រាជធានីភ្នំពេញ ៖ សុវត្ថិភាពម្ហូបអាហារគឺជាក្ដីកង្វល់មួយយ៉ាងធំដែលដក់ជាប់ក្នុងក្រឳបេះដូងរបស់ប្រជាពលរដ្ឋខ្មែរយូរមកហើយ ដោយសារបន្លែ ត្រី សាច់ ដែលលក់នៅតាមផ្សារបច្ចុប្បន្ន មិនមានប្រភពច្បាស់លាស់ និងភាគច្រើនបាននាំចូលពីប្រទេសជិតខាងរាប់រយតោនក្នុង១ថ្ងៃៗ ខណៈការផ្គត់ផ្គង់បន្លែក្នុងស្រុកនៅមានចំនួនតិច មិនអាចឆ្លើយតបនឹងតម្រូវការ។
អ្នកស្រី រស់ ស្រីមុំ ជាអ្នកភ្នំពេញបានប្រាប់កោះសន្តិភាពថា បច្ចុប្បន្ននេះ អ្នកទទួលទានអាហារមិនអាចជៀសផុតពីរឿងគីមីនោះទេ ព្រោះវាពិបាកសម្គាល់ថាបន្លែដែលលក់នៅតាមផ្សារមួយណាជាបន្លែសរីរាង្គ មួយណាជាបន្លែគីមីណាស់ ។
អ្នកស្រីនិយាយថា ៖« អ្នកណាក៏ចង់មានសុខភាពល្អ និងមិនចង់បរិភោគអាហារដែលមានជាតិគីមីដែរ តែយើងជៀសវាមិនផុតទេ ព្រោះបន្លែដែលលក់នៅផ្សាររាល់ថ្ងៃនេះភាគច្រើនគឺសុទ្ធតែនាំចូលពីប្រទេសជិតខាង ពិសេសគឺវៀតណាម ហើយយើងពិបាកសម្គាល់ថា មួយណាជាបន្លែសរីរាង្គ និងមួយណាជាបន្លែនាំចូលណាស់ »។
អ្នកស្រីបន្ដថា ៖« បើចង់ទិញបន្លែសរីរាង្គ ភាគច្រើនគេទៅទិញនៅផ្សារទំនើបៗ តែក៏មិនប្រាកដថាវាជាបន្លែសរីរាង្គពិតប្រាកដដែរ ដោយសារតែពុំមានអ្វីបញ្ជាក់ពីប្រភពដើមច្បាស់ លាស់ »។ ម្ចាស់ចម្ការដាំបន្លែនៅខេត្តកណ្តាល លោក ឆែ ប៊ុនសែ បានប្រាប់ថា ក្នុងនាមជាអ្នកដាំ គឺត្រូវដើរតាមអ្នកបរិភោគ ។ មានន័យថា បើអ្នកហូបចូលចិត្តបែបណា គឺដាំតម្រូវតាមបែបនោះ។
លោកថា ៖« ពីមុនអ្នកបរិភោគគាត់មិនសូវចាប់អារម្មណ៍នឹងបន្លែសរីរាង្គទេ ឲ្យតែមើលទៅល្អ និងធូរថ្លៃ ជាជម្រើសរបស់គាត់ ។ តែឥឡូវ អ្នកទទួលទានមានការប្រែប្រួលច្រើន ដោយឃើញម្នាក់ៗសួររកតែបន្លែសរីរាង្គ ។ ដូច្នេះ ក្នុងនាមយើងជាអ្នកដាំ គឺត្រូវតែដើរតាមអ្នកទិញជានិច្ច ហើយការដាំបន្លែសរីរាង្គ ក៏លក់បានថ្លៃដែរដែលជាកម្លាំងចិត្តមួយសម្រាប់កសិករផ្សេងទៀត ឲ្យងាកមករកដាំបន្លែបែបនេះ »។
ទោះបីបន្លែសរីរាង្គកំពុងទទួលបានការគាំទ្រ ប៉ុន្តែបញ្ហាប្រឈមនៅតែកើតមាន ហើយរាជរដ្ឋាភិបាលកំពុងតែមានគម្រោងជំរុញ និងអនុម័តបន្លែសរីរាង្គសម្រាប់ការផលិត និងដាក់ក្នុងទីផ្សារបន្លែអនុវត្តកសិកម្មល្អផងដែរ ។ ថ្លែងប្រាប់កោះសន្តិភាព ថ្ងៃទី១៥ មីនា កន្លងទៅ លោកបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បន្លែដែលអនុវត្តតាមបែបកសិកម្មគឺជាបន្លែសុវត្ថិភាពដែលមានស្តង់ដាត្រឹមត្រូវទទួលស្គាល់ពីរាជរដ្ឋាភិបាល ។ ក្នុងនោះ បន្លែសរីរាង្គរដ្ឋាភិបាលកំពុងមានគម្រោងជំរុញឲ្យដាក់ក្នុងស្តង់ដាជាតិ ។
លោកថ្លែងថា ៖« បន្លែដែលអនុវត្តកសិកម្មល្អ គឺស្ថិតនៅក្នុងបន្លែសុវត្ថិភាព ហើយបន្លែសរីរាង្គក៏ជាបន្លែសុវត្ថិភាពដែរ គ្រាន់តែថាមកដល់ពេលនេះ បន្លែសរីរាង្គអត់ទាន់មានស្តង់ដាជាតិនៅឡើយ ហើយរាជរដ្ឋាភិបាលកំពុងតែមានគម្រោងជំរុញ និងអនុម័តបន្លែសរីរាង្គសម្រាប់ការផលិត និងដាក់ក្នុងទីផ្សារបន្លែអនុវត្តកសិកម្មល្អ ។ តែយ៉ាងណា ក៏ត្រូវមានការនាំចូលពីក្រៅដែរ ដោយសារផ្ទៃដីដែលដាំដុះមួយចំនួនស្ថិតនៅតំបន់ទឹកលិចដែលធ្វើឲ្យបរិមាណនៃការផ្គត់ផ្គង់បន្លែក្នុងស្រុកមានកម្រិត »។
« ដូចច្នេះ ទាំងកសិករ និងអ្នកទទួលទានត្រូវចូលរួមទាំងអស់គ្នា ជួយគាំទ្រផលិតកម្មក្នុងស្រុក និងផ្ដល់តម្លៃបន្ថែមដល់បន្លែសុវត្ថិភាព ឬសរីរាង្គបន្ថែមទៀត ព្រោះបើកាលណាប្រជាកសិករគាត់ខំដាំ ទាំងដែលទិន្នផលទទួលបានទាប ហើយអ្នកទិញមិនហ៊ានឲ្យតម្លៃខ្ពស់ជាងបន្លែធម្មតា អីចឹងផលិតកម្មក្នុងស្រុកមិនអាចរីកលូតលាស់បានទេ » ។ នេះបើតាមលោកអគ្គនាយកដ្ឋានកសិកម្ម ។
លោកបណ្ឌិត យ៉ង សាំងកុមារ ដែលមានបទពិសោធន៍ខាងបន្លែតាំងពីឆ្នាំ១៩៩៥ មក យល់ឃើញថា កម្ពុជាអាចមានលទ្ធភាពផលិតបន្លែល្អសម្រាប់បំពេញតម្រូវការក្នុងស្រុកជំនួសការនាំចូល និងឈានទៅដល់ការនាំចេញទៀតផង ។ លោកបានថ្លែងបែបនេះនៅក្នុងគេហទំព័ររបស់លោកដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ មីនា កន្លងមក ។
លោកបណ្ឌិតបន្ដថា ៖« បញ្ហាសុវត្ថិភាពចំណីអាហារ ជាពិសេសបញ្ហាទាក់ទង«បន្លែគីមី» និងការកើនឡើងលើការនាំចូលបន្លែពីប្រទេសវៀតណាម កំពុងក្លាយជាប្រធានបទសំខាន់មួយក្នុងសង្គមខ្មែរ ។ ដើម្បីឆ្លើយតបទៅនឹងការតិះទៀន និងរអ៊ូរទាំពីប្រជាពលរដ្ឋជាច្រើន រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការដឹកនាំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានចំណីអាហារប្រកបដោយសុវត្ថិភាព ដោយរាប់បញ្ចូលទាំងបន្លែផង »៕
ចែករំលែកព័តមាននេះ