ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រមាណជាង៤០នាក់ នៅក្នុងភូមិចំនួន៣ គឺភូមិកំពង់ត្រឡាច ភូមិព្រែកគន្លង និងភូមិសំរិតជ័យ ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ បាននាំក្រុមអ្នកកាសែត ទៅចង្អុលបង្ហាញទីតាំងផ្នូរបូរាណ តាំងពីសង្គមចាស់មួយកន្លែង នៅក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ។
ដោយបានបញ្ជាក់ថា លោកមេឃុំកំពង់ត្រឡាចបានចុះហត្ថលេខាទទួលស្គាល់ការលក់ទិញដីមួយកន្លែងរបស់ប្រជាពលរដ្ឋ២គ្រួសារ នៅក្នុងដីទីទួលបញ្ចុះសពនេះ ដែលមានតាំងពីបុរាណកាលមក ។ ដែលពួកគាត់សុំទុកដីនេះជាសម្បត្តិរួមក្នុងឃុំ សម្រាប់ ទុកឲ្យប្រជាពលរដ្ឋគោរពបូជាផ្នូរដូនតា និងសម្រាប់បញ្ចុះសពសាច់ញាតិជាបន្តទៀត ។
លោកយោគស្លេះ ជាប្រធានសហគមន៍នេសាទ ឃុំកំពង់ត្រឡាចបានឲ្យដឹងថា ៖ លោកកើតមកបានដឹងថា ដីទួលបញ្ចុះសពជាង២ហិកតានេះ គឺជាកន្លែងបញ្ចុះសពដូនតាខ្មែរ -ខ្មែរឥស្លាម និងម៉ុងចិនតាំងពីបុរាណកាលមក តែភាគច្រើនជាផ្នូរដូនតាខ្មែរឥស្លាមរាប់ពាន់ផ្នូរ ។ ប៉ុន្តែក្នុងពេលថ្មីៗនេះ មានបុរស ឈ្មោះ គង់ តន និង លឹម មុំ ជាប្រពន្ធមកសង់ផ្ទះរស់នៅលើដីទួលនេះដោយបានគាស់ផ្នូរបូរាណអស់ជាច្រើនកន្លែង ហើយនៅពេលពួកគាត់ស្រាវជ្រាវទៅទើបដឹងថា ឈ្មោះ រ៉េន សាម៉ុន ជាប្តី និងឈ្មោះ ជា សារឿន ជាប្រពន្ធ នៅភូមិអ្នកតាហាង ជាបានលក់ដីនេះមានទំហំ៥០៣,១២ម៉ែត្រការ៉េ ក្នុងតម្លៃ១២០០ដុល្លា ទៅឲ្យប្តីប្រពន្ធ២នាក់ ខាងលើ មកពីខេត្តកំពង់ចាម ដោយមានលិខិតលក់ទិញចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ និងមានចុះហត្ថលេខាទទួលស្គាល់ការលក់ទិញរបស់លោកម៉ី ពិន ប្រធានភូមិអ្នកតាហាង និងហត្ថលេខា លោក យូ ប៉ាសារួន ជាមេឃុំកំពង់ត្រឡាច ។
លោកស្លេះ អូស្មាន ជាប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ត្រឡាចបានសំណូមពរដល់អាជ្ញាធរ ស្រុក- ខេត្ត ពិសេសសម្តេចតេជោ ហ៊ុន សែន សូមមេត្តាជួយដោះស្រាយឲ្យអ្នកទិញដីនេះ រុះរើផ្ទះចេញពីទីទួលបញ្ចុះសពបុរាណនេះវិញ ដើម្បីទុកឲ្យកូនចៅអ្នកស្លាប់គោរពបូជា និងទុកដីទួលនេះសំរាប់បញ្ចុះសពប្រជាពលរដ្ឋនៅក្នុងឃុំជាបន្តទៀត ។ ព្រោះថា ដីលំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងភូមិទាំង៣ខាងលើ នៅខែវស្សាត្រូវទឹកទន្លេលិចអស់ បើមានអ្នកស្លាប់គ្មានដីសម្រាប់បញ្ចុះសពឡើយ ។
ទាក់ទង និងរឿងនេះដែរ លោក យូ ប៉ាសារួន មេឃុំកំពង់ត្រឡាច យើងមិនអាចសុំការបំភ្លឺបានទេ តែលោកធ្លាប់បានប្រាប់ប្រជាពលរដ្ឋថា ៖ លោកពិតជាបានចុះហត្ថលេខាលើលិខិតលក់ទិញមែន ដោយសារតែមានហត្ថលេខារបស់លោកមេភូមិអ្នកតាហាងជាសេនាធិការឲ្យឃុំ ។ ចំណែកដីចំណុចផ្ទះនេះទំហំ២០ម៉ែត្រគុណ និង១៥ម៉ែត្រ ពីមុនមកសុទ្ធតែជាគុម្ពឬស្សីព្រៃ មិនមានផ្នូរបញ្ចុះសពទេ ដែលម្ចាស់ដើមគាត់បានកាប់គាស់ និងសុំកាន់កាប់ ៕
ចែករំលែកព័តមាននេះ