ខេត្តប៉ៃលិន ៖ កូនភ្នំមួយកន្លែងកំពុងទទួលរងការបាត់បង់ជាបណ្តើរៗដោយត្រូវបានឈ្មួញម្នាក់នៅក្នុងក្រុងប៉ៃលិនធ្វើសកម្មភាពយកគ្រឿងចក្រទៅជីកកកាយដឹកលក់ចែកចាយតាមភូមិរាល់ថ្ងៃ ។ តែពេលឃើញខាងសារព័ត៌មានចូលទៅសួរនាំស្រាប់តែអ្នកបើកបរទាំងរថយន្ត និងគ្រឿងចក្រគេចខ្លួនបាត់ ។ ហេតុការណ៍ក្រុមឈ្មួញលួចយកគ្រឿងចក្រទៅជីកកកាយដីកូនភ្នំលក់នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថា គេឃើញឈ្មួញម្នាក់រស់នៅក្នុងក្រុងប៉ៃលិនបានធ្វើសកម្មភាពយកគ្រឿងចក្រទៅជីកកកាយដីកូនភ្នំខាងលើដឹកលក់អស់រយៈពេលជាយូរមកហើយដោយគ្មានការហាមឃាត់ពីមន្ទីរពាក់ព័ន្ធនោះទេ ។ ប្រភពបន្តទៀតថា ពេលកំពុងតែដឹកជញ្ជូននោះខាងសារព័ត៌មានចំនួន៤ស្ថាប័នបានចុះទៅសួរនាំ ស្រាប់តែម្ចាស់គ្រឿងចក្រមិនបាននិយាយអ្វីទាំងអស់ដោយប្រញាប់បើកបរគ្រឿងចក្រឡើងលើរថយន្តធំ ហើយក៏បើកចេញពីកន្លែងជីកកកាយនោះឆ្ពោះទៅក្រុងប៉ៃលិនបាត់ស្រមោលតែម្តង ។
ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះកូនភ្នំមួយកន្លែងខាងលើត្រូវបានគេលួចជីកកកាយជារឿយៗធ្វើឱ្យទទួលរងការខូចខាត និងបាត់បង់ស្ទើរតែអស់រលីងទៅហើយដោយអ្នកខ្លះយកទៅចាក់ក្រាលធ្វើផ្លូវលំខ្លះទៀតឆ្លៀតឱកាសយកទៅលក់នៅតាមភូមិដោយសង្ស័យថា គ្មានច្បាប់ទម្លាប់អ្វីត្រឹមត្រូវនោះឡើយ ។ លើសពីនេះភ្នំជាច្រើននៅក្នុងខេត្តប៉ៃលិនដែលស្ថិតនៅក្បែរផ្លូវជាតិគេសង្កេតឃើញបាត់បង់ទំរង់ដើមដោយក្លាយទៅជាក្រហេងក្រហូង មើលមិនចុះភ្នែកអ្នកធ្វើដំណើរតាមផ្លូវនោះទេ ។
ចំណែកភ្ញៀវទេសចរក៏បានលើកឡើងថា មិនគួរអនុញ្ញាតឱ្យឈ្មួញយកគ្រឿងចក្រទៅជីកកកាយភ្នំដែលជាសម្បត្តិធម្មជាតិនោះទេ គួរតែទុកឱ្យមានដើមឈើដុះ មានទេសភាពល្អស្រស់បំព្រងដូចប្រទេសជិតខាងនោះក៏អាចធ្វើឱ្យអាកាសធាតុមានលំនឹងផងដែរ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងថា ខាងលោកអត់ដឹងរឿងថា មានគេយកគ្រឿងចក្រទៅជីកកកាយភ្នំនោះទេ ប្រហែលជាគេលួចលាក់ជីកកកាយ លុះមានមន្ត្រីបរិស្ថាន ឬអ្នកសារព័ត៌មានទៅសួរនាំនោះគេបញ្ឈប់សកម្មភាព ។ លោកបន្តទៀតថា ភ្នំខាងលើមើលទៅតូចតាចហើយនៅឆ្ងាយពីផ្លូវជាតិដែរមិនមានអ្វីប៉ះពាល់ដល់បរិស្ថាននោះទេ ៕
ចែករំលែកព័តមាននេះ