ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​វប្បធម៌​ចាត់ទុកជា​ការ​បំពុល​រឿង​ឡាវ ចង់​ដាក់​ចង្វាក់​រាំវង់​ជា​បេតិកភណ្ឌ​ពិភពលោក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា បាន​អះអាង​ថា ការ​ផ្សាយ​ព័ត៌មាន​ថា​ប្រទេស​ឡាវ​បាន​យករ​ចង្វាក់​រាំវង់​ខ្មែរ​ចូល​ជា​បេ​តិ​ភណ្ឌ​ពិភពលោក​នោះ គឺជា​ការ​បំពុលវប្បធម៌​មួយ​យ៉ាង​ធំ ខណៈ​ពេល​ដែល​ចង្វាក់​មួយ​នេះ​មិនមែន​មាន​តែ​ខ្មែរ​មួយ​ទេ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ថៃ នរៈ​សត្យា បាន​អះអាង​ថា ការ​ផ្សាយ​ព័ត៌មាន​ថា​ប្រទេស​ឡាវ​បាន​យករ​ចង្វាក់​រាំវង់​ខ្មែរ​ចូល​ជា​បេ​តិ​ភណ្ឌ​ពិភពលោក​នោះ គឺជា​ការ​បំពុលវប្បធម៌​មួយ​យ៉ាង​ធំ ខណៈ​ពេល​ដែល​ចង្វាក់​មួយ​នេះ​មិនមែន​មាន​តែ​ខ្មែរ​មួយ​ទេ ។

ការ​លើក​ឡើង​របស់​លោក​ថៃ នរៈ​សត្យា បន្ទាប់​ពី​គេហទំព័រ​មួយ​ចុះ​ផ្សាយ​ពាក់ព័ន្ធ​ប្រទេស​ឡាវ​យក​ចង្វាក់​រាំវង់​ចូល​ជា​បេ​តិ​ភណ្ឌ​ពិភពលោក ។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​ការ​រិះគន់​ពី​អ្នកសិល្បៈ និង​មហាជន ។ បន្ទាប់​ពី​ទទួល​​នូវ​ការ​រិះគន់​នេះ​លោក​ថៃ នរៈ​សត្យា បាន​បកស្រាយ​តាម​សារព័ត៌មាន​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​នោះ​លោក​ចាត់​ទុក​អ្នក​រិះគន់​នោះ​គឺ​មិន​បានដឹង​ច្បាស់​ពី​វប្បធម៌ ។

លោក​បញ្ជាក់​ថា «​ព័ត៌មាន​ដែល​ច្បាស់​ទៅ វា​មិន​ដែល​ឡាវ​ណា​យក​រាំវង់​ខ្មែរ​យក​ទៅ​ដាក់​ជា​បេ​តិ​ភណ្ឌ​ពិភពលោក​ទេ នេះ​ជា​បំពុល​បញ្ហា​មួយ​ដ៏​ធំ​ណាស់ ចំពោះ​អ្នក​ដែល​អះអាង​ថា​ខ្លួន​ច្បាស់លាស់​ពី​វិស័យ​វប្បធម៌​ចេះ​តែ​បំភ្លៃ​ទៅ ។ ពាក្យ​ថា​រាំវង់​គឺ​រាំវង់​ហើយ វា​មិន​ដែល​ឡាវ​ណា​យកពាក្យ​រាំវង់​យក​ទៅ​ដាក់​ជា​បេ​តិ​ភណ្ឌ​ពិភពលោក​របស់​គេ​ទេ បើ​ទោះបីជា​លោក​មិន​បានឮ​រឿង​នេះ​ដោយ​ផ្ទាល់​ត្រចៀក ប៉ុន្តែ​បាន​បង្ហាញ​ការ​គិត​ពិចារណា​​ប្រាប់​អ្នក​សារព័ត៌មាន ផ្សេង​ៗ​រួច​ហើយ »​។

បើ​តាម​លោក​ថៃ នរៈ​សត្យា ចំពោះ​អ្នក​ដែល​ចាំតែ​បន្ទោស និង​រិះគន់​គឺ​ចាំតែ​បន្ទោស​ប៉ុណ្ណោះ ទាំង​មិនដឹង​ថា ក្រសួង​កំពុង​តែ​ធ្វើ​អ្វីខ្លះ​ផង ដែល​ជា​ស្នូល​នៃ​កិច្ច​ការងារ​ផ្ទាល់​ចំពោះ​មុខ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​យើង​បាន​សម្រេច​ដោយ​ជោគ​ជ័យ​​នូវ​ការ​ដាក់​បញ្ចូល​នូវ​វប្បធម៌​ទាំង​រូបី និង​អរូបី ចូល​ជា​បេ​តិ​ភណ្ឌ​ពិភពលោក​ជា​បន្តបន្ទាប់ ។

លោក​ថៃ នរៈ​សត្យា ឲ្យ​ដឹង​បន្ថែម​ថា ចំពោះ​ចង្វាក់រាំ និង​របាំ​ប្រ​ណៃ​គឺ​មាន​ភាព​ស្រ​ដៀង​គ្នា​ទៅ​នឹង​បណ្តា​ប្រទេស​ជិតខាង គ្រាន់តែ​ក្បាច់ និង​ភាសា​ខុស​គ្នា​ប៉ុណ្ណោះ ។ អ៊ីចឹង​ចង្វាក់​​រាំវង់​ក៏​ដូច​ជា​ចង្វាក់រាំ​មួយ​ចំនួន​ទៀត​គឺ​ស្រ​ដៀង​គ្នា ដោយ​ខុស​ប្លែក​គ្នា​បន្តិចបន្តួច​និង​ការ​ហៅ​តាម​ភាសាប្រទេស នីមួយ​ៗ ហើយ​របាំ​ទាំងនោះ​វា​ឆ្លង​ពី​គ្នា ដូច្នេះ​បើ​យើង​ហួងហែង​ជា​របស់​យើង​នោះ​គឺ​វា​មិន​ត្រឹមត្រូវ​ឡើយ ខណៈ​ច្បាប់​ក៏​បាន​ចែង​ពី​វប្បធម៌ និង​អត្តសញ្ញាណ​របស់​គេ នីមួយ​ៗ​ផង​ដែរ ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ថៃ នរៈ​សត្យា ចំពោះ​និរន្តរភាព​នៃ​ចង្វាក់​ប្រពៃណី​ខ្មែរ​វិញ​នោះ គឺ​អាច​និយាយ​បាន​ថា យើង​មិន​ចាំបាច់​អភិរក្ស​អ្វី​បន្ថែម​ចំពោះ​ក្បាច់​រាំ​ទាំង​អស់​នោះ​ទៀត​ឡើយ ព្រោះ​សង្គម​យើង​បាន​អភិរក្ស​ប្រកបដោយ​ចីរភាព​រួច​ហើយ ក្នុង​ពេល​ដែល​ចង្វាក់​ដែល​ជា​ប្រពៃណី​ខ្មែរ​នោះ​គឺ​គេ​ឃើញ​កើត​មាននៅ​ក្នុង​ពិធី ធំ​ៗ និង​ពិធី​អាពាហ៍​ពិពាហ៍ គឺ​ឲ្យ​តែ​មាន​ចង្វាក់​បែប​ប្រពៃណី​ខ្មែរ​មនុស្ស​ម្នា​បាន​ដឹក​ដៃ​គ្នា​ចូល​រាំ​យ៉ាង​ត្រសង ។

ចំ​ណែ​ក​លោក​សុខ មាន ដែល​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​សិល្បៈ និង​វប្បធម៌​ម្នាក់​បាន​លើក​ឡើង​ថា «​ក្បាច់​រាំ​ទាំងនេះ​សូ​ម្បី​តែ​លោក ដែល​ជា​អ្នក​រៀបរៀង​នេះ ក៏​មានការ​ភ័ន្ត​ច្រឡំ​ដែរ​ថា គឺជា​ចង្វាក់រាំ ដែល​ខ្មែរ​យើង​ខ្លួនឯង ជា​អ្នក​បង្កើត​ឡើង ប៉ុន្តែ​ក្រោយ​ពី​បាន​ជួប និង​សាកសួរ​សាស្ត្រាចារ្យ និង​រៀមច្បង​នៅ​សាលា​វិចិត្រសិល្បៈ​មួយ​ចំនួន​មក ទើប​ដឹង​ថា ក្បាច់​រាំ​របស់​ខ្មែរ​ស្ទើរតែ​ទាំងអស់ មិនមែន​ជា​ក្បាច់​ដែល​ខ្មែរ​យើង​បង្កើត​ថ្មី​ឡើង​ទេ លើកលែងតែ​ក្បាច់​រាំ​ជា​ចង្វាក់​ក្បាច់​ចេញ ព្រោះ​ចង្វាក់រាំ​ក្បាច់​នេះ​ខ្មែរ​យើង​បាន​យក​ចេញពី​របាំ​អប្សរា មក​ច្នៃ​ឲ្យ​ទៅ​ជា​ចង្វាក់រាំ​សម្រាប់​រាំ​ក្នុង​ពិធី​ប្រពៃណី ដូច​ជា​បុណ្យ ឬ​រៀប​ការ​ជាដើម​។

ចំពោះ​ក្បាច់​រាំ​ដូច​ជា​ចង្វាក់​រាំវង់ សា​រ៉ា​វ៉ា​ន់ និង​ឡាំ​លាវ គឺ​ចាស់​ៗ​ខ្មែរ​យើង​ពី​ដើម បាន​យក​បទ​របស់​ឡាវ​(​ពី​ដើម​គេ​ហៅ​ថា​លាវ​)​នេះ​មក​ច្នៃ​ឲ្យ​ក្លា​យមក​ជា​របស់​ខ្មែរ​ទេ ។ មិនមែន​ជា​ក្បាច់​ចំ​តួ​របស់​ខ្មែរ​យើង​ឡើយ ដោយ​គ្រាន់តែ​ខ្មែរ​យើង​មានបទពិសោធន៍​អាច​កែ​ច្នៃ​របស់​គេ​ឲ្យ​ក្លាយជា​របស់​ខ្លួន​បាន ។ ខ្មែរ​យើង​ច្នៃ ល្អ​ជាង​ម្ចាស់​ដើម​(​ប្រទេស​ឡាវ​)​គេ​ទៅ​ទៀត ។ ដោយសារ​តែ​មូលហេតុ​ហ្នឹងហើយ ទើប​ចង្វាក់រាំ​របស់​ខ្មែរ​យើង​នេះ មាន​ឈ្មោះ​ថា រាំ​សា​រ៉ា​វាន់ និង​ឡាំ​ថូន ដែល​មាន​ន័យ​ថា រាំ​តាម​ស្គរ​ថូន ។

ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​មិន​អាច​ដឹង​ថា ក្បាច់ ឬ​ចង្វាក់រាំ​ទាំងនេះ ត្រូវ​បាន​កែ​ច្នៃ ឬ​បង្កើត​ឡើង​ដោយ​អ្នក​ណា នៅ​ឆ្នាំ​ណា​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ល្ខោន​ប្រ​មោ​ទ័យ ដែល​បង្កើត​ឡើង​ដោយ​លោកយាយ​ម៉ែ​ម៉ឺន ក្បាច់ ឬ​ចង្វាក់រាំ​ទាំងនេះ ប្រហែល​កើត​ក្នុង​ទសវត្សរ៍​ឆ្នាំ​៥០ ព្រោះ​លោកយាយ​ម៉ែ​ម៉ឺន មក​ធ្វើការ​បម្រើ ឬ​ធ្វើ​ជា​អ្នករបាំ​ព្រះរាជ​ទ្រព្យ តាំងពី​លោក​យាយ​នៅ​ក្មេង (​អាយុ​ប្រហែល​៧​ឆ្នាំ​) ហើយ​លោកយាយ​ម៉ែ​ម៉ឺន នេះ​ទៀត​សោត ត្រូវ​បាន​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​អះអាង​ថា គឺជា​ជនជាតិ​ឡាវ​(​លាវ​)​ទេ មិនមែន​ជា​កូន​ខ្មែរ​សុទ្ធ​ទេ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ