ខេត្តពោធិ៍សាត់ ៖ ផ្លូវជាតិលេខ៥៥ពីទីរួមខេត្តពោធិ៍សាត់ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា ថៃ ឃុំថ្មដាស្រុកវាលវែង ដែលបានបើកការដ្ឋានស្ថាបនាកាលពីខែឧសភា ឆ្នាំ២០១៥ ដោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតចិនកន្លងមកនេះ បាននឹងកំពុងតែស្ថាបនាដោយក្រុមហ៊ុនចិន មកដល់ពេលនេះសម្រេចបានប្រមាណ៩៥%ហើយ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ខាងមុខ ។
ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវចូលអ្នកតាឃ្លាំងមឿងក្រុងពោធិ៍សាត់ ឆ្លងកាត់ស្រុកភ្នំក្រវាញឆ្ពោះទៅកាន់ឃុំថ្មដាស្រុកវាលវែងតភ្ជាប់ទៅខេត្តត្រាត ប្រទេសថៃ ដែលមានប្រវែងជាង១៨០គីឡូម៉ែត្រ ។
ផ្លូវជាតិលេខ៥៥ដែលកំពុងស្ថាបនានេះក្រោមការផ្ដល់ជំនួយមូលនិធិពីរដ្ឋាភិបាលចិនតាមរយៈកិច្ចផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (One Belt One Road) ដែលត្រូវចំណាយថវិការជាង១០០លានដុល្លារ ។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងបញ្ជាក់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ អំពីគម្រោងទាំង០៧ដែលនឹងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងអំឡុងឆ្នាំ២០១៨ ៕
ចែករំលែកព័តមាននេះ