯកភាព​លើ​ចំណុច​ដែល​ថា រថយន្ត​ប្រើប្រាស់​បច្ចេកវិទ្យា​គ្មាន​អ្នកបើកបរ គឺ​មិន​ទាន់​មាន​សុវត្ថិភាព​លើ​ផ្លូវថ្នល់​នៅឡើយ ។ ប្រសិនបើ​បច្ចេកវិទ្យា​នេះ​វិវត្តន៍​ទៅ​មុខ​កាន់តែ​ប្រសើរ វា​នឹង​អាច​ជួយ​ការពារ​មិន​ឲ្យ​មានការ​បុក​ស្លាប់​ដោយ​ការ​ធ្វេសប្រហែស​របស់​អ្នក​បើកបរ​ជា​មនុស្ស ។ លោក​ថា ៖« តៃកុង​ជា​មនុស្ស​ងាយ​នឹង​បែក​អារម្មណ៍ តែ​សម្រាប់​បច្ចេក​វិទ្យា​ស្វ័យប្រវត្តិ​របស់​រថយន្ត​វិញ វា​មិន​ចេះ​បែក​អារម្មណ៍​ឡើយ » ។

លោក​នៅ​តែ​ជឿជាក់​ថា ទោះបីជា​បច្ចេកវិទ្យា​នេះ​មាន​ចន្លោះ​ប្រហោង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ក្តី ប៉ុន្តែ​ចំនួន​នេះ​នៅ​តិច​ជាង​ការ​ស្លាប់​ដែល​បង្ក​ឡើង​ដោយសារ​អ្នកបើកបរ​ជា​មនុស្ស​ដែរ ។

តើ​អ្នក​គិត​យ៉ាងណា​ចំពោះ​បច្ចេកវិទ្យា​ថ្មី​នេះ? តើ​អ្នក​ហ៊ាន​ជិះ​នៅ​ក្នុង​រថយន្ត​ប្រភេទ​នេះ​ឬទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ